ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (Foreign Trade Bank of Cambodia ហៅកាត់ថា FTB) ជាធនាគារដំបូងគេបង្អស់នៅកម្ពុជា ដែលបានបង្កេីតឡេីងនៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពតត្រូវបានដួលរលំ។ តាមពិតទៅ ធនាគារ FTB ជាធនាគារពាក់កណ្តាលឯកជន ដែលកាលនោះត្រូវបានបង្កេីតឡេីងដោយការបូកបញ្ចូលគ្នារវាងភាគីរដ្ឋនិងឯកជន។
តេីធនាគារចាស់ជាងគេនៅកម្ពុជាមួយនេះបានវិវត្តិខ្លួនដូចម្តេចខ្លះ?
នៅឆ្នាំ២០០០ ធនាគារនេះបានផ្តាច់ចេញពីការគ្រប់គ្រងផ្ទាល់របស់ធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) តែនៅមានអត្តសញ្ញាណជាធនាគារពាណិជ្ជកម្មក្រោមកម្មសិទ្ធិរបស់រដ្ឋ។
ក្នុងឆ្នាំ២០០២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វេីសេចក្តីថ្លែងការណ៍ស្តីអំពីការធ្វេីឯកជនភាវូបនីយកម្មនៃធនាគារ ដែលជាផ្នែកមួយនៃកំណែទម្រង់ក្នុងវិស័យហិរញ្ញវត្ថុនៃរាជរដ្ឋាភិបាលកម្ពុជា។
លុះមកដល់ឆ្នាំ២០០៥ ម្ចាស់ភាគហ៊ុនរបស់ធនាគារ FTB សម្រេចដាក់លក់ភាគហ៊ុនរបស់ខ្លួន ទៅអោយធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន ING Holdings ស្របពេលដែលធនាគារជាតិបានដាក់លក់ភាគហ៊ុនរបស់ខ្លួនមាន២០%នៃភាគហ៊ុនទាំងអស់ ហេីយក្រសួងសេដ្ឋកិច្ចបានកាត់បន្ថយភាគហ៊ុនខ្លួនពី៨០%មកនៅត្រឹម១០%ប៉ុណ្ណោះ។
រហូតដល់ឆ្នាំ២០១១ ធនាគារកាណាឌីយ៉ាបានដាក់លក់ភាគហ៊ុនខ្លួនទាំងអស់(១៥.២២%) ដែលមាននៅក្នុងធនាគារ FTB ទៅកាន់ភាគីឯកជន២ផ្សេងទៀត។
សព្វថ្ងៃ ធនាគារ FTB មានម្ចាស់ភាគហ៊ុនចំនួន៤គឺ ក្រុមហ៊ុមING Holdings ដែលមានភាគហ៊ុន១១% ភាគីឯនជនម្នាក់មាន៥៣% និងមា្នក់ទៀតមាន២៣% ហេីយក្រសួងសេដ្ឋកិច្ចមាន១០%ដដែល។
ធនាគារ FTB មានផ្តល់ជូននូវសេវាកម្មធនាគារផ្ទាល់ខ្លួននិងពាណិជ្ជកម្ម ដែលមានដូចជាប្រាក់បញ្ញេីសន្សំ ប្រាក់បញ្ញេីមានកាលកំណត់ សេវាប្រាក់កម្ចី ផ្ទេរប្រាក់ និងប្តូររូបិយប័ណ្ណជាដេីម។ ក្រៅពីសេវាកម្មធនាគារទាំងនេះ ធនាគារ FTB ក៏បានអោយប្រាក់កម្ចីទៅការអភិវឌ្ឍន៍លើវិស័យថាមពលនិងទឹកស្អាត សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេសផង។
បេីយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៅឆ្នាំ២០១៧ ធនាគារ FTB រកបានប្រាក់ចំណូលសរុបប្រចាំឆ្នាំប្រមាណជាង៥៦លានដុល្លារអាមេរិក ហេីយមានទ្រព្យសម្បត្តិសរុបជាង១,០០០លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ធនាគារ FTB ជាធនាគារលំដាប់ទី៤នៅកម្ពុជាដោយផ្អែកលេីប្រាក់ចំណូលប្រចាំឆ្នាំ។