ចំណូលអកម្មខុសពីចំណូលសកម្ម។ ចំណូលសកម្មគឺចំណូលដែលយើងទទួលបានមកពីការបំពេញការងារ សេវាកម្ម ឬកម្លាំងពលកម្មដើម្បីដោះដូរមកវិញនូវប្រាក់ឈ្នួល ឬប្រាក់ខែ ឬបើចំពោះអ្នករកស៊ី គឺចំណូលពីមុខរបរគោលរបស់ពួកគេ។ រីឯចំណូលអកម្ម មិនទាមទារឱ្យអ្នកខិតខំប្រឹងប្រែងបម្រើសេវាឬពលកម្ម ឬចូលរួមបំពេញសកម្មភាពយ៉ាងសកម្មទេ។
ប្រភេទចំណូលអកម្មមានដូចជា ចំណូលបានពី៖
- ការជួលអចលនទ្រព្យ៖ ឧ. ជួលផ្ទះ ដីធ្លី សំណង់អាគារ ។ល។
- ការប្រាក់ពីគណនីសន្សំ៖ ការប្រាក់ដែលទទួលបានពីប្រាក់បញ្ញើរបស់អ្នកនៅធនាគារ។
- ផលចំណេញពីភាគហ៊ុន៖ ភាគហ៊ុនដែលអ្នកបានវិនិយោគលើអាជីវកម្មណាមួយ តែមិនបានចូលរួមសកម្មភាពដ៏សកម្ម។
- ទីផ្សារភាគហ៊ុន ៖ ផលចំណេញពីភាគហ៊ុនដែលអ្នកបានទិញក្នុងទីផ្សារមូលបត្រ ប៉ុន្តែប្រភពចំណូលនេះហាក់មានហានិភ័យបន្តិច ហើយទាមទារការយល់ដឹងពីវាស៊ីជម្រៅ។
- រកស៊ីចងការប្រាក់ ៖ ចំណូលពី “ការប្រាក់” លើប្រាក់កម្ចីដែលអ្នកផ្ដល់ទៅកាន់ក្រុមបុគ្គល ឬដៃគូជំនួញណាមួយ។ យ៉ាងណាមិញ ប្រភេទចំណូលនេះ ហាក់មានហានិភ័យខ្ពស់ដែរ ដ្បិតថាវាមិនតម្រូវការដាក់ទ្រព្យបញ្ចាំ ឬមានលិខិតស្នាមអ្វីច្បាស់លាស់ទេ នោះបើកូនបំណុលគេចវេសមិនព្រមសងមកវិញ អ្នកនឹងខាតបង់ខ្ពស់។
- ការផ្សព្វផ្សាយ ៖ ចំណូលដែលទទួលបានពីការដាក់បង្ហាញផ្សព្វផ្សាយពាណិជ្ជកម្ម ឬផ្ទាំងប៉ាន់ណូជាដើម។ ឧ. រ៉ឺម៉កកង់បី ដែលមានផ្ទាំងផ្សាយពាណិជ្ជកម្មពីខាងក្រោយ ឬផ្ទាំងប៉ាណូផ្សព្វផ្សាយនៅតាមផ្ទះ ឬអាគារផ្សេងៗ។
- ដាក់លក់សៀវភៅអនឡាញ (Online E-book) ៖ ចំណូលដែលអ្នកទទួលបានពីការសរសេរសម្រាយងាយៗទៅលើសៀវភៅនោះ ឬបង្កើតជាសៀវភៅសំឡេង (Audio Book) ដើម្បីបង្ហោះលក់។ គន្លឹះ៖ អ្នកអាចបង្កើតប្រធានបទថ្មីៗ ដោយលើកយកបកស្រាយជាសំឡេង និងបង្ហោះក្នុង Podcast ឬGoogle podcast។ អ្នកនឹងទទួលបានប្រាក់ចំណូលនេះ តាមរយៈការ Subscribe Sponsor & advertise។ល។ យ៉ាងណាមិញ គួរសិក្សាស៊ីជម្រៅបន្ថែម លើប្រភពចំណូលពី Podcast ។
- បង្កេីតទីផ្សារតគ្នា (Affiliate Marketing) ៖ ម្ចាស់គេហទំព័រ(Website Owner), អ្នកសរសេរ ប្លក់(Blogger) ឬអ្នកប្រម៉ូត(Influencer) អាចបង្កើតចំណូលអកម្មតាមការប្រម៉ូតផលិតផល ដោយប្រើលីង(Link)តភ្ជាប់ជាមួយនឹងគណនី ឬគេហទំព័ររបស់ពួកគេជាមួយនឹងផលិតផល។ ដូចគ្នាដែរ អ្នកអាចទទួលបានប្រាក់កម្រៃជើងសារលុះត្រាតែ “មានការចុចទៅលើលីង ហើយបញ្ជារទិញ” ទៅលើផលិតផលមួយនោះ។
- បញ្ជាទិញអីវ៉ាន់ (Dropshipping) ៖ ប្រាក់ចំណូលដែលអ្នកទទួលបានពីការកម្ម៉ង់អីវ៉ាន់អនឡាញ។ សម្រាប់ប្រភពចំណូលនេះ អ្នកពុំចាំបាច់មានអីវ៉ាន់ផ្ទាល់ខ្លួននោះឡើយ ដោយអ្នកមានតួនាទីជាអ្នកសម្របសម្រួល ទិញដូរអីវ៉ាន់ឱ្យគេ រីឯប្រាក់ចំណេញ វាអាស្រ័យលើតម្លៃដែលអ្នកដាក់លក់ និងទិញចូល។
ប្រាក់ចំណូលអកម្មដ្បិតថា វាមិនទារឱ្យអ្នកធ្វើការសកម្មក៏ពិតមែន តែអ្នកក៏ត្រូវតែមានគំនិតច្នៃប្រឌិត ដើម្បីបង្កើតចំណូលបន្ថែមដោយមិនប្រើសកម្មភាពផ្ទាល់ខ្លួនច្រើន។ កាក់សេនក៏សូមលើកទឹកចិត្តអ្នកព្យាយាមបង្កើតប្រភពចំណូលឱ្យបានច្រើន ទាំងអកម្ម និងសកម្ម ដើម្បីជាស្ពានឈានទៅដល់ការសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន៕
Click here to read more about: 20 passive income ideas to help you make money in 2022