សព្វថ្ងៃ ជំនឿទុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារនៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគាររីកលូតលាស់ជាបន្តបន្ទាប់ ជាពិសេសការវិវត្តន៍ប្រែមុខមុខថ្មីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ។ គិតត្រឹមរយៈពេលប៉ុន្មានខែឆ្នាំចុងក្រោយនេះ មានគ្រឹះស្ថានធំៗដែលល្បីឈ្មោះបោះសំឡេងចំនួន៤ ប្រែក្លាយជាធនាគារពាណិជ្ជ មានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិ។
ធនាគារហត្ថា៖
ហត្ថាកសិករ លីមីតធីត បានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជា ធនាគារ ហត្ថា ម.ក នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ បន្ទាប់ពីវត្តមានជាង ២ ទសវត្សរ៍នៅកម្ពុជា ហត្ថាកសិករ លីមីតធីតបានផ្ដល់នូវសេវាកម្មច្រើនសណ្ឋាន ពិសេសគឺឥណទានកសិកម្ម ជំនួយហិរញ្ញវត្ថុសម្រាប់និស្សិតខ្មែរ សេវាបញ្ញើសន្សំ សេវាផ្ទេរប្រាក់ ប្រព័ន្ធធនាគារចល័តជាដើម។ សព្វថ្ងៃនេះ ធនាគារហត្ថាមានសាខាចំនួន ១៧៧ និងម៉ាស៊ីនអេធីអឹម ចំនួន ១២៩គ្រឿង នៅទូទាំងប្រទេស។
ធនាគារស្ថាបនា៖
ស្ថាបនា លីមីតធីត ត្រូវបានបង្កើតឡើងដំបូងក្នុងនាមជា អង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងឆ្នាំ១៩៩៥។ ធនាគារស្ថាបនា ជាធនាគារពាណិជ្ជមួយដែលកើតចេញពីការរួមបញ្ចូលគ្នារវាងស្ថាប័នពីរ គឺ ម៉ារ៉ូហាន់ ធនាគារជប៉ុន និងស្ថាបនា លីមីតធីត។ ឆ្លងកាត់ការពិគ្រោះយោលបល់ជាច្រើនជាមួយ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នរបស់រដ្ឋាភិបាលដែលពាក់ព័ន្ធ ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយជោគជ័យក្នុងខែ មេសា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរដ្ឋអាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីនអេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់។
ធនាគារ អេសប៊ីអាយ លីហួរ៖
កាលពីខែមីនា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា បានផ្តល់ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការសហវិនិយោគ រួមគ្នារវាង អេស ប៊ី អាយ ហូលឌីង និងឧកញ៉ា លី ហួរ។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១៥០០ កន្លែង គ្របដណ្តប់ ២៥ ខេត្ត/ក្រុង រាជធានី តាមរយៈសាខាទាំង ៤៥។
ធនាគារវីង៖
ធ្លាប់តែជាធនាគារឯកទេស វីង លីមីតធីត ដែលជាអ្នកផ្ដល់សេវាហិរញ្ញវត្ថុនិងធនាគារ ជូនប្រជាពលរដ្ឋដែលមិនប្រើប្រាស់ ឬមិនមានសេវាកម្មធនាគារមិនពេញលេញ ឥឡូវនេះបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ ពោលគឺកាលពីថ្ងៃ ១៩ ខែមេសា ឆ្នាំ ២០២១ ថ្មីៗនេះ វីងបានកសាងសមិទ្ធផលប្រវត្តិសាស្រ្តមួយ គឺការបើកដំណើរការជាផ្លូវការនៃ ធនាគារ វីង (ខេមបូឌា) ម.ក. ដែលជាធនាគារពាណិជ្ជប្រកបដោយប្រតិបត្តិការយ៉ាងពេញលេញ។ បច្ចុប្បន្ន វីងមានតូបភ្នាក់ងារវីងជាង ៩០០០+ កន្លែងទូទាំងប្រទេសកម្ពុជា ដែលបង្កភាពងាយស្រួលដល់អតិថិជនគ្រប់តំបន់ ក្នុងការវេរលុយ ដកប្រាក់ និងទូទាំងវិក្កយបត្រ គ្រប់ភូមិសាស្ត្រ ២៥ រាជធានី-ខេត្ត។
គិតត្រឹមថ្ងៃទី ៣១ កក្កដា ២០២០ ធនាគារពាណិជ្ជមានចំនួន ៥១ ធនាគារឯកទេសមានចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៧៥ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៧ ដែលរង់ចាំស្វាគមន៍បម្រើសេវាកម្មធនាគារគ្រប់ច្រកល្ហកគ្រប់កាលៈទេសៈជូនបងប្អូនប្រជាពលរដ្ឋ។
ប្រភពឯកសារស្រាវជ្រាវដកស្រងចេញពី៖
១. ធនាគារជាតិនៃកម្ពុជា | កម្រងច្បាប់ និងបទប្បញ្ញត្តិអនុវត្តចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (បច្ចុប្បន្នកម្ម ឆ្នាំ២០១១)
២. ធនាគារ ស្ថាបនា | អំពីធនាគារ ស្ថាបនា
៣. ធនាគារ ហត្ថា | ប្រវត្តិរបស់ធនាគារហត្ថា
៤. ធនាគារ អេសប៊ីអាយលីហួរ | អំពីយើង
៥. ធនាគារវីង | អំពីយើង