កាលណាយើងនិយាយពីសេដ្ឋកិច្ច យើងប្រាកដជាគិតដល់ផលិតកម្ម ការប្រើប្រាស់ និងការចែកចាយទំនិញផ្សេងៗក្នុងតំបន់ណាមួយ ឬប្រទេសណាមួយជាមិនខាន។ ប៉ុន្តែដើម្បីសិក្សាពីសេដ្ឋកិច្ចវិញ យើងត្រូវគិតដល់ផ្នែកពីរដ៏សំខាន់គឺ មីក្រូសេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច។
ម៉ាក្រូសេដ្ឋកិច្ច៖ ជាការសិក្សាលើដំណើរការនៃសេដ្ឋកិច្ចក្នុងរូបភាពធំ ដែលរួមបញ្ចូលទាំងអតិផរណា កំណើនសេដ្ឋកិច្ច តម្លៃនៃផលិតផល ប្រាក់ចំណូលជាតិ ភាពអត់ការងារធ្វើ និងផលិតផលក្នុងស្រុកសរុប (GDP)។ លើសពីនេះវាក៏សិក្សាលើទីផ្សារ អាជីវកម្ម និងការចំណាយនានារបស់រាជរដ្ឋាភិបាលផងដែរ។
ការសិក្សាពីម៉ាក្រូសេដ្ឋកិច្ចដើរតួយ៉ាងសំខាន់ក្នុងការជួយរដ្ឋាភិបាលវាយតម្លៃគោលនយោបាយសេដ្ឋកិច្ច រូបិយវត្ថុ និងសារពើពន្ធ ហើយជួយអាជីវកម្មក្នុងការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងជួយអ្នកវិនិយោគដើម្បីវិភាគ និងរៀបគម្រោងសម្រាប់ការវិនិយោគរបស់ពួកគេ។
នៅពេលដែលគេសិក្សាលើម៉ាក្រូសេដ្ឋកិច្ច គេតែងតែផ្តោតលើផ្នែកពីរសំខាន់គឺ កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង និងវដ្តអាជីវកម្ម។
- កំណើនសេដ្ឋកិច្ចរយៈពេលវែង ៖ សំដៅលើការកើនឡើងនៃផលិតកម្មក្នុងសេដ្ឋកិច្ចនៃប្រទេសមួយ។ ម៉ាក្រូសេដ្ឋកិច្ចនឹងសិក្សាពីឬសគល់ដែលធ្វើឱ្យសេដ្ឋកិច្ចមួយកើនឡើង ឬធ្លាក់ចុះ ដើម្បីរៀបចំគោលនយោបាយសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសនោះ។
- វដ្ដអាជីវកម្ម (Business Cycle) ៖ សំដៅលើការសិក្សាពីដំណាក់កាលទាំង ៤ នៃដំណើរការអាជីវកម្ម គឺនៅពេលអាជីវកម្មរីកចម្រើនក្នុងកម្រិតអតិបរមា ធ្លាក់ចុះ ងើបឡើងវិញ និងបន្តរីកចម្រើនទៅមុខ ហើយដំណាក់កាលទាំងនេះជាប់ពាក់ព័ន្ធនឹងការឡើងចុះនៃផលិតកម្ម ប្រាក់ចំណូល ការលក់ និងភាពមានការងារធ្វើរបស់ប្រជាជន។ ក្រៅពីនេះ វដ្តអាជីវកម្មមានឥទ្ធិពលដល់សេដ្ឋកិច្ចជាតិទាំងមូល ទាំងផ្នែកមីក្រូ និងម៉ាក្រូ ហើយការសិក្សាលើវដ្តអាជីវកម្មផលជាប្រយោជន៍សម្រាប់ការសម្រេចចិត្តរបស់ម្ចាស់អាជីវកម្ម ថាគួរធ្វើអីដើម្បីបន្តអភិវឌ្ឍអាជីវកម្មរបស់ខ្លួនទៅមុខទៀត។
មីក្រូសេដ្ឋកិច្ច៖ ជាការសិក្សាលើផ្នែកតូចនៃសេដ្ឋកិច្ច ហើយវាបានបែងចែកមនុស្សក្នុងសង្គមជាបីគឺ អ្នកទិញ អ្នកលក់ និងម្ចាស់អាជីវកម្ម។ មនុស្សទាំងបីក្រុមនេះ ប្រាស្រ័យគ្នាទៅវិញទៅមកតាមរយៈការទិញលក់ ដោយយោងតាមច្បាប់ការផ្គត់ផ្គង់ និងតម្រូវការ។ ការសិក្សាពីមីក្រូសេដ្ឋកិច្ច គេក៏ដឹងផងដែរពីមូលហេតុដែលផលិតផលផ្សេងៗគ្នាមានតម្លៃខុសគ្នា ការកំណត់ប្រាក់ខែចំពោះបុគ្គលិកនៅក្នុងក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ តម្រូវការនៃប្រជាជន និងផលិតកម្មជាដើម។
លើសពីនេះ មីក្រូសេដ្ឋកិច្ចក៏អាចបកស្រាយពីអ្វីដែលនឹងកើតឡើង នៅពេលដែលស្ថានភាពសេដ្ឋកិច្ចមានការផ្លាស់ប្តូរ។ វាជួយដល់ប្រជាជន ម្ចាស់អាជីវកម្ម និងរាជរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពដើម្បីទប់ស្កាត់ភាពអវិជ្ជមាន និងរក្សានូវចំណូលតាមរយៈផលិតកម្ម និងតម្រូវការនៅក្នុងទីផ្សារ។
បើទោះជាម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចមានគោលដៅខុសគ្នាក៏ដោយ ក៏វាត្រូវពឹងផ្អែកគ្នាទៅវិញទៅមកផងដែរ។
- មីក្រូសេដ្ឋកិច្ចពឹងផ្អែកលើម៉ាក្រូសេដ្ឋកិច្ច៖
- ការវិភាគទៅលើតម្រូវការរបស់ប្រជាជន បង្កើតឱ្យមានច្បាប់នៃតម្រូវការ ហើយធ្វើឱ្យម្ចាស់អាជីវកម្មបង្កើតផលិតផលដែលត្រូវនឹងតម្រូវការ
- ការផ្លាស់ប្តូរកម្រិតអត្រាការប្រាក់ប៉ះពាល់ដល់ការខ្ចីប្រាក់ និងការវិនិយោគ
- ម៉ាក្រូសេដ្ឋកិច្ចពឹងផ្អែកលើមីក្រូសេដ្ឋកិច្ច
- ការកើនឡើងភាពអត់ការងារធ្វើ ធ្វើឱ្យប៉ះពាល់ដល់អំណាចនៃការទិញ
- ប្រាក់សរុបនៃជាតិមួយអាស្រ័យទៅប្រាក់ចំណូលនៃប្រជាជនម្នាក់ៗក្នុងប្រទេស
សរុបមក ខណៈពេលដែលមីក្រូសេដ្ឋកិច្ចផ្តោតលើហិរញ្ញវត្ថុផ្ទាល់ខ្លួនបុគ្គល និងការចំណាយរបស់ពួកគេក្នុងទីផ្សារណាមួយ ឯម៉ាក្រូសេដ្ឋកិច្ចសិក្សាពីសេដ្ឋកិច្ចក្នុងកម្រិតជាតិ ឬសកល។ តាមរយៈការសិក្សាពីពួកវាទាំងពីរ យើងនឹងយល់ដឹងពីបម្រែបម្រួលនៃសេដ្ឋកិច្ចទៅតាមពេលវេលា ហើយបង្កើតនូវការសម្រេចចិត្តដ៏ត្រឹមត្រូវទាំងក្នុងការវិនិយោគ និងការបើកអាជីវកម្ម ជាពិសេសគឺជួយឱ្យប្រជាជនយល់ពីស្ថានភាពសេដ្ឋកិច្ច និងមូលហេតុនៃការរៀបចំគោលការណ៍នានារបស់រាជរដ្ឋាភិបាល៕