ការលាងលុយ (Money Laundering) គឺជាដំណេីរនៃការបំលែងលុយខុសច្បាប់ទៅជាលុយស្របច្បាប់វិញ។ លុយខុសច្បាប់នេះត្រូវបានគេហៅថាលុយខ្មៅ រឺ លុយកខ្វក់ (Black Money) ដែលលុយទាំងនោះអាចមានប្រភពមកពីការជួញដូរគ្រឿងញៀន ការជួញដូរអាវុធខុសច្បាប់ អំពេីពុករលួយ រឺ អំពេីភរវកម្មផ្សេងៗ។ ជាធម្មតា លុយកខ្វក់ដែលមានចំនួនច្រេីនសន្ធឹកសន្ធាប់អាចមានការពិបាកក្នុងការធ្វេីចរាចរក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ ឧទាហរណ៍ ធនាគារទៀមទារអោយមានរបាយការណ៍ច្បាស់លាស់អំពីលុយដែលមានចំនួនច្រេីនលេីសលប់នោះ រឺ សាកសួរបន្ថែមពីប្រតិបត្តិការនៃការដាក់ប្រាក់ច្រើនខុសប្រក្រតី ដែលអាចនាំអោយមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់។
ហេតុនេះ ទើបក្រុមឧក្រិដ្ឋជនខំរកវិធីលាងលុយកខ្វក់ទាំងនោះ ដេីម្បីអាចប្រេីប្រាស់បានក្នុងប្រព័ន្ធហិរញ្ញវត្ថុដោយមានប្រសិទ្ធភាព។
ការលាងលុយ គឺជាបទឧក្រិដ្ឋហិរញ្ញវត្ថុដែលមានដំណើរការ ៣ ដំណាក់កាល គឺ៖
១. ការដាក់លុយចូលប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់ (PLACEMENT)

ក្នុងដំណាក់កាលនេះ លុយកខ្វក់ត្រូវបានបំបែកទៅជាចំណែកផ្សេងគ្នាច្រេីន ហេីយយកទៅដាក់ជាបញ្ញើ រឺ ជាការវិនិយោគនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដូចជាស្ថាប័នហិរញ្ញវត្ថុ កាស៊ីណូ ហាងលក់ទំនិញ រឺ អាជីវកម្មតូចធំផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ ក្រៅពីនេះ វាអាចជាការរត់ពន្ធរូបិយប័ណ្ណទៅក្រៅប្រទេស (Currency Smuggling) ការផ្លាស់ប្តូររូបិយប័ណ្ណ (Currency Exchange) ការដាក់លាយបន្លំជាមួយលុយដែលមានក្នុងប្រព័ន្ធស្រាប់ (Blending Fund) និងការទិញទ្រព្យផ្សេងៗដែលមិនត្រូវការសំណុំបែបបទច្បាស់លាស់។ ដំណេីរការនេះនឹងធ្វេីអោយលុយកខ្វក់ទាំងនោះកាន់តែមានភាពងាយស្រួលក្នុងការបំលែង រឺ ផ្ទេរតាមរយៈធនាគារ ហើយឧក្រិដ្ឋជនងាយនឹងបន្តដំណេីរការលាងលុយតទៀត។
២. ការក្លែងបន្លំរឺបំបិទប្រភពរបស់លុយ (LAYERING)
បន្ទាប់ពីដាក់លុយចូលប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់ ពួកឧក្រិដ្ឋជនត្រូវការក្លែងបន្លំរឺបំបិទប្រភពរបស់លុយ រឺក៏ធ្វេីអោយប្រតិបត្តិការលុយមានភាពស៊ាំញ៉ាំ ដេីម្បីធ្វើអោយកាន់តែពិបាករកឃេីញប្រភពលុយកខ្វក់ទាំងនោះ និងដើម្បីលាក់បាំងសកម្មភាពនៃការលាងលុយ។ ដំណេីរការនេះអាចមានក្នុងទម្រង់ដូចជាការប្រេីប្រាស់គណនីធនាគារច្រេីនផ្សេងគ្នា ការទិញវត្ថុមានតំលៃដែលអាចលក់ចេញវិញបាននៅក្រៅប្រទេស និង ការបំលែងសាច់ប្រាក់ទៅជាមូលប្បទានប័ត្រជាដេីម។ ម្យ៉ាងទៀត ដំណេីរការនេះទៀមទារអោយការចរាចរលុយកខ្វក់មានភាពលឿនរហ័សពីកន្លែងមួយទៅកន្លែងមួយ រឺ ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលអាចចៀសផុតពីការធ្វេីសវនកម្ម (audit) ពីសំណាក់អាជ្ញាធរផងដែរ។
៣. ការដកលុយចេញបន្ទាប់ពីលាង (INTEGRATION)
នេះជាដំណាក់កាលដែលលុយទាំងនោះអាចធ្វើចរាចរណ៍បាននៅក្នុងសេដ្ឋកិច្ចនិងប្រព័ន្ធហិរញ្ញវត្ថុដោយស្របច្បាប់ ហេីយវាថែមទាំងត្រូវបានមេីលឃេីញថាលុយទាំងនោះចេញពីប្រភពស្របច្បាប់ទៀតផង។ ក្នុងដំណាក់កាលនេះ លុយទាំងនោះនឹងត្រូវបានយកទៅវិនិយោគបន្តលេីអចលនទ្រព្យ រឺ អាជីវកម្មស្របច្បាប់នានា ដោយលុយដែលបង្កើតបានបន្តបន្ទាប់ពីនេះសុទ្ធសឹងជាលុយដែលនឹងត្រូវបានចាត់ទុកថាមកពីប្រភពស្របច្បាប់ទាំងអស់។
ប៉ុន្តែមិនមែនគ្រប់ការលាងលុយទាំងអស់សុទ្ធតែបានឆ្លងកាត់ដំណាក់កាលទាំង៣នេះទេ ព្រោះវាអាចស្ថិតទៅតាមស្ថានភាពនៃលុយកខ្វក់ទាំងអស់នោះ។
យ៉ាងណាមិញ ការលាងលុយកខ្វក់គឺជាអំពេីខុសច្បាប់ធ្ងន់ធ្ងរ ហេីយរាជរដ្ឋាភិបាលនៅជុំវិញពិភពលោក ក៏បានខិតខំព្យាយាមប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋហិរញ្ញវត្ថុនេះដោយបង្កេីតនូវបទបញ្ញតិ្តផ្សេងៗដែលតម្រូវអោយគ្រឹះស្ថានហិរញ្ញវត្ថុនានារឹតបន្តឹងនិងអនុវត្តដោយយកចិត្តទុកដាក់ ដេីម្បីស៉ើបអង្កេតបេីសិនមានករណីសង្ស័យលេីសកម្មភាពណាមួយ៕