ធនាគារជាតិ បានលើកឡើងថា វិស័យអចលនទ្រព្យអាចនឹងនៅបន្តជួបវិបត្តិ ទោះជាសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង៥,៥% ក្នុងឆ្នាំ២០២៣នេះក៏ដោយ។
ក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច គឺមានការចូលរួមពីវិស័យជាច្រើន។ ក្នុងនោះវិស័យអចលនទ្រព្យក៏ជាសរសរស្តម្ភដ៏សំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ។ មួយរយៈពេលចុងក្រោយនេះ សេដ្ឋកិច្ចមិនសូវជាល្អនោះទេ ឯតម្រូវការផ្នែកអចលនទ្រព្យក៏មានការថយចុះផងដែរ។
បញ្ហាចម្បងដែលធ្វើឱ្យវិស័យនេះធ្លាក់ចុះមានដូចជា៖
- ការថយចុះនៃអ្នកវិនិយោគចិន ក្រោយពីប្រទេសចិនមានការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីត-១៩
- សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលនៅតែបន្តមិនចេះចប់មិនចេះហើយ បានធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគទុនពីបរទេស
- ការបន្តសាងសង់សំណង់ផ្សេងៗលើសពីតម្រូវការរបស់អ្នកទិញ។
ដើម្បីចូលរួមក្នុងការគាំទ្រវិស័យនេះរាជរដ្ឋាភិបាលបានការដាក់ចេញនូវគោលនយោបាយមួយចំនួនដូចជា៖
- ការពន្យាពេលក្នុងការបង់ពន្ធ ប្រសិនបើម្ចាស់សំណង់ត្រូវបង់ពន្ធក្រោម១លានដុល្លារមានពេលចន្លោះពី ១២ ទៅ ២៤ខែ។
- ម្ចាស់សំណង់ដែលត្រូវបង់ពន្ធលើសពី១លានដុល្លារមានពេលចាប់ពី២៤ ទៅ៣៦ខែ។
- ពន្ធលើប្រាក់ចំណេញក៏នឹងត្រូវដកចេញដែរ សម្រាប់ម្ចាស់សំណង់ទាំងអស់ដែលមានអាជ្ញាប័ណ្ណ។
- រាជរដ្ឋាភិបាលក៏បានលើកលែងពន្ធក្នុងការចុះបញ្ចីសម្រាប់សំណង់ដែលមានតម្លៃក្រោមឬស្មើ៧០០០០ដុល្លារ រហូតដល់ចប់ឆ្នាំ២០២៤។
- ព្រមទាំងលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនដែលមានការលំបាកក្នុងការទូទាត់សម្រាប់អចលទ្រព្យរបស់ពួកគេ។
បើយោងតាម អ្នកនាង គឹម គិនកេសា នាយករងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បាននិយាយថា វិស័យនេះមិនអាចត្រឡប់មកជាប្រក្រតីភ្លាមៗនោះទេ វាត្រូវការពេល ៣-៥ឆ្នាំទៀត ដើម្បីរីកមុខមាត់ដូចកាលពីឆ្នាំ២០២០មកវិញបាន។ ទោះជាយ៉ាងណា គាត់បានបន្តថា ការវិនិយោគលើវិស័យនេះក្នុងរយៈពេលវែង ទំនងជាអាចផ្តល់ផលចំណេញបាននៅពេលអនាគត។
ធនាគារជាតិនៃកម្ពុជា បានប៉ាន់ស្មានថា វិស័យសំណង់ និងអចលនទ្រព្យនឹងរើបម្រាស់មកវិញក្នុងអត្រា ១,៧% និង ១,៤%រៀងគ្នាក្នុងឆ្នាំ២០២៣នេះ៕