សេចក្ដីប្រកាសសុំជួបនារីក្នុងរូប អ្នកណាខ្លះ? អេដមីនសុំស្គាល់តិចមើល៍! ខោអាវឡើងហៀរទូហើយ លឺតែថាអត់អីពាក់រហូត។ ហេតុអី? តាមពិតនោះគឺ …
ខោអាវហៀរទូដោយសារ
• ទិញទុក ទិញតាំង ទិញទុកពាក់ថ្ងៃក្រោយ
“អីយ៉ាស់ដូចទំនង! ទិញទុកពាក់ទៅដើរលេង ទិញទុកពាក់ទៅញ៊ាំការ កម្មវិធីខួបកំណើត -ល- និង -ល-” តែដល់ពេលត្រូវទៅណាទៅណីមែនទែន បានពាក់មែនឬអត់?
• ម៉ូដថ្មីៗទាក់ទាញចំណាប់អារម្មណ៍
បើនិយាយពីខោអាវមិនខ្វះទេ ប៉ុន្តែ… ឱ្យតែពេលដើរផ្សារ ឬ window shopping អង្គុយអូសមើលរូបខោអាវម៉ូដថ្មីៗតាមអនឡាញម្ដងៗ ដឹងតែ “ទម្លាក់លេខ ទម្លាក់ទីតាំង” ទោះកុងធនាគារកំពុងស្ថិតនៅក្នុងកម្រិតសង្គ្រោះបន្ទាន់ទៅហើយ។
• ធ្លាក់ក្នុងអន្លង់ស្នេហ៍ពាក្យឃោសនា
“ម៉ូដចេញថ្មី ចំនួនមានកំណត់ បើមិនទិញ គេទិញបាត់ ប្រយ័ត្នស្ដាយក្រោយ” តែអេដមីនសុំសួរមួយ ស្ដាយខោអាវមិនបានទិញ និងស្ដាយលុយដែលទិញហើយមិនបានពាក់ មួយណាជាជម្រើសអ្នក?
• សម្ពាធពីរង្វង់អ្នកជុំវិញខ្លួន
ខ្លាចថាទៅណាមកណា ខ្មាសគេព្រោះស្លៀកពាក់ខោអាវដដែលៗ មិនចុះចំណោមនឹងគេ។ អ៊ីចឹងហើយ ទិញខោអាវថ្មីៗ ក៏ព្រោះតែព្យាយាមតាមឱ្យទាន់សម័យដូចគេ។
• តម្រូវការច្រើនកាលៈទេសៈ
ភាគច្រើន នារីៗគាត់ត្រូវការខោអាវច្រើនប្រភេទ សម្រាប់ឱកាសផ្សេងៗគ្នា ដូចជាសម្រាប់ទៅធ្វើការ កម្មវិធីបុណ្យទាន ជប់លៀង សម្រាប់ដើរលេង និងសម្រាប់នៅផ្ទះជាដើម។
តែរកអីស្លៀកគ្មានដោយសារ
• ខោអាវចាស់ៗ ហួសសម័យអស់ហើយ!
កាលណាដែលទិញច្រើនហួស ពាក់មិនទាន់ ឬមិនបានពាក់តែម្ដង ហើយបើកប់នៅបាតទូទៀតនោះ ទម្រាំនឹកចង់ពាក់ក៏ចាស់អស់ ហួសសម័យបាត់ទៅហើយ។ យូរៗទៅ ខោអាវពេញទូមែនពិត តែពិតពេញដោយខោអាវចាស់ៗទៅវិញ។
• ខោអាវច្រើនមែន តែលែងត្រូវចិត្ត អស់អារម្មណ៍ស្រឡាញ់
ក្រឡេកមើលទូ សុទ្ធតែខោអាវ ប៉ុន្តែរកខោអាវដែលពេញចិត្តមួយគ្មាន។ រើចុះរើឡើង សល់តែខោអាវខុសខ្នាតពាក់លែងត្រូវ ឬម៉ូដហួសសម័យបាត់។ ឯសម្លៀកបំពាក់ខ្លះទៀត ទើបតែទិញទេ ស្លៀកមិនទាន់បានប៉ុន្មានផង ក៏អស់អារម្មណ៍ស្រឡាញ់បាត់ទៅហើយ។ ខោអាវពេញទូ ខ្លះនៅថ្មីៗសោះ បែរជាមិនចង់ពាក់ ហើយតាំងរអ៊ូថា «អត់អីពាក់អ៊ីចឹង?!» តែតាមពិតទៅ មកពីលែងចាប់ចិត្តគ្នាសោះ។
• មិនត្រូវទៅនឹងឱកាស ឬកម្មវិធីដែលត្រូវចូលរួម
ក្រឡេកមើលខោអាវឡើងពេញទូ ប៉ុន្តែខោអាវដែលត្រូវសាច់ការ រកមួយគ្មាន។ រើចុះ រើឡើង ខោអាវដែលត្រូវនឹងឱកាសកម្មវិធីបែរជាហួសសម័យ ឬបើពាក់ទៅ ដឹងតែមិនចុះចំណោមគេជាមិនខាន។ ចុងក្រោយ ត្រូវទៅទិញខោអាវថ្មីម្ដងទៀត។
ហ៊ឺម… ចុះឡើងៗ វដ្តនេះវិលមិនឈប់សោះ! ខោអាវមានហៀរទូ តែអត់អីពាក់ក៏ទៅទិញថ្មី។ ទិញថែមៗ ក៏កាន់តែហៀរទូបន្តទៀត ហើយនេះក៏ជាមូលហេតុមួយដែលអាចទាញស្ថានភាពហិរញ្ញវត្ថុរបស់យើងមិនអាចវិវត្តទៅមុខដែរ។
មិនថាតែមិត្តនារីៗទេ តែបើបងប្អូនបុរសៗគ្នាយើងមានជួបស្ថានភាពដូចនេះដែរ តើគួរធ្វើយ៉ាងណាជួយទប់ស្កាត់កាលៈទេសៈមួយនេះ?
- រៀបចំសម្លៀកបំពាក់ឱ្យមានសណ្ដាប់ធ្នាប់ ងាយរក មិនងាយភ្លេចថាខ្លួនមានអី អត់អី
- មានគម្រោងច្បាស់លាស់មុននឹងដើរផ្សារ ឬ window shopping តាមអនឡាញក៏ដោយ ចៀសវាងទិញរបស់មិនត្រូវការ ឬស្រឡាញ់បានតែមួយឆាវ តែឆាប់អស់ចិត្ត ហើយយកទៅទុកចោលអត់ពាក់
- ឱ្យប្រាកដខ្លួនឯងសិនថាច្បាស់ណាស់នឹងត្រូវពាក់សឹមទិញ
- ជ្រើសរើសសម្លៀកបំពាក់ណាដែលអាចប្រើប្រាស់បានច្រើនដង
- កុំព្យាយាមរត់តាមគេ តែស្ដាប់តាមតម្រូវការខ្លួនឯង ។
យើងគិតថាលុយកាក់ដែលចាយលើសម្លៀកបំពាក់មិនច្រើនប៉ុន្មាននោះទេ។ តែកុំភ្លេចថាអ្នកនៅមានចំណាយផ្សេងច្រើនទៀតដើម្បីបំពេញទាំងតម្រូវការ និងចំណង់របស់ខ្លួន។ អ៊ីចឹងអេដមីនសូមដាស់តឿនឱ្យអ្នកចេះរក្សាតុល្យភាពលើចំណាយទាំងអស់នេះ ចៀសវាងលុយហូរចេញហួសប្រមាណ។
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។