កន្លងមក «កាក់សេន» បាននិយាយច្រើនមកហើយទាក់ទិននឹងការវិនិយោគ។ ប៉ុន្តែមកដល់ថ្ងៃនេះ បានវិនិយោគអ្វីខ្លះដែរហើយ? (ចាំ comment ប្រាប់អេដមីនផង!)
រីឯអ្នកមិនទាន់វិនិយោគ ហេតុអីទៅ? មិនទាន់មានលុយច្រើន ចាំមានគ្រប់សិន ខ្លាចខាត ខ្លាចគេបោកប្រាស់… ខ្លាចនេះ ខ្លាចនោះ! ចុះធ្វើម៉េចទើបអាចយកឈ្នះភាពភ័យខ្លាចទាំងនេះបាន?
ថ្ងៃនេះ យើងនឹងលើកពីហេតុផលនៃភាពភ័យខ្លាចទាំងនោះ ជាមួយនឹងដំណោះស្រាយមួយចំនួនចំពោះអ្នកដែលមិនហ៊ានវិនិយោគដំបូង។
តើមានអីខ្លះ? សូមអានបន្ថែមលើរូបនីមួយៗខាងក្រោម!
ខ្លាចគេបោក
រឿងរ៉ាវស្នេហាខ្លះត្រូវគេបោកប្រាស់ច្រើនដង នៅតែហ៊ានមានទៀត។ ចុះការវិនិយោគ មិនទាន់សាកល្បងផង ខ្លាចគេបោកទៅហើយ? ឈប់ៗ! អេដមីនមិនមែនលើកទឹកចិត្តឱ្យអ្នកពេញចិត្តទ្រាំទ្រជាមួយការបោកប្រាស់នោះឡើយ។ ប៉ុន្តែដើម្បីចៀសផុតពីការបោកប្រាស់នានាទៀត វាទាមទារឱ្យអ្នកស្វ័យសិក្សា ស្រាវជ្រាវ ស្វែងរកដំបូន្មាន និងសាកសួរពិភាក្សាជាមួយអ្នកមានជំនាញច្បាស់លាស់។
ឧទាហរណ៍ថា អ្នកចង់វិនិយោគលើភាគហ៊ុន។ អ៊ីចឹង អ្នកអាចចាប់ផ្ដើមជាមួយការវិនិយោគក្នុងស្រុកជាមុនសិន តាមរយៈភ្នាក់ងារឬទីផ្សារគួរឱ្យទុកចិត្ត តួយ៉ាងដូចជាផ្សារមូលបត្រកម្ពុជា (CSX)។ បន្ទាប់ពីរាងជ្រាបពីការវិនិយោគភាគហ៊ុនហើយ សឹមឈានជំហានបន្ទាប់ទៅក្រៅស្រុក ដ្បិតថាទំនាក់ទំនងក្នុងស្រុកវាមានភាពងាយស្រួលជាងចំពោះអ្នកទើបចាប់ផ្ដើមដំបូង ដោយអ្នកអាចស្រាយចម្ងល់ផ្សេងៗទាន់ពេលវេលាជាមួយអ្នកជំនាញ ដែលអាចពន្យល់ក្បោះក្បាលជូនអ្នកបាន។
មិនទាន់មានលុយច្រើន
អ្នកចង់ចាប់ផ្ដើមវិនិយោគមួយចំនួនតែងគិតថា ការវិនិយោគតម្រូវឱ្យមានលុយច្រើនទើបអាចវិនិយោគបាន ឬការវិនិយោគសក្តិសមសម្រាប់តែអ្នកមានប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្ដែងមិនដូច្នោះទេ។ សម្រាប់អ្នកចាប់ផ្ដើមវិនិយោគដំបូង មានទុនវិនិយោគត្រឹមតិចតួច ក៏អាចប្រឡូកក្នុងការវិនិយោគបានដែរ។ តួយ៉ាង ការវិនិយោគក្នុងភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ដែលតម្លៃជាធម្យមរបស់ភាគហ៊ុនក្នុងស្រុកតិចជាង 4,000 រៀលប៉ុណ្ណោះក្នុងមួយហ៊ុន ហើយអ្នកអាចទិញតែក្នុងចំនួនអប្បបរមាដែលគេកំណត់ក៏បាន។
ខ្លាចខាតបង់
នរណាៗក៏ខ្លាចខាតបង់ ព្រោះលុយគឺពិបាករក។ ប្រសិនបើយកទៅវិនិយោគលើកដំបូង ហើយជួបប្រទះនូវហានិភ័យដែលមិនបានត្រៀមទុកទៀតនោះ វានឹងក្លាយជាបទពិសោធន៍មួយដែលធ្វើឱ្យអ្នកមិនហ៊ានសាកម្ដងទៀត។
ជាការពិត ការវិនិយោគតែងមានហានិភ័យ ប៉ុន្ដែវាអាស្រ័យថាតើអ្នកបានត្រៀមខ្លួនទទួលយកហានិភ័យ ឬក៏មានវិធីណាខ្លះដើម្បីចៀសផុតពី ឬកាត់បន្ថយកម្រិតហានិភ័យទាំងនោះបាន។
វិធីមួយដែលអាចជួយទប់ស្កាត់ ឬកាត់បន្ថយកំហាតបង់ធំធេងនោះគឺ ការធ្វើពិពិធកម្មផលបត្រ ឬ diversify investment portfolio។ ពោលគឺ មិនផ្ដោតលើការវិនិយោគតែមួយទាំងស្រុង ឬ “Don’t put all eggs in one basket”។
បន្ថែមពីនេះទៅទៀត ទោះបទពិសោធន៍ពីការវិនិយោគនេះមានលទ្ធផលយ៉ាងណាក៏ដោយ សូមទទួលយកវា និងចាត់ទូកជាមេរៀនសម្រាប់ការវិនិយោគលើកក្រោយ។
រញ៉េរញ៉ៃ និងស្មុគស្មាញ
ពិតជាត្រឹមត្រូវ! ការវិនិយោគអាចនឹងមានភាពស្មុគស្មាញ រញ៉េរញ៉ៃច្រើនសម្រាប់អ្នកវិនិយោគដំបូង។ ប៉ុន្តែអ្វីក៏ដោយ តែងតែមានភាពស្មុគស្មាញរបស់វា រួមទាំងការរកស៊ី ការងារ ឬការរៀនសូត្រជាដើម។
ភាពស្មុគស្មាញទាំងនេះរមែងកើតមានពេលយើងចាប់ផ្ដើមធ្វើវាដំបូងមែនពិត។ ប៉ុន្តែវានឹងមិនស្មុគស្មាញរហូតទេ។ នៅពេលដែលអ្នកថ្នឹកនឹងវាទៅ ភាពស្មុគស្មាញនោះនឹងរំសាយបន្តិចម្ដងៗវិញជាមិនខាន។
ឧបមាថា អ្នកចង់វិនិយោគលើភាគហ៊ុនដដែល ប៉ុន្តែអ្នកមិនដឹងចាប់ផ្ដើមពីចំណុចណា។ ជាដំបូង អ្នកគួរចាប់ផ្ដើមសិក្សាស្រាវជ្រាវពីព័ត៌មានតាមរយៈគេហទំព័រផ្សារហ៊ុនកម្ពុជា ឬស្វែងយល់តាមអត្ថបទរបស់កាក់សេនពីមុនអំពីវិស័យភាគហ៊ុននេះ ឬស្វែងរកការពិភាក្សាជាមួយ Broker ដែលមានការយល់ដឹងច្បាស់លាស់អំពីការវិនិយោគលើភាគហ៊ុនង និងមាន listing នៅក្នុងផ្សារមូលបត្រកម្ពុជានេះតែម្ដង។
សារផ្ដាំផ្ញើ
ភាពភ័យខ្លាចដូចដែលបានរៀបរាប់ខាងលើនេះគឺជាឧបសគ្គដែលអាចរារាំងយើងមិនអាចសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ។ ជាក់ស្ដែង មិនថាតែការវិនិយោគទេ មុនចាប់ផ្ដើមធ្វើអ្វីមួយដែលថ្មី យើងច្រើនតែមានភាពភ័យខ្លាចមួយចំនួនដែលក្លាយទៅជាឧបសគ្គរារាំងការសម្រេចបានគោលដៅរបស់ខ្លួន។ ផ្ទុយទៅវិញ ភាពភ័យខ្លាចទាំងនេះនឹងលែងជាបញ្ហាទៀតទេ ដរាបណាអ្នកបានព្យាយាមខិតខំស្វែងរកនូវដំណោះស្រាយដើម្បីជំនះវា នោះអ្នកនឹងអាចសម្រេចបាននូវក្ដីប្រាថ្នារបស់អ្នក។
បន្ទាប់ពីអានហើយ តើអ្នកទាំងអស់គ្នាមានភាពភ័យខ្លាចអ្វីខ្លះ? ជួយ Comment ប្រាប់អេដមីនឱ្យបានដឹងផង!