ពេលឃើញគេថតរូបទទួលសញ្ញាបត្របញ្ចប់ការសិក្សា ទំនងដល់ហើយ… “តែប៉ុណ្ណេះ លាហើយ homework លាហើយ assignment លាហើយគ្រូកាច តឹងរ៉ឹង” -ល-។
រៀនចប់ហើយ បានសញ្ញាបត្រហើយ តែប៉ុណ្ណេះរកការងារធ្វើ រកចំណូលបានខ្លួនឯងហើយ! តែការពិត តើវាងាយស្រួលចឹងមែនឬអត់? ទាល់តែទៅភ្លក្សជាក់ស្ដែងបានដឹង។ មិនអ៊ីចឹងទេ យើងអាចទៅសួរនាំ ស្ដាប់បទពិសោធន៍ពីបងៗ ឪពុកម្ដាយ អ៊ំពូមីង ចាស់ៗដែលធ្លាប់បានឆ្លងកាត់មុនយើងក៏បាន។
តាមពិតទៅ ការបញ្ចប់ការសិក្សាហើយទទួលបានសញ្ញាបត្រគឺជារឿងគួរឱ្យអបអរសាទរណាស់។ ប៉ុន្តែបើមានត្រឹមសញ្ញាបត្រ វានៅមិនទាន់គ្រប់គ្រាន់នោះទេ! ពេលឈានជើងចូលក្នុងពិភពការងារជាក់ស្ដែង នៅមានជំនាញ និងបុគ្គលិកលក្ខណៈមួយចំនួនទៀតដែលអ្នកត្រូវការ។
1. សារសំខាន់នៃជំនាញទន់
មុខជំនាញដូចជាគណនេយ្យ ធនាគារ ហិរញ្ញវត្ថុ វេជ្ជសាស្ត្រ វិស្វកម្ម -ល- គេហៅថាជំនាញឯកទេស (specializations) និងជំនាញដូចជាការប្រើប្រាស់កុំព្យូទ័រ ការអានឬសរសេរស្ទាត់ជំនាញជាដើម ដែលគេអាចបង្រៀនអ្នកបាន គេហៅថាជំនាញរឹង (hard skills) ។
រីឯ #ជំនាញទន់ (soft skills) សំដៅដល់ជំនាញពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈរបស់មនុស្សក្នុងអន្តរកម្មជាមួយអ្នកឯទៀត។ ជំនាញទន់សំខាន់ទាំងចំពោះសង្គមការងារ និងការរស់នៅ ដែលរួមមានជំនាញទំនាក់ទំនង ការធ្វើការងារជាក្រុម ការគិតបែបស៊ីជម្រៅនិងត្រិះរិះពិចារណា ភាពច្នៃប្រឌិត ការសម្របខ្លួនជាមួយមជ្ឈដ្ឋានជុំវិញខ្លួន ភាពជាអ្នកដឹកនាំ បំណិនដោះស្រាយបញ្ហា ការនិយាយជាសាធារណៈ -ល- ។ អ្នកខ្លះអាចមានជំនាញទាំងនេះ
តាំងពីកំណើត។ ប៉ុន្តែអ្នកខ្លះទៀតក៏ត្រូវហ្វឹកហាត់ រៀនសូត្រ បណ្ដុះបណ្ដាលបន្ថែមនូវជំនាញទន់ណាមួយដែលខ្លួនមិនទាន់មានផងដែរ។
ជំនាញទន់ជួយឱ្យយើងធ្វើការកាន់តែមានប្រសិទ្ធភាព បង្កើនឱកាសទទួលបានការងារល្អៗធ្វើ និង ទទួលបានការស្រលាញ់រាប់អាន និងគោរពពីមនុស្សជុំវិញខ្លួន។
Click here to read more about: Most Valuable Career Skills for 2022
2. បទពិសោធន៍ការងារ
មនុស្សយើងត្រូវការរៀនសូត្រជាប់ជានិច្ច មិនមែនចប់ត្រឹមបានសញ្ញាបត្រមួយពីរនោះទេ។ ម្យ៉ាងទៀត ក្នុងសង្គមការងារជាក់ស្ដែងក៏មិនដូចអ្វីដែលយើងបានរៀន 100% ដែរ។ ធ្វើការបណ្ដើរ រៀនបណ្ដើរ ឬចាប់ផ្ដើមការងារដំបូងជាអ្នកហាត់ការ (intern) ប្រៀបដូចជាទីផ្ដល់មេរៀនក្រៅសាលា ដែលបង្រៀនយើងពីបញ្ហា និង ដំណោះស្រាយជាក់ស្ដែងពាក់ព័ន្ធនឹងការងារដែលយើងកំពុងធ្វើ ហើយនេះគឺជាពេលដែលអ្នកអាចកសាងបទពិសោធន៍ទាំងសម្រាប់ជីវិតការងារ និងការអភិវឌ្ឍខ្លួន។ ប្រធានស្ថាប័ន ឬក្រុមហ៊ុន តែងចង់បានបុគ្គលិកដែលមានទាំងសញ្ញាបត្របញ្ជាក់ពីគុណវឌ្ឍិ (qualifications) រួមទាំងមានបទពិសោធន៍ពាក់ព័ន្ធនឹងការងារដែលខ្លួនត្រូវធ្វើទៀត ដើម្បីធានាបន្ថែមលើប្រសិទ្ធភាពការងារ និងលទ្ធភាពប្រឈមមុខនិងដោះស្រាយបញ្ហានានា នៅពេលខាងមុខ។
3. ស្គាល់មនុស្សម្នាឱ្យបានច្រើន
ចំណុចនេះមិនសំដៅលើការប្រើខ្សែបណ្ដាញដើម្បីទទួលបានប្រយោជន៍ទេ។ ការងាររបស់អ្នកនឹងកាន់តែមានប្រសិទ្ធភាព និងកាន់តែងាយសម្រេចបាន ប្រសិនបើអ្នកមានទំនាក់ទំនងល្អជាមួយបុគ្គលដែលពាក់ព័ន្ធនឹងការងាររបស់អ្នកកាន់តែច្រើន។ មនុស្សយើងមិនអាចធ្វើការងារណាមួយតែម្នាក់ឯងរហូតដោយមិនមាន ការពឹងពាក់សួរនាំគេឯងសោះនោះទេ។ ជារឿយៗ ការស្ដាប់យោបល់ ប្រឹក្សា និងទទួលបានព័ត៌មានពីមិត្តរួមការងារ ឬបុគ្គលណាមួយផ្សេងទៀតក្នុងវិស័យការងាររបស់អ្នក រមែងជួយអ្នកឱ្យងាយរកផ្លូវចេញពីបញ្ហាចោទ ជាពិសេសក្នុងកិច្ចបំពេញការងារនេះឯង។
ឈប់ៗ!! អត្ថបទនេះមិនមែនមានន័យថាសញ្ញាបត្រមិនសំខាន់នោះទេ! សញ្ញាបត្រនៅតែសំខាន់ តែយើងចង់ដាស់តឿនបន្ថែមថា ស្របពេលដែលអ្នកកំពុងបន្តថ្នាក់សិក្សា ក៏នៅមានកិច្ចសំខាន់ផ្សេងៗទៀតជាច្រើនដែលអ្នកត្រូវធ្វើ និងត្រូវរៀនសូត្របន្ថែមតទៀត។ រីឯសង្គមការងារ ក៏មិនគួរឱ្យខ្លាចណាស់ណាដែរ។ វាមានជូរ មានចត់ មានល្វីង តែក៏មានផ្អែមនៅក្នុងនោះដូចគ្នា។ អ្វីដែលសំខាន់នោះគឺ យើងមិនត្រូវបោះបង់ការរៀនសូត្រទាំងនៅក្នុងសាលា និងក្រៅសាលា មិនថាអ្នកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឬថ្នាក់កម្រិតខ្ពស់ណាក៏ដោយ ហើយត្រូវបន្តអភិវឌ្ឍខ្លួនឱ្យរីកចម្រើនជានិច្ច៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។