កាលពីមុនមានកូវីដ យើងធ្លាប់តែដើរផ្សារប្រជ្រៀតគ្នាដោយឥតភ័យព្រួយ ទិញអីវ៉ាន់តថ្លៃ ចេញពីតូបមួយទៅតូបមួយទម្រាំរករបស់ខ្លួនចង់បាន រហូតដល់ពេលខ្លះឈ្លោះជាមួយអ្នកលក់នៅផ្សាររហូតដល់បែកផ្សែងក៏មាន។
ដល់ឥឡូវ ស្របពេលដែលកូវីដកំពុងវាយលុកផង ព្រមទាំងបច្ចេកវិទ្យាជឿនលឿនផង សឹងតែគ្រប់គ្នាក៏មាន smart phoneនៅនឹងដៃ ទើបការទិញអីវ៉ាន់អនឡាញ ហាក់កំពុងត្រូវប៉ាន់ និងជាទំនោរមួយនាពេលនេះ ដោយមានភាពងាយស្រួល មិនហត់ចិត្ត មិនចាំបាច់តម្រង់ជួរ មិនក្ដៅ។ ប៉ុន្តែបើអ្នកគិតចង់ទិញអីវ៉ាន់អនឡាញ ដាច់ខាតគួរគិតធ្វើរឿងទាំងនេះសិន៖
១. ពិនិត្យមើលថាហាងទំនិញអនឡាញនោះមានទីតាំងច្បាស់លាស់ដែរឬទេ
រឿងដំបូងដែលអ្នកគួរធ្វើមុននឹងទិញទំនិញនានាពីហាងអនឡាញនោះ គឺត្រូវពិនិត្យថាទំនិញអនឡាញនោះ មានទីតាំងហាងច្បាស់លាស់ដែរឬទេ ឬប្រសិនបើគាត់គ្រាន់តែជាអ្នកលក់អនឡាញ គ្មានទីតាំងនោះ អ្នកគួរតែចចារពីតម្លៃ ការធានា និងបង់ប្រាក់មុនឱ្យហើយ។ ជាធម្មតា ប្រសិនបើអ្នកនៅទីតាំងឆ្ងាយ (អីវ៉ាន់ត្រូវផ្ញើទៅតាមខេត្ត) អ្នកត្រូវតម្រូវឱ្យបង់មុន ដូចនេះអ្នកត្រូវប្រាកដប្រជាថា ទំនិញនោះអាចផ្លាស់ប្ដូរបាន ប្រសិនបើមិនដូចក្នុងរូបជាដើម។
២. អានការវាយតម្លៃ (Review) មុនទិញទំនិញ
មុននឹងអ្នកទិញទំនិញ អ្នកគួរតែមើលការបញ្ចេញមតិ(Comment) និងការវាយតម្លៃ(Review ឬ Feedback នៅលើផេក) ដើម្បីទទួលបានព័ត៌មានសំខាន់អំពីទំនិញ និងភាពដែលគួរអោយទុកចិត្តរបស់ហាងទំនិញ។ លើសពីនេះទៅទៀត វាបង្ហាញអំពីមតិយោបល់នានារបស់អតិថិជនដែលធ្លាប់ទិញ ដែលអាចធ្វើអោយអ្នកធ្វើការសម្រេចចិត្តកាន់តែប្រសើរថាគួរ ឬមិនគួរមិនទិញទំនិញនោះ។ ការអានការបញ្ចេញមតិ(Comment) និងការវាយតម្លៃ(Review ឬ Feedback) របស់អតិថិជនគឺជាវិធីដ៏ល្អមួយដើម្បីពិនិត្យមើល គុណភាពទំនិញដែលអាចមានភាពផ្ទុយគ្នាស្រឡះពីសំណេររបស់អ្នកលក់។
៣. សួរនាំបញ្ជាក់ពីទំហំនិងគុណភាព
ទោះបីជាអ្នកដឹងពីទំហំស្តង់ដារ អ្នកគួរតែបញ្ជាក់បន្ថែមទៅលើទំហំសម្លៀកបំពាក់ឬស្បែកជើង ដែលអ្នកចង់ទិញដើម្បីចៀសវាងភាពរញ៉េរញ៉ៃនៅពេលអ្នកចង់ប្តូរទំនិញ។ សម្លៀកបំពាក់ឬស្បែកជើងអាចមានទំហំខុសគ្នាពីម៉ាកមួយទៅម៉ាកមួយទៀត។ អ្នកក៏គួរតែសួរបញ្ជាក់បន្ថែមទៅលើគុណភាពរបស់មុខទំនិញដើម្បីចៀសវាងការទទួលបានផលិតផលក្លែងកា្លយក្នុងតម្លៃស្មើនឹងផលិតផលសុទ្ធ។
៤. ពិនិត្យតម្លៃទំនិញនោះអោយបានច្រើនហាង
វាជាអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ធំបំផុតនៃការទិញទំនិញតាមអនឡាញ ដែលអ្នកអាចប្រៀបធៀបតម្លៃនៃទំនិញ តាមហាងផ្សេងៗគ្នាដើម្បីទទួលបានតម្លៃដ៏សមរម្យមួយ។ ការពិនិត្យតម្លៃ ឬសួរតម្លៃច្រើនហាងអនឡាញ ជួយអោយអ្នកចំណេញថវិកាបានមួយចំនួន។ ម៉្យាងវិញទៀត អ្នកក៏អាចទទួលបានអត្ថប្រយោជន៍នានាដូចជា ការមិនយកថ្លៃដឹកជញ្ជូន ទទួលបានការថែមមុខទំនិញ ប្រសិនបើអ្នកស្រាវជ្រាវអំពីទំនិញនោះបានច្រើនហាង។
៥. ទទួលទំនិញនៅកន្លែងសាធារណៈរឺកន្លែងដែលមានសុវត្ថិភាព
នៅពេលទទួលទំនិញអ្នកគួរទៅយកវានៅកន្លែងសាធារណៈ ហៅមិត្តភក្តិអ្នកទៅទទួលដើម្បីមានជាគ្នា។ ការទទួលទំនិញនៅកន្លែងស្ងាត់ អ្នកអាចនឹងរងគ្រោះដោយសារបទឧក្រិដ្ឋនានាដែលបង្កឡើងដោយអ្នកដឹកទំនិញមានចិត្តទុច្ចរិត។ អ្នកអាចរកជំនួយបានភ្លាមៗប្រសិនបើមានបញ្ហាមិនល្អកើតមានឡើង ម៉្យាងទៀតវាក៏ជាវិធីសាស្ត្រដែលល្អដើម្បីចៀសវាងពីការស្គាល់ផ្ទះរបស់អ្នកដោយជនដែលមានគំនិតមិនល្អផងដែរ។
យ៉ាងណាមិញ យើងឃើញថានាពេលថ្មីៗនេះ ជំងឺកូវីឌហាក់មានកំណើនឡើងសាជាថ្មី ដោយផ្ដល់ទុក្ខព្រួយដល់អ្នក ហើយអ្នកក៏ត្រូវតែប្រកាន់ភ្ជាប់អនាម័យជាប្រចាំជាដើម។ ដូចនេះប្រសិនបើអ្នកទិញអីវ៉ាន់អនឡាញ អ្នកគួរជ្រើសរើសការបង់លុយតាមកុងធនាគារ (Cashless) ឬអ្នកគួររាប់ចំនួនលុយនោះឱ្យគ្រប់ ដោយមិនចាំបាច់មានលុយអាប់ត្រឡប់មកវិញ ព្រោះអ្នកដឹងទេថា លុយជាវត្ថុដែលកង្វក់ជាងគេ ដែលមេរោគអាចតោងជាប់ក្នុងរយៈពេលពី ១៤ថ្ងៃ ដល់២៨ថ្ងៃឯណោះ៕