«លុយមិនសំខាន់ តែសំខាន់គឺអត់លុយ!» មិនពិតទេ! លុយពិតជាសំខាន់។ តែបើអត់លុយ កាន់តែសំខាន់ទៅទៀត!
លុយពិតជាចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ យើងត្រូវចំណាយលើសព្វបែបយ៉ាងរាប់ចាប់ពីថ្លៃអាហារ កន្លែងស្នាក់នៅ ទឹកភ្លើង អុីនធើណែត ថ្នាំសង្កូវ និង ការកំសាន្តផ្សេងៗជាដើម។ កាលនៅតូច យើងមិនទាន់ដឹងថាលុយ
វាពិបាករកប៉ុណ្ណាទេ។ លុះពេលធំដឹងក្តីឡើង ទោះបីឧស្សាហ៍លឺម៉ាក់ប៉ានិយាយថាលុយពិបាករក ចាយត្រូវចេះសន្សំសំចៃ តែក៏មិនបានយល់ពីសម្តីពួកគាត់ ១០០%ដែរ។ ទាល់តែពេលចេញរកលុយខ្លួនឯងទើបយល់ច្បាស់តែម្តង។ លុយមិនមែនបានមកដោយងាយស្រួលនោះទេ គឺវាបានពីការប្រឹងប្រែងរបស់យើង។ មិនថាធ្វើការឬរកស៊ីសុទ្ធតែត្រូវចំណាយពេលវេលា និង ថាមពលទាំងកម្លាំងកាយ កម្លាំងចិត្ត។
អ៊ីចឹង យើងងាកមកមើលថាធ្វើការនិងរកស៊ីពិបាកយ៉ាងម៉េចខ្លះ?
ចំពោះអ្នកធ្វើការ
ពេលធ្វើការ យើងលក់ពេលវេលា ជំនាញ បញ្ញា និង កម្លាំងពលកម្មប្តូរនឹងប្រាក់ខែ។ ការងារមានច្រើនប្រភេទណាស់។ ការងារមួយចំនួនតម្រូវឲ្យឆ្លងកាត់ការសិក្សា ឬហ្វឹកហាត់រយៈពេលយូរ។ បើចំពោះការងារក្នុងការិយាល័យច្រើនតែតម្រូវឲ្យអ្នកធ្វើការមួយថ្ងៃ ៨ម៉ោង។ ដូច្នេះ ក្រៅពីពេលវេលាសម្រាកញុាំអាហារ យើងចំណាយពេលវេលាស្ទើរមួយថ្ងៃពេញសម្រាប់ការងារទៅហើយ។ នៅកន្លែងធ្វើការ ម្នាក់ៗសុទ្ធតែមានការងាររៀងៗខ្លួន ពេលខ្លះបើសិនជាមានការខ្វែងគំនិតជាមួយមិត្តរួមការងារអី ឬក៏បរិយាកាសការងារពោរពេញដោយការប្រកួតប្រជែង ស្ថានភាពក៏តានតឹងទៅតាមនឹង។ មិនតែប៉ុណ្ណោះ យើងត្រូវបន្តអភិវឌ្ឍខ្លួនឯងដោយព្យាយាមរៀនសូត្រពីការងារនោះ រៀនជំនាញផ្សេងៗបន្ថែម ឬ រៀនបន្តដើម្បីទទួលបានតំណែង និង ប្រាក់ខែខ្ពស់ជាងមុន។ អ៊ីចឹងហើយទើបគេនិយាយថា ធ្វើការអ្វីក៏ដោយតែងមានការលំបាក ចៀសមិនផុត ទាមទារការអត់ធ្មត់ខិតខំប្រឹងប្រែង និងពេលវេលា។
ចំពោះអ្នករកសុី
បើមើលពីខាងក្រៅ មើលទៅការរកសុីហាក់ដូចជាងាយស្រួល ពីព្រោះជាថៅកែខ្លួនឯង មិនធ្វើការក្រោមអ្នកណា មានសេរីភាពក្នុងការសម្រេចចិត្ត ឬ ថ្ងៃឈប់សម្រាករបស់ខ្លួនឯង។ តែការពិតទៅ ធ្វើជំនួញត្រូវការថាមពល និង ពេលវេលាមិនតិចជាងអ្នកធ្វើការទេ។ ទោះបីមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណា តែការសម្រេចចិត្ត និងទំនួលខុសត្រូវផ្សេងៗស្ថិតនៅលើយើងជាម្ចាស់អាជីវកម្មមួយទាំងមូល ទាំងទំនួលខុសត្រូវលើហិរញ្ញវត្ថុ និងទំនួលខុសត្រូវលើបុគ្គលិក។ ហេតុនេះហើយ ទោះបីការរកសុីអាចផ្ដល់ផលតបស្នងខ្ពស់ តែការប្រឈមនឹងបរាជ័យក៏ខ្ពស់ដែរ។
ប្រាក់ចំណេញរបស់យើងជាការចំណាយរបស់អ្នកដទៃ។ វាមិនងាយស្រួលនោះទេដើម្បីឲ្យ អតិថិជនជ្រើសរើសសេវាកម្ម ឬ ផលិតផលរបស់យើងនៅក្នុងទីផ្សារសេរីដែលមានអ្នកប្រកួតប្រជែងរាប់ពាន់រាប់ម៉ឺន។ ម្ចាស់អាជីវកម្មម្នាក់ៗត្រូវចំណាយថវិកា ថាមពល និង ពេលវេលាលើសលប់ ធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ខ្លួនលេចធ្លោជាងគេ។ ម្យ៉ាងវិញទៀត ការបង្កើតអាជីវកម្មត្រូវការភាពក្លាហាន ការហ៊ានប្រថុយប្រថាន ហើយនិងក្តីស្រលាញ់ដើម្បីគ្រប់គ្រង និង ធ្វើឲ្យអាជីវកម្មនោះលូតលាស់ទៅមុខយូរអង្វែង។
ចំពោះអ្នកដែលបានឆ្លងកាត់ប្រាកដជាយល់ច្បាស់ហើយថា លុយពិតជាមិនងាយស្រួលរកនោះទេ។ ការរកលុយបែបណាក៏ត្រូវឆ្លងកាត់ភាពលំបាករៀងខ្លួន។ ដូច្នេះ ពេលមានលុយហើយ គួររៀបចំផែនការហរិញ្ញវត្ថុឲ្យបានត្រឹមត្រូវ និងប្រើប្រាស់វាដោយយកចិត្តទុកដាក់ផង។ កុំភ្លេចថាពេលរកមកវាពិបាកប៉ុនណា។ បន្ថែមពីនេះ កុំភ្លេចសាកថ្មជីវិត ផ្ដល់ភាពសប្បាយរីករាយដល់ខ្លួនឯង និងមនុស្សជាទីស្រលាញ់ផងណា៎ អេដមីនបារម្ភ 😉
References:
1. Money Doesn't Grow On Trees: Financial Basics For Your Kids
2. Why Is It So Hard To Make Money?
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។