មិនខុសអ្វីពីគ្រួសារមួយនោះទេ ប្រទេសមួយអាចដំណើរការប្រកបដោយវឌ្ឍនភាព ចាំបាច់ត្រូវមានការគ្រប់គ្រងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងន័យដើម្បីប្រើប្រាស់ធនធានរបស់ខ្លួនដោយចីរភាព។ តួនាទីដ៏សំខាន់មួយនេះ ប្រាកដជាមិនអាចខ្វះបានពីការចូលរួមចំណែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “ក.ស.ហ.វ.” បាននោះទេ ។
ហេតុដូចនេះហើយបានជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Ministry of Economy and Financial or MEF) ចាប់ផ្តើមមុខងារ និងភារៈកិច្ចរបស់ខ្លួនចាប់តាំងពី ឆ្នាំ១៩៩៣។ ក្រោយមកដោយយោងតាមអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ បានបញ្ជាក់កាន់តែច្បាស់ពីមុខងារ និងភារៈកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយត្រូវបានតែងតាំងមុខងារជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដើម្បីដឹកនាំបេសកកម្ម និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។
មុខងារ និងភារកិច្ចសំខាន់ៗមួយចំនួនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានដូចជា៖
១. បង្កើត និងអនុវត្ត គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ
តួនាទីដ៏ចម្បងមួយគឺ ការបង្កើតគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិទាំងមូល។ មានតែគោលនយោបាយដ៏ត្រឹមត្រូវទេ ដែលអាចបង្កើតឲ្យមានស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ តួនាទីមួយនេះក៏រួមបញ្ចូលនូវ ការរៀបចំផែនការចំណូល ចំណាយរដ្ឋ និងការបង្កើតឡើងនូវបទបញ្ញត្តិនានាសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិទាំងមូល ដូចជា ស្ថាប័នហិរញ្ញវត្ថុ ទីផ្សារហិញ្ញវត្ថុ ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបំពេញមុខងារជាបេឡាករ និងគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីរៀបចំគោលការណ៍ និងបទបញ្ជាគណនេយ្យករសាធារណៈ។
២. កែសម្រួលដំណើរការក្នុងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ
មិនត្រឹមតែបង្កើត និងអនុវត្តគោលនយោបាយប៉ុណ្ណោះទេ ក្រសួងក៏មានតួនាទីកែសម្រួលការអនុវត្តុប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ ឧទាហរណ៍ ករណីមាន អតិផរណា ឬបដិផរណា ឬនៅពេលមានវិបត្តិសេដ្ឋកិច្ចណាមួយ ដែលតម្រូវឲ្យមានការអន្តរាគម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីចាំបាច់ក្រសួងនឹងដាក់ចេញនូវវិធានការណាមួយ ដើម្បីកែលម្អ ការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ដោយសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាថាប្រទេសនឹងមិនមានផលប៉ះពាល់ពីស្ថានភាពអវិជ្ជមានទាំងនោះ។ ជាក់ស្តែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមយ៉ាងសកម្មជាមួយ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ដូចអ្វីដែលយើងបានឃើញជាក់ស្តែង គឺការចំណាយលើការទិញវ៉ាក់សាំង និងការព្យាបាលជាដើម។
៣. តាមដាន និងគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុជាតិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏មានតួនាទីក្នុងការវិភាគ និងតាមដានស្ថានភាពសេដ្ឋកិច្ចទាំងមូលទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។ ឧទាហរណ៍ការតាមដានពីស្ថានភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុជាតិ ដោយឈ្វេងយល់ពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។ បន្ថែមពីនេះទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមក្នុងការបែងចែកនូវផលទុនជាតិ តាមរយៈការប្រមូលចំណូល បែកចែកចំណាយ ដោយត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់នូវការបណ្តុះបណ្តាល និងធ្វើការអប់រំជាប្រចាំនូវមុខជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដល់មន្ត្រីរបស់ខ្លួន និងក្រសួងស្ថាប័នពាក់ព័ន្ធ។ ភារៈកិច្ចមួយនេះក៏នឹងធានាឲ្យមានការឯកភាពគ្នាក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចជាតិមួយ ដែលស្របទៅតាមច្បាប់ និងបទបញ្ញត្តិនានា ឧទាហរណ៍ ច្បាប់ហិរញ្ញវត្ថុ ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងច្បាប់ពាក់ព័ន្ធដទៃផ្សេងទៀត។
មុខងារនិងភារកិច្ចទាំងអស់បានធ្វើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអនុវត្តការងាររបស់ខ្លួនកាន់តែល្អប្រសើរ និងចូលរួមដោយពេញសមត្ថភាព ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រលើកិច្ចការសហប្រតិបត្តិការទាំងជាតិ និងអន្ដរជាតិ។
ឯកសារយោង:
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ | Ministry of Economy and Finance
Ministry of Economy and Finance | Open Development Cambodia (ODC)
Role and functions of Ministry
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។