អ្នកណាខ្លះធ្លាប់ទិញអីវ៉ាន់ហើយគេបញ្ចុះតម្លៃអោយ2ដង (double discount)?
ឧទាហរណ៍ថា ហាងលក់ទំនិញរបស់ពូសេនមានការដាក់លក់បញ្ចុះតម្លៃគ្រប់មុខ20%។ អ៉ីកាក់បានទៅទិញទំនិញពីហាងពូសេន ហើយគាត់មានកាតសមាជិកដែលមានសិទ្ធិទទួលបានការបញ្ចុះតម្លៃ 10%ថែមទៀត។ អញ្ចឹងអ៉ីកាក់នឹងទទួលបានការបញ្ចុះតម្លៃសរុប 30% តើត្រឹមត្រូវរឺទេ?
ចម្លើយនោះគឺ ខុសហើយ! គេមិនគិតរបៀបនេះទេ។
ពួកយើងជឿថា មានមិនតិចនាក់ទេដែលយល់ច្រឡំពីចំណុចនេះ។ តាមពិតទៅ នៅពេលអ្នកទទួលបានការបញ្ចុះតម្លៃទ្វេដង គឺគេគណនាការបញ្ចុះតម្លៃតាមលំដាប់លំដោយ។
បន្តពីឧទាហរណ៍មុននេះ សន្មតថាអ៉ីកាក់ទិញអីវ៉ាន់ដែលមានថ្លៃដើមសរុប 50$។ តែដោយមានការបញ្ចុះតម្លៃលើទំនិញគ្រប់ប្រភេទ20% ថ្លៃទំនិញដែលអ៉ីកាក់ចង់ទិញនៅសល់ត្រឹម 40$ ប៉ុណ្ណោះ (50$- (20%x50))។ ប៉ុន្តែដោយសារអ៉ីកាក់មានកាតសមាជិកហាងពូសេន ដែលអាចទទួលបានការបញ្ចុះតម្លៃ 10%បន្ថែម នោះការបញ្ចុះតម្លៃទី2នេះ ត្រូវគិតទៅលើថ្លៃ40$ ដែលបានចុះថ្លៃម្ដងរួចទៅហើយ។ ដូចនេះ អ៉ីកាក់នឹងត្រូវបង់ថ្លៃទំនិញ 40$ – (40×10%) = 36$។ អញ្ចឹងបានន័យថា
រាល់ការបញ្ចុះតំលៃទ្វេដង ការបញ្ចុះតម្លៃលើកទី 2 ត្រូវបានគណនាទៅលើចំនួនទឹកប្រាក់បន្ទាប់ពីបានដកការបញ្ចុះតម្លៃដំបូងរួចហើយ។
ម៉្យាងទៀត ការគណនានេះក៏ដូចគ្នាទៅនឹងការបញ្ចុះតម្លៃច្រើនដងដែរ (multiple discounts) គឺគេគណនាតាមលំដាប់លំដោយ បន្តបន្ទាប់គ្នា។ ដូច្នេះហើយ ចូរកុំច្រឡំបូកអត្រាបញ្ចុះតម្លៃចូលគ្នា ហើយគុណចែកលើថ្លៃដើមរួមគ្នាទៀតណា៎!
សម្រាប់ទឹកប្រាក់50$ វាលើសខ្វះគ្នាបន្តិចបន្តួចក៏ពិតមែន ចុះបើទឹកប្រាក់500$ រឺ 5,000$ វិញ? ភាពខុសគ្នានឹងកើនពី 10$ ទៅ 100$ ឯណោះ។ កុំភ្លេចណាថា មួយកាក់មួយសេនក៏មានតម្លៃដែរ!