ទីផ្សារផ្ដាច់មុខ ឬ Monopoly Market សំដៅដល់ទីផ្សារផ្គត់ផ្គង់ទំនិញឬសេវាកម្មដែលគ្មានគូរប្រកួតប្រជែង ហើយមានអ្នកផ្គត់ផ្គង់តែមួយដែលអាចគ្រប់គ្រងទីផ្សារផ្ដាច់មុខ។ ស្របពេលជាមួយគ្នានោះ វាបានន័យថា ឥទ្ធិពលលើការកំណត់តម្លៃនៅក្នុងទីផ្សារនឹងស្ថិតក្នុងដៃអ្នកផ្គត់ផ្គង់ផ្ដាច់មុខតែម្នាក់ រីឯឱកាសនៃការឈានចូលក្នុងទីផ្សារពីចំណូលថ្មីក៏ទាប ដោយសាររបាំងរបស់ទីផ្សារនោះអាចត្រូវបានកំណត់ដោយរដ្ឋាភិបាល ឬក្នុងលក្ខខណ្ឌជាម្ចាស់នៃកម្មសិទ្ធិអ្វីមួយ ឬដោយសារកត្តាពាក់ព័ន្ធផ្សេងទៀត។
ដំណើរការនៃទីផ្សារផ្ដាច់មុខនៅក្នុងទីផ្សារសេដ្ឋកិច្ចមិនស្មុគស្មាញទេ ព្រោះថាទីផ្សារនេះត្រូវបានគ្របដណ្ដប់និងបានផ្ដាច់ខ្លួនពីគូរប្រកួតប្រជែងនិងអ្នកផ្គត់ផ្គង់ក្នុងសង្វាក់ផលិតកម្មឬសេវាកម្មទាំងឡាយសឹងទាំងអស់ទៅហើយ។ ក្នុងន័យនេះ ក្រុមហ៊ុនដែលមានបំណងចង់ផ្ដាច់មុខក្នុងទីផ្សារនឹងព្យាយាមវាយលុកទីផ្សារដោយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនលើសលប់ដល់អតិថិជននិងភាគីពាក់ព័ន្ធ ដើម្បីឲ្យពួកគេពេញចិត្តនឹងសេវាកម្មនិងផលិតផលជាដើម។ នៅពេលនោះហើយដែលក្រុមហ៊ុននោះអាចកាន់កាប់ទីផ្សារបានផ្ដាច់មុខ ព្រោះគ្មានក្រុមហ៊ុនណាអាចដណ្ដើមទីផ្សារបានឡើយ។ ឯចំណុចដែលពួកគេផ្តោតសំខាន់គឺការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដែលផ្តល់សិទ្ធិអោយពួកគេបានគង់វង្ស។
ឥទ្ធិពលនៃទីផ្សារផ្ដាច់មុខទៅលើគោលដៅសកម្មភាពសេដ្ឋកិច្ចគឺមានការប៉ះពាល់ដល់អាជីវកម្មធំ និងមធ្យមក៏ដូចជាអ្នកប្រើប្រាស់ចុងក្រោយផងដែរ។ ដោយសារតែការកាត់ផ្ដាច់តំណអ្នកផ្គត់ផ្គង់ជាហេតុដែលពួកគេអាចកាត់បន្ថយថ្លៃដើមនៃការផលិតបាន។ រីឯអ្នកប្រើប្រាស់មានជម្រើសតែមួយគត់ ហើយកត្តាផ្សេងៗដែលមានឥទ្ធិពលលើការសម្រេចចិត្តទិញរបស់អតិថិជនក៏គ្មានជម្រើសដែរ ដូចជាថ្លៃលក់និងគុណភាពនៃផលិតផល។
ករណីនៃទីផ្សារផ្ដាច់មុខជាក់ស្ដែងមានដូចជា Microsoft តែត្រូវបានរដ្ឋាភិបាលអាមេរិកបែកចែកនិងកំណត់នៅឆ្នាំ1994 ថា “មិនអនុញ្ញាតអោយមានការផ្ដាច់មុខឬជួញដូរកម្មវីធីកុំព្យូទ័រផ្ដាច់មុខឡើយ”។ ក្រៅពីនេះគឺមានទីផ្សារផ្ដាច់មុខក្នុងវិស័យមធ្យោយធ្វើដំណើរនិងវិស័យដឹកជញ្ជូនម្ហូបអាហារ
នៅក្នុងប្រទេសសឹង្ហបុរី ដោយក្រុមហ៊ុន Grab ដែលបានឈានជើងចូលទីផ្សារក្នុងពេលតំណាលគ្នានឹងក្រុមហ៊ុន Uber ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ធំផងនោះ។ តែដោយសារការចរចារនិងការសុំច្បាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតអោយ Grab ក្លាយជាក្រុមហ៊ុនកាន់កាប់ទីផ្សារផ្ដាច់មុខនៅប្រទេសសឹង្ហបុរីលើវិស័យមធ្យោបាយធ្វើដំណើរនេះ។
បើក្រលេកមកមើលទីផ្សារមួយនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន យើងសង្កេតឃើញការប្រកួតប្រជែងមមាញឹកមួយក្នុងវិស័យដឹកជញ្ជូនម្ហូបអាហារ ដោយដៃគូរប្រកួតប្រជែងក្នុងទីផ្សារមានតែ២ ៣ប៉ុណ្ណោះដែលលេចធ្លោជាងគេ។ ជាក់ស្ដែង ការប្រកួតប្រជែងនេះផ្ដោតចំបងលើតម្លៃលក់ អាចក្នុងទម្រង់ជាការបញ្ចុះតម្លៃផ្សេងៗ ឬឈានដល់ការលក់បង្ខូចតម្លៃ (dumping) ទៀតផង ក្នុងគោលបំណងទាក់ទាញអតិថិជនឬអ្នកប្រើប្រាស់សេវាកម្មខ្លួនឱ្យបានច្រើន។
នៅក្នុងទីផ្សារដែលមានអ្នកផ្គត់ផ្គង់តិច ជម្រើសនៃផលិតផលឬសេវាកម្មសម្រាប់អតិថិជនឬអ្នកប្រើប្រាស់ក៏មានកម្រិតទៅតាមនោះដែរ។ ក្នុងករណីដែលទីផ្សារមានការប្រកួតប្រជែងលើតម្លៃនេះ នោះទំនោរនៃការសម្រេចចិត្តទិញរបស់អតិថិជននឹងលម្អៀងទៅខាងការផ្គត់ផ្គង់សេវាដែលមានតម្លៃទាបជាងហើយ។ ពេលនោះ ទីផ្សារដែលធ្លាប់មានការប្រកួតប្រជែងនឹងចាប់ផ្ដើមអន់ថយ ដោយផលិតផលឬសេវាកម្មរបស់អ្នកផ្គត់ផ្គង់ដទៃក្នុងទីផ្សារលែងមានតម្រូវការទៀត។ តាមការពិចារណានិងវិភាគលើតថភាពជាក់ស្ដែង ប្រសិនបើការប្រកួតប្រជែងនេះនៅតែបន្តទៅមុខទៀត ទីផ្សារនៃវិស័យក្នុងស្រុកមួយនេះអាចនឹងឈានដល់ទម្រង់នៃទីផ្សារផ្ដាច់មុខក៏ថាបាន បើកាលណាអ្នកប្រើប្រាស់ក្នុងទីផ្សារទាំងអស់សម្រេចប្រើប្រាស់សេវាពីក្រុមហ៊ុនតែមួយគត់នោះ។
ជាលទ្ធផល ក្នុងរយៈពេលវែង បុគ្គលសំខាន់ៗក្នុងទីផ្សារនៃវិស័យនេះដូចជា អ្នកទិញ អ្នកដឹកជញ្ជូន និង ម្ចាស់អាជីវកម្មដែលជាដៃគូររបស់ក្រុមហ៊ុនដឹកជញ្ជូននឹងទទួលរងផលប៉ះពាល់ខ្លាំង។
ដូចបានលើកឡើងពីខាងដើម ដោយក្នុងទីផ្សារផ្ដាច់មុខ អ្នកផ្គត់ផ្គង់មានតែម្នាក់ ហើយពួកគេជាអ្នកមានអំណាចក្នុងការកំណត់តម្លៃតែមួយគត់។ នោះអ្នកប្រើប្រាស់សេវាចុងក្រោយឬអតិថិជននឹងគ្មានជម្រើសផ្សេងទេក្រៅពីត្រូវសម្របតាមលក្ខខណ្ឌផលិតផល ទាំងតម្លៃនិងគុណភាពដែលផ្ដល់ឱ្យពីអ្នកផ្គត់ផ្គង់តែមួយ បើទោះបីជាថ្លៃសេវាដឹកជញ្ជូនថ្លៃ ឬគុណភាពសេវាមិនល្អក៏ដោយ។ រីឯអ្នកដឹកជញ្ជូនវិញ អាចប្រឈមនឹងការទទួលបានកម្រៃដឹកតិចជាងមុន ព្រោះគ្មានក្រុមហ៊ុនផ្សេងប្រកួតប្រជែង ពួកគាតក៏គ្មានជម្រើសនិងមិនអាចតវ៉ាទាមទារតម្លើងអត្រាកម្រៃ ដោយការកំណត់អត្រាកម្រៃស្ថិតលើអ្នកផ្គត់ផ្គង់ផ្ដាច់មុខនោះតែមួយគត់ ម្យ៉ាងទៀតគាត់អាចប្រឈមនឹងការបាត់បង់ការងារទៀតផង ក៏ដោយសារតែចំណូលពីកម្រៃនោះអាចនឹងតិចតួចពេក។
ចំណែក ម្ចាស់អាជីវកម្មដែលជាដែគូរសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនផ្ដាច់មុខវិញ អាចប្រឈមនឹងការចរចាពីអត្រាប្រាក់ចំណេញដែលអាចតិចជាងមុន ពីព្រោះក្រុមហ៊ុនអាចនឹងទាមទារតម្លើងភាគរយក្នុងការសហការដឹកជញ្ជូន ដោយហេតុផលដដែលគឺអ្នកផ្គត់ផ្គង់មានឥទ្ធិពលក្នុងការកំណត់តម្លៃ អត្រាកម្រៃដឹកជញ្ជូន ឬអត្រាប្រាក់ចំណេញពីការសហការគ្រប់យ៉ាង លើកលែងតែមានការជ្រៀតជ្រែកណាមួយពីសំណាក់ច្បាប់ឬរដ្ឋាភិបាលជាដើម។
ដោយឡែក មិនថាក្នុងវិស័យណាក៏ដោយ ក្នុងនាមជាអតិថិជននៃសេវាកម្មឬផលិតផលណាមួយ និងជាអ្នកប្រើប្រាស់ចុងក្រោយនេះ តើអ្នកគិតយ៉ាងណាចំពោះឥទ្ធិពលនៃទីផ្សារផ្ដាច់មុខនេះ? ហើយអ្នកគិតថាអ្នកនឹងអាចជះឥទ្ធិពលលើដំណើរការនៃការវិវត្តទីផ្សារមួយមុនវាក្លាយទៅជាទីផ្សារផ្ដាច់មុខដោយរបៀបណាដែរឬទេ?