ចាប់តាំងពីជំងឺកូវីដ-១៩ បន្តរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង អាជីវកម្មមួយចំនួនបានបិទទ្វារ ចំណូលប្រចាំថ្ងៃ ប្រចាំខែរបស់អ្នករកស៊ី ធ្វើការ បានថមថយ ហើយទាំងយើង ទាំងគេសុទ្ធតែប្រុងប្រយ័ត្នជាមួយការចាយវាយ រហូតឈានដល់ការគិតថា តើវាសុវត្ថិភាពដែរឬទេក្នុងការចាយលុយអំឡុងកូវីដនេះ? ខ្ញុំមិនត្រូវចាយវាយទេ ដោយទុកលុយក្នុងខ្លួនទាំងអស់ឬយ៉ាងណា?
មិនចាយទាល់តែសោះ គឺមិនល្អប៉ុន្មានឡើយពេលសេដ្ឋកិច្ចធ្លាក់ចុះ។ សេដ្ឋវិទូជនជាតិអង់គ្លេសម្នាក់ គឺលោក John Maynard Keynes បានផ្ដល់គំនិតថា បើយើងចាយកាន់តែតិច ក្បិតក្បៀត និងសន្សំប្រាក់កាន់តែច្រើននោះ លំហូរសាច់ប្រាក់នឹងមានតិចជាងមុន ហើយវានឹងធ្វើឲ្យសេដ្ឋកិច្ចទាំងមូលជួបវិបត្តិធ្លាក់ចុះថែមទៀត។ មកដល់ត្រង់នេះ អ្នកទាំងអស់គ្នាអាចនឹងឆ្ងល់ថា ចុះបើពេលកូវីដ សេដ្ឋកិច្ចជាតិកំពុងជួបអស្ថិរភាព ហើយខ្ញុំរកលុយមិនសូវបានផង គួរចាយរបៀបម៉េចទៅ ទើបល្អ? តោះស្វែងយល់ពីវិធីចាយលុយឲ្យមានប្រសិទ្ធភាព អំឡុងវិបត្តិជំងឺឆ្លងនេះ ៖
១. ចាយដោយសន្សំ
កុំច្រឡំរវាងសន្សំលុយ និងចាយដោយសន្សំណា! ចាយដោយសន្សំនៅត្រង់នេះ គឺសំដៅដល់ការកាត់បន្ថយចំណាយទៅលើផលិតផល ឬសេវាកម្មនានាពីច្រើនមកតិច ឬលុបបំបាត់ចំណាយទាំងនោះតែម្ដង ដើម្បីសល់លុយទុកសន្សំ។ កូវីដផង បើចំណូលយើងប្រែប្រួលហើយ មិនចេះចាយបែបសន្សំសំចៃទៀតនោះ រកលុយក្នុងហោប៉ាវលែងឃើញហើយ ចុងខែសៀង ឬស៊ុប?
ឧទាហរណ៍ថា កាហ្វេដែលធ្លាប់តែផឹក២កែវ ក្នុងមួយថ្ងៃ គួរតែថយមកមួយកែវ ឬធ្លាប់តែទិញពីហាង ប្ដូរមកផឹកកាហ្វេកញ្ចប់វិញ។ មុនកូវីដ ទៅលំហាត់ប្រាណនៅកន្លែងហាត់ប្រាណ ជាវសេវាកម្មក្នុងមួយខែ៤០ ដុល្លារ ប្ដូរមកហាត់ប្រាណនៅផ្ទះបណ្ដោះអាសន្ន យើងក៏អាចចំណេញ ៤០ ដុល្លារដែរ។ បន្លែដែលធ្លាប់ពីផ្សារដូចម្ទេស សាឡាដ ជី ស្លឹកខ្ទឹម គល់ស្លឹកគ្រៃ សុទ្ធតែជាដំណាំងាយស្រួលដាំ គួរតែដាំនៅក្បែរផ្ទះ ល្អទេ? ចំណាយបន្តិចបន្តូចនេះ ភាគច្រើនយើងតែមើលរំលង តែបើយើងចេះចាយដោយសន្សំសំចៃ យើងក៏អាចសល់ប្រាក់ចំណេញខ្លះៗដែរមកសន្សំទុក។
២. ចាយទៅលើអ្វីដែលចាំបាច់បំផុត
“ចាយតាមការគិត កុំចាយតាមការចង់” ពោលគឺការផ្ដល់អាទិភាពទៅលើចំណាយចាំបាច់ និងទាត់ចោលនូវចំណាយពុំចាំបាច់ផ្សេងៗ គឺជាក្បួនចាយលុយមួយ ក្នុងស្ថានភាពផ្ទុះជំងឺឆ្លងនេះ។ ចំណង់ទៅលើសម្លៀកបំពាក់ថ្មីៗ ទូរសព្ទថ្មី ឬឡានថ្មីជាដើម ពុំមែនជារឿងប្រសើរនោះឡើយក្នុងកាលៈទេសៈនេះ។
ប្រសិនប្រាក់ខែលោកអ្នកមានតំហយចុះ អ្នកមិនគួរចាយអ្វីឲ្យលើសពីចំណាយ៣យ៉ាងនេះទេគឺ ផ្ទះ (housing) សម្ភារ (utilities) និងម្ហូប។ របស់របរសំខាន់ៗចាំបាច់ទាំងនេះ យើងត្រូវចំណាយវារៀងរាល់ថ្ងៃ ដូចនេះជាការល្អ គួរទិញជាដុំ មកស្តុកទុកទើបធូរថ្លៃជាងទិញរាយ។ រីឯការចាយលុយដ៏ប្រពៃមួយទៀត ពេលផ្ទុះកូវីដនេះ ជាការខ្វាយខ្វល់អំពីសុខភាព និងជីវិត នោះគឺចំណាយលើថ្លៃទិញម៉ាស និងអាល់កុល។ អ្នកពុំគួរកំណាញ់លើវត្ថុ២នេះឡើយ។
៣. ចាយដោយមិនប្រើលុយសុទ្ធ
ប្រសិនបើអ្នកទិញអីវ៉ាន់ មិនថាទិញនៅហាងផ្ទាល់ ឬអនឡាញក៏ដោយ អ្នកគួរជ្រើសរើសការទូទាត់លុយតាមកុងធនាគារ (Cashless payment) ដោយប្រើការស្កេន QR Code ជំនួសការចាយក្រដាសលុយ ព្រោះអ្នកដឹងទេថា លុយជាវត្ថុដែលកង្វក់ជាងគេ ដែលមេរោគអាចតោងជាប់ក្នុងរយៈពេលពី ១៤ថ្ងៃ ដល់២៨ថ្ងៃឯណោះ។ ជំនួសឱ្យការចាប់កាន់ក្រដាសប្រាក់ដោយផ្ទាល់ មធ្យោបាយទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយឈរលើគោលការណ៍រក្សាគម្លាត នឹងជួយរក្សាអនាម័យ និងសុវត្ថិភាពពីហានិភ័យចម្លងមេរោគ។
គួររំលឹកផងដែរថា ស្ថានភាពវីរុសកូរ៉ូណាមានការវិវត្តន៍ឥតឈប់ឈរ និងគ្មានភាពប្រាកដប្រជាឡើយ ហេតុនេះ យើងទាំងអស់គ្នាគួរយល់ដឹងពីរបៀបចាយលុយ គ្រប់គ្រងលុយកាក់ឲ្យបានល្អបំផុត ទើបមិនជាប់ផុងក្នុងបញ្ហាហិរញ្ញវត្ថុ នាបរិបទកូវីដ-១៩ នេះ។ ឆ្លៀតឱកាសនេះទៀតសោត ក្រុមការងារកាក់សេនសូមលើកទឹកចិត្តឲ្យលោកអ្នកពាក់ម៉ាស់បានជាប់លាប់ រក្សាអនាម័យផ្ទាល់ខ្លួន និងប្រតិបត្តិគម្លាតសង្គមជានិច្ច ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់អង្គការសុខភាពពិភពលោក ទើបយើងអាចចៀសផុតពីមេរោគកូវីដ-១៩៕