ក្រុមហ៊ុនមេ (Parent Company)
ជាក្រុមហ៊ុនមួយដែលមានសិទ្ធិគ្រប់គ្រង ឬបញ្ជាលេីដំណេីរការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន( ក្រុមហ៊ុនតូចៗ ឬជាសាខានៃក្រុមហ៊ុនមេ)។ ក្រុមហ៊ុនមេ មានទំនួលខុសត្រូវលេី ហិរញ្ញវត្ថុ និងពន្ធ របស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរ។ បើនិយាយឱ្យកាន់តែងាយយល់ ក្រុមហ៊ុនមេប្រៀបបានជាឪពុកម្ដាយ
ដែលទទួលបន្ទុកមើលថែកូនៗរបស់ខ្លួនទាំងការហូបចុក ចាយវាយ ឬការពារយើង ពេលដែលយើងមានបញ្ហាយ៉ាងដូច្នោះឯង។
ឧទាហរណ៍ដូចជា ក្រុមហ៊ុន Coca Cola ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនដែលជាសាខា នៅពីក្រោមដូចជា Sprite, Fanta, Dasani , Zico និងក្រុមហ៊ុនដទៃផ្សេងទៀតជាដើម។
លក្ខណៈពិសេស៖
- ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចបង្កើតយីហោផ្ទាល់ខ្លួន
- មានរបៀបគ្រប់គ្រងផ្ទាល់ខ្លួន ក៏ដូចជាវិធីសាស្រ្តនៃប្រតិបត្តិការ ឱ្យសមស្របនឹងលក្ខណៈស្ថានភាព អាជីវកម្មរបស់ខ្លួន
- អាចទទួលបានអត្ថប្រយោជន៍ពន្ធ ប្រសិនបើក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋ ឬប្រទេសផ្សេងពីក្រុមហ៊ុនមេ។
ក្រុមហ៊ុនដែលមានភាគកម្មក្នុងសហគ្រាស (Holding Company)
ជាក្រុមហ៊ុនដែលមានទម្រង់រចនាសម្ព័ន្ធប្រៀបដូចជា ក្រុមហ៊ុនបែបសាជីវកម្ម ដែលសមាសភាពប្រភេទក្រុមហ៊ុននេះអាចរួមមានក្រុមហ៊ុនច្រើនចូលរួម ដូចជាក្រុមហ៊ុនមេ(Parent company), ក្រុមហ៊ុនចំកាត់(Limited liability company) ឬសហកម្មសិទ្ធិមាន កំណត់(Limited partnership)។ វាមានលក្ខខណ្ឌស្រដៀងទៅនឹងក្រុមហ៊ុនមេ ដែលកាន់កាប់ភាគហ៊ុនល្មមអាច មានសិទ្ធិកំណត់សម្រេចទៅលើក្រុមហ៊ុនទាំងឡាយណាដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនបាន។ ជាក់ស្ដែងដូចជា ក្រុមហ៊ុន Royal Group ដែលមានបញ្ជីដំណើរការក្រុមហ៊ុនដូចជា Cellcard, Wing, CTN TV, EZECOM និងក្រុមហុ៊នជាច្រើនមួយចំនួនទៀត ដោយអ្នកអាចស្វែងរកបាននៅលើគេហទំព័រនេះ ខាងក្រោមនេះ ៖“http://www.royalgroup.com.kh/list-companies/”
លក្ខណៈពិសេស
អត្ថប្រយោជន៍របស់ក្រុមហ៊ុនដែលមានភាគកម្មក្នុងសហគ្រាសគឺ ៖
- ភាពជាម្ចាស់កម្មសិទ្ធិលើប្រតិបត្តិការ
- អត្ថប្រយោជន៍ពន្ធ (ក្រុមហ៊ុនបុត្រសម្ព័ន្ធតូចៗច្រើន)
- ទទួលគុណសម្បត្តិច្រើនពីផ្នែកហិរញ្ញវត្ថុ
ឧទាហរណ៍៖ ក្រុមហ៊ុន “ក” ដែលជាក្រុមហ៊ុនដែលមានភាគកម្មក្នុងសហគ្រាស(Holding Company) នៃក្រុមហ៊ុន “ខ គ និងឃ” ប៉ុន្ដែ ក្រុមហ៊ុន “ឃ” ត្រូវបានគេប្ដឹងផ្ដល់ និងមានការប្រកាសក្ស័យធន។ ដូច្នេះ ក្រុមហ៊ុន “ក” ដែលជាម្ចាស់ភាគហ៊ុនមិនតម្រូវឲ្យមានសំណង លើសពីអ្វីដែលខ្លួនបានវិនិយោគនោះឡើយ។ ពោល គឺកាតព្វកិច្ចរបស់គេ “ធ្វើការប្រកាសហ៊ុន ដែលបាត់បង់ពីការវិនិយោគនោះតែប៉ុណ្ណោះ”។
អញ្ចឹងយើងអាចសន្មត់ថា ក្រុមហ៊ុនដែលមានភាគកម្មក្នុងសហគ្រាសប្រៀបបានដូចជា អ្នកវិនិយោគភាគហ៊ុន ដោយភាគច្រើនចាំតែទទួល យកនូវប្រាក់ចំណេញ(ភាគលាភ) ពីក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួន។ រីឯក្រុមហ៊ុនមេប្រៀបបានទៅនឹងអ្នកអចលនទ្រព្យ ដែលបន្ទាប់ពីទិញ ឬជួលរួចក៏បង្កើតជាជំនួញ និងអាជីវកម្មផ្សេងៗទៀត។