“កុំទុកស៊ុតទាំងអស់នៅក្នុងកន្ត្រកតែមួយ”
ជាឃ្លាដ៏ពេញនិយមមួយនៅក្នុងការវិនិយោគដែលមានន័យថា 'កុំបណ្ដាក់ទុនតែទៅលើការវិនិយោគមួយប្រភេទ ចៀសវាងការខាតបង់ទាំងស្រុង'។ ប៉ុន្តែប្រសិនបើមានធនធានមិនគ្រប់គ្រាន់ តើគួរធ្វើដូចម្តេចដើម្បីវិនិយោគបានច្រើនមុខ?
ថ្ងៃនេះកាក់សេន នឹងណែនាំឲ្យស្គាល់ពីជម្រើសវិនិយោគ ២ ដើម្បីធ្វើពិពិធកម្មផលប័ត្រលើការវិនិយោគរបស់អ្នកបានគឺ Mutual Funds និង Exchange Traded Funds (ETFs)។
តើការវិនិយោគ២ប្រភេទនេះអាចធ្វើពិពិធកម្មផលប័ត្រដោយរបៀបណា?
បើចំពោះការវិនិយោគភាគហ៊ុនទូទៅចាំបាច់ត្រូវទិញលក់នៅតាមទីផ្សារមូលបត្រដែលមានម៉ោងបើក និងបិទកំណត់ត្រឹមត្រូវ ហើយត្រូវធ្វើឡើងតាមឈ្មួញកណ្តាលដែលទទួលស្គាល់ដោយផ្សារមូលបត្រ។ តែការជួញដូរនេះជាលក្ខណៈឯកជនផ្ទាល់ខ្លួន ផ្ទុយពី Mutual Funds ឬ ETFs ដែលមានការចូលរួមពីមនុស្សជាក្រុមរួមគ្នាវិនិយោគតាមរយៈក្រុមហ៊ុន។
Mutual Funds
គឺជាប្រភេទវិនិយោគមួយដែលក្រុមហ៊ុនមួយទទួលជួយវិនិយោគជំនួស ដោយប្រើប្រាស់ប្រាក់ប្រមូលផ្ដុំចូលគ្នាពីវិនិយោគិនច្រើនរូប ហើយវិនិយោគទៅលើផ្នែកផ្សេងៗ ឬ វិស័យជាច្រើន (Diversification) ដូចជាសុខាភិបាល បច្ចេកវិទ្យា ភាគហ៊ុន ជាដើម។ មូលនិធិនេះអាចធ្វើឡើងដោយក្រុមហ៊ុន ឬឯកជនផ្ទាល់ខ្លួន ដោយចាំបាច់ត្រូវមានយ៉ាងតិចមនុស្សម្នាក់ដែលចេះជំនាញហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងការវិនិយោគ និងប្រាក់ចំណេញ។ អ្នកដែលគ្រប់គ្រងMutual Funds ជាអ្នកស្រាវជ្រាវ គ្រប់គ្រង និងផ្តល់យោបល់ចំពោះការវិនិយោគ ហេតុនេះហើយ វិនិយោគិនម្នាក់ៗតែងតម្រូវឱ្យបង់កម្រៃសម្រាប់ថ្លៃសេវាអ្នកមើលការខុសត្រូវការវិនិយោគនេះ ហើយរាល់ការចំណេញឬខាតនៃការជួយដូរ វិនិយោគិនជាអ្នកទទួលខុសត្រូវ។
ចំណុចពិសេសរបស់ Mutual Funds គឺ អ្នកចូលរួមអាចលក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនដែល ទទួលវិនិយោគជំនួសវិញបានគ្រប់ពេល ហើយក្រុមហ៊ុននោះត្រូវតែប្រគល់ប្រាក់មកឲ្យអ្នកវិញក្នុងរយៈពេល ៧ថ្ងៃ។
Exchange Traded Funds ឬ ETFs
Exchange Traded Funds ឬ ETFs មានលក្ខណៈស្រដៀងទៅនឹង Mutual Funds ដែរ។ វាជាការចូលប្រាក់គ្នាពីវិនិយោគិនជាច្រើននាក់ ដើម្បីយកទៅវិនិយោគទៅលើផ្នែកផ្សេងៗ។ ការវិនិយោគលើ ETFs អាចធ្វើឡើងតាមរយៈក្រុមហ៊ុន ឬឯកជនដូច Mutual Funds ដែរ ប៉ុន្តែការទិញភាគហ៊ុន ឬឧបករណ៍វិនិយោគផ្សេងៗ ត្រូវទិញតាមរយៈទីផ្សារមូលបត្រ ហើយ តម្លៃភាគហ៊ុនដាក់លក់ត្រូវបានកំណត់ទៅតាមតម្លៃទីផ្សារ។ ក្រៅពីនេះ ETFs មានច្បាប់ក្នុងការទិញ-លក់ដូចការជួញដូរភាគហ៊ុននៅលើផ្សារមូលបត្រជាធម្មតា មិនមានការលក់ ឬទិញពីបុគ្គលផ្ទាល់នោះទេ។
ការវិនិយោគបែបនេះកាត់បន្ថយហានិភ័យបានខ្លះដោយសារភាពចម្រុះនៃមូលបត្រក្នុងផលបត្រ (Diversification of Securities in a Portfolio) នឹងសម្រួលដល់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ ឬមិនសូវយល់ច្បាស់អំពីវិធីសាស្ត្រ ក្នុងការវិនិយោគ ព្រមទាំងសម្រួលដល់ការចំណាយប្រាក់ច្រើន ប្រសិនបើវិនិយោគដោយខ្លួនឯងផ្ទាល់។
បច្ចុប្បន្ន ការវិនិយោគប្រភេទនេះអាចរកបានតែនៅទីផ្សារប្រទេសមួយចំនួនដូចជាអាមេរិច ឥណ្ឌា -ល- ប៉ុណ្ណោះ។
នៅប្រទេសខ្មែរសព្វថ្ងៃ គេមិនទាន់ឃើញមានការវិនិយោគប្រភេទនេះនៅឡើយទេ។ ប្រសិនបើនាពេលខាងមុខមានការវិនិយោគប្រភេទនេះ អ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់មុនពេលសម្រេចចិត្តដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន ឬក្រុមណាមួយ ជាពិសេសគួរតែស្វែងយល់បន្ថែមអំពីការវិនិយោគ ការគណនាផលចំណេញ និងហានិភ័យមុនពេលប្រឡូកក្នុងវិស័យនេះ៕
ប្រភពស្រាវជ្រាវ៖
- ETF vs. Mutual Fund: Similarities and Differences | The Motley Fool
- Exchange Traded Fund (ETF) Definition and Overview | Investopedia
- Mutual Funds and ETFs | A Guide for Investors | U.S. Securities and Exchange Commission | Investor.gov
- Mutual Funds vs. ETFs: What's the Difference? | Investopedia
- Mutual Funds | U.S. Securities and Exchange Commission | Investor.gov
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។