ផលិតផលរាប់ពាន់ រាប់ម៉ឺនដែលឆ្លាក់យីហោ «Made in China» គ្រាន់តែឮ គ្រប់គ្នាបែរជាគិតទៅដល់ ផលិតផលដែលមានគុណភាពអន់បាត់ទៅហើយ។ ទន្ទឹមនឹងប្រទេសចិនដែលឈរជើងជាមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកនេះ បានទទួលការរិះគន់អវិជ្ជមានយ៉ាងចាស់ដៃពី សំណាក់អ្នកប្រើប្រាស់។ មនុស្សជាច្រើនជឿជាក់ថាឲ្យតែរបស់ផលិតនៅចិន ច្រើនតែថោក ហើយមិនដែលគង់វង្សបានយូរទេ។ តើការយល់ឃើញបែបនេះនៅត្រឹមត្រូវឬអត់នាពេលបច្ចុប្បន្ន?
តាមពិតទៅ ទំនិញដែលផលិតក្នុងប្រទេសចិនពុំមែនសុទ្ធតែគ្មានគុណភាព ដូចអ្វីដែលយើងគ្រប់គ្នាគិតទាំងអស់ទេ។ ខាងក្រោមនេះជាដំំណើរដើមទង និងហេតុផលដែលគួរយល់ដឹង៖
១. ឧស្សាហូបនីយកម្មនៅប្រទេសចិន
មុនពេលមានវត្តមានបដិវត្តន៍ឧស្សាហកម្ម ផលិតផលិតនាំចូលល្បីៗរបស់ចិនមានដូចជា តែ ប៉សឹឡែន រ៉ែ និងប្រាក់។ ប៉ុន្តែក្នុងអំឡុងពេលបដិវត្តន៍ឧស្សាហកម្ម ក្នុងឆ្នាំ ១៩៧៨ ចិនបានក្លាយជាប្រទេសរុករកមាសសម្រាប់ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនធំៗជុំវិញពិភពលោក។ ក្នុងបំណងចង់បានប្រាក់ចំណេញច្រើន ក្រុមហ៊ុនទាំងនោះសុខចិត្តទទួលយកផលិតផលគុណភាពអន់ ក្នុងតម្លៃថោក ដែលភ្ជាប់ជាមួយស្លាកសញ្ញា Made in China។ តាមពិតទៅ យីហោ Made in China ដែលគេស្គាល់ថាជាទំនិញថោក និងគុណភាពអន់នេះកើតចេញពីភាពលោភលន់ របស់ពួកមូលធននៅបស្ចិមលោកនេះឯង។
២. កត្តាផលិតកម្ម និងតម្រូវការអតិថិជន
អ្នកទិញ និងអ្នកប្រើប្រាស់គួរតែបញ្ឈប់សន្និដ្ឋានថាទំនិញចិនមិនល្អ ដោយទម្លាក់កំហុសទៅលើប្រទេសទាំងមូល ឬរោងចក្រផលិតថាគ្មានបច្ចេកទេសត្រឹមត្រូវ ឬធ្វើឲ្យតែរួចពីដៃនោះទេ។ ការបន្ទោសគួរតែបានទៅលើឈ្មួញកណ្ដាល និងអាជីវកម្មទាំងឡាយណាដែលចាំទទួលការផ្គត់ផ្គង់ពីរោងចក្រ។
ខាងរោងចក្រចាំតែផលិតទៅតាមតម្រូវការឈ្មួញ និងអតិថិជន ទៅតាមទំហំទឹកប្រាក់ដែលពួកគេហ៊ានចំណាយតែប៉ុណ្ណោះ ពោលគឺបើសិនពួកគេចង់ចំណាយតិច ដើម្បីចំណេញច្រើន នោះផលិតផលដែលរោងចក្រផលិតចេញមក នឹងមានគុណភាពមិនល្អទៅតាមនោះដែរ។ តាមពិត ចិនក៏មានសមត្ថភាពក្នុងការផលិតរបស់គុណភាពខ្ពស់ដែរ។
៣. ឥទ្ធិពលនៃបណ្ដាញសង្គម និងមនោគមវិជ្ជា
យុគសម័យឌីជីថល ទាំងគេទាំងយើង បណ្ដាញសង្គមក្លាយជាផ្នែកដ៏សំខាន់មួយក្នុងជីវិត ហើយយើងរមែងយកវាជាខ្នងបង្អែកនៃប្រភពព័ត៌មាន។ ជាអកុសល បណ្ដាញសង្គមទាំងនោះអាចបង្វិលស្ថានការណ៍ និងបង្ខូចបង្កាច់ បំពុលព័ត៌មានបានគ្រប់ពេលវេលា។ រឿងរ៉ាវផ្សេងៗអំពីការរិះគន់តៗគ្នាទៅលើសុវត្ថិភាពផលិតផល និងបញ្ហាសិទ្ធិមនុស្សនៅចិនបានផ្លាស់ប្ដូរផ្នត់គំនិតរបស់មហាជនទៅលើយីហោ Made in China ពីល្អទៅអាក្រក់។
បញ្ហាចោទសំខាន់មួយទៀតនោះគឺ ប្រេនតំណាងជាតិ។ វាជាយុទ្ធសាស្ត្រដ៏ប្រសើរមួយដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចនៃប្រទេសមួយ។ ដើម្បីកុំឲ្យបាត់បង់ទំនុកចិត្តពីអតិថិជន និងកសាងកេរ្តិ៍ឈ្មោះលើទីផ្សារអន្តរជាតិផងនោះ ការរួមដៃគ្នាបន្ទោសទៅលើរោងចក្រចិន ជាជាងប្រេនធំៗដែលកុម្ម៉ង់ និងនាំចូលផលិតផលគុណភាពអន់ បានកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្កើតឲ្យមានការប្រកួតប្រជែងមិនស្មើភាព។ ការទម្លាក់កំហុសទៅលើរោងចក្រចិនដែលផលិតទំនិញគ្មានគុណភាព ជាដើមចមធ្វើឲ្យយីហោ Made in China បន្សល់នូវកេរ្តិ៍ឈ្មោះស្អុយអសោចក្នុងកែវភ្នែកមនុស្សជាតិ។
យ៉ាងណាមិញ បច្ចុប្បន្ន ចិនបានក្លាយជាមជ្ឍមណ្ឌលប្រមូលផ្ដុំរោងចក្រធំៗពីប្រេនល្បីៗទូទាំងសកលលោក ដោយសារតែគេមានទំនុកចិត្តខ្លាំងក្លា និងមើលឃើញពីសក្ដានុពលនៃផលិតកម្មចិន រួមមានក្រុមហ៊ុន Apple, Samsung, Sony, Microsoft, Canon ជាដើម។
មែនទែនទៅ ផលិតផលល្អ ឬមិនល្អ នៅជាតិសាសន៍ណាក៏មានដែរ។ បើ Made in China ឆ្លុះបញ្ចាំងពីគុណភាពដុនដាបខ្លាំង ចិនប្រហែលជាមិនអាចក្លាយជាដៃគូប្រកួតប្រជែង ផ្ដាច់មុខក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។ ចុះប្រិយមិត្តមានទស្សនៈយ៉ាងណាដែរអំពីរបស់ Made in China?
បញ្ជាក់៖ អត្ថបទខាងលើនេះមិនបានបង្កប់ចរិតលក្ខណៈអែបអប ឬកាន់ជើងភាគីខាងណានោះទេ ក្រុមការងារយើងមកលាតត្រដាងពីភាពសត្យានុម័តនៃផលិតផលចិន និងស្រាយចម្ងល់អំពីបញ្ហានៃរបស់ដែលភ្ជាប់ជាមួយយីហោ “Made in China” តែប៉ុណ្ណោះ៕
Click here to read more: Why China Is "The World's Factory"