តម្លៃខ្លួន (net worth ឬ ទ្រព្យសុទ្ធ) សំដៅដល់ទ្រព្យសម្បត្តិសរុបរបស់បុគ្គលម្នាក់ ដែលជាតម្លៃនៃទ្រព្យ (assets) ទាំងអស់របស់បុគ្គលនោះ ដកនឹងបំណុលទាំងអស់របស់គេ។
ការគណនារកតម្លៃខ្លួនរបស់ខ្លួនឯងមិនពិបាកទេ ព្រោះយើងដឹងពីតម្លៃទ្រព្យ និងបំណុលទាំងអស់របស់ខ្លួនច្បាស់។ ប៉ុន្តែបើចង់រកតម្លៃខ្លួនរបស់តារាល្បីៗមិនងាយទេ ព្រោះគ្មាននរណាអាចដឹងពីតម្លៃជាក់លាក់នៃទ្រព្យរបស់ពួកគេទេ ហើយគេក៏មិនបង្ហាញប្រាប់ពីតម្លៃនៃទ្រព្យសម្បត្តិរបស់គេដោយងាយដែរ។
បើយោងតាមតារាងរាយនាមកីឡាករអត្តពលិកម្មដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅជុំវិញពិភពលោកក្នុងឆ្នាំ 2021 របស់ Forbes កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ Ronaldo ស្ថិតនៅលេខរៀងទី 3 ដែលមានតម្លៃខ្លួនរហូតដល់ទៅខ្ទង់ $500លានដុល្លារឯណោះ! ហេតុអ្វីបានជា Cristiano Ronaldo មាន Net Worth ខ្ពស់យ៉ាងនេះ?
តម្លៃខ្លួនរបស់របស់លោក Cristiano Ronaldo ត្រូវបានប៉ាន់ប្រមាណដោយបូកបញ្ចូលនូវចំណូលដែលគាត់រកបាន ទ្រព្យសម្បត្តិទាំងឡាយដែលគាត់មាន និងតម្លៃក្រុមហ៊ុនរបស់គាត់ផង។
ថ្មីៗនេះ Ronaldo បានចាកចេញពីក្លឹប Juventus ហើយមកចូលរួមជាមួយក្លឹប Manchester United ដែលការផ្លាស់ប្ដូរនេះក៏បានជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់គាត់ដែរ។ តាមការរាយការណ៍ពីប្រាក់ខែរបស់ Manchester United បានឱ្យដឹងថា បន្ទាប់ពីការផ្លាស់ប្ដូរក្រុមនាពេលថ្មីៗនេះ Ronaldo ទទួលបានប្រាក់ចំណូលប្រមាណ 27 លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលជាការថយចុះ បើប្រៀបនឹងប្រាក់ 34 លានដុល្លារក្នុងមួយឆ្នាំកាលនៅ Juventus (Goal, 2021)។
ក្រៅពីចំណូលដែលបានមកពីក្លឹបកីឡាបាល់ទាត់នេះ Ronaldo ក៏ទទួលបានចំណូលពីការងារផ្សព្វផ្សាយនានា (Sponsorship Deals) និងការងារជាអ្នកតំណាងម៉ាក (Brand Ambassador) ឱ្យក្រុមហ៊ុនធំៗដូចជា Nike និង CLEAR ជាដើម។ បន្ថែមពីនេះ Ronaldo ក៏មានប្រភពចំណូលពីម៉ាកអាជីវកម្មមួយចំនួនរបស់ខ្លួនដែរ រួមមានផលិតផលនិងសម្លៀកបំពាក់ម៉ាក CR7 និង សណ្ឋាគារនៅប្រទេសព័រទុយហ្កាល់។
គួរបញ្ជាក់ផងដែរថាតម្លៃខ្លួន ឬ net worth របស់បុគ្គលល្បីៗដូចជាកីឡាករ តារាចម្រៀង ឬតារាសម្ដែង ពឹងផ្អែកខ្លាំងលើមុខមាត់ ភាពល្បីល្បាញ និងការគាំទ្រពីសំណាក់មហាជនចំពោះពួកគេ៕
ឯកសារយោង:
- What is Cristiano Ronaldo’s net worth and how much does the Juventus star earn? | Goal
- How Celebrity Net Worth Is Calculated: Net Worth Formula | Fabiosa
អានបន្ថែមពី Net Worth 👉 https://www.facebook.com/…/a.1275777688…/296121072026224
© 2021 – 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។