កាលពីថ្ងៃមុន កាក់សេន បានសាកសួរពីមិត្តអ្នកអានអំពីអត្ថន័យនៃពាក្យ “ហិរញ្ញវត្ថុផ្ទាល់ខ្លួន” ហើយយើងសង្កេតឃើញមានមតិជាច្រើនខុសៗគ្នា។ មានអ្នកខ្លះក៏បានឱ្យនិយមន័យស្រដៀងទៅនឹងអ្វីដែលយើងនឹងលើកយកមកចែករំលែកថ្ងៃនេះដែរ អ៊ីចឹង តោះអានទាំងអស់គ្នាថា តើ “ហិរញ្ញវត្ថុផ្ទាល់ខ្លួន” សំដៅទៅលើអ្វី?
ពាក្យថាហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺសំដៅដល់សកម្មភាពឬការសម្រេចចិត្តទាំងឡាយ ដែលពាក់ព័ន្ធទៅនឹងការទុកដាក់លុយកាក់។ ឬអាចនិយាយឱ្យខ្លីបានថា ហិរញ្ញវត្ថុផ្ទាល់ខ្លួនសំដៅដល់ការគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួននេះឯង ដែលរួមមានទាំងលុយចាយ លុយសន្សំ លុយវិនិយោគ និងលុយសម្រាប់ប្រើប្រាស់ដទៃទៀត។ ឧទាហរណ៍ដូចជា ការសន្សំលុយដេីម្បីទិញផ្ទះ រៀបចំការចាយវាយប្រចាំថ្ងៃ ឬ បង្កេីតគោលដៅសន្សំ សម្រាប់ទុកវិនិយោគលេីអាជីវកម្មណាមួយដែលខ្លួនស្រលាញ់។
ក្រៅពីនេះ សកម្មភាព ឬការសម្រេចចិត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំងនោះ ក៏អាចមានដូចជា ការចេះចាត់ចែងរៀបចំទុកដាក់លុយកាក់ ការគ្រប់គ្រងលំហូរសាច់ប្រាក់ (រកចំណូលនិងគ្រប់គ្រងចំណាយ) ការសន្សំ ការចៀសផុតពីបំណុលអាក្រក់ ការវិនិយោគ ការប្រើប្រាស់សេវាធនាគារ ធានារ៉ាប់រង និងការរៀបចំផែនការចូលនិវត្តន៍ជាដើម។
នៅពេលគេនិយាយពីហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺវាតែងពាក់ព័ន្ធទៅនឹងគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលអាចជាគោលដៅសន្សំ គោលដៅវិនិយោគ គោលដៅបង្កើនទ្រព្យសម្បតិ្ត គោលដៅចូលនិវត្តន៍ ឬគោលដៅផ្សេងទៀត។ ប៉ុន្តែដើម្បីសម្រេចបានគោលដៅទាំងនោះ វាអាស្រ័យទៅលើកម្រិតប្រាក់ចំណូល ខ្ទង់ចំណាយ ឬបំណងប្រាថ្នាតូចធំរបស់អ្នក ព្រមទាំងការបង្កើត និងអនុវត្តយុទ្ធសាស្រ្តនិងផែនការហិរញ្ញវត្ថុ ទៅតាមកម្រិតស្ថានភាពហិរញ្ញវត្ថុជាក់ស្តែង។
ទន្ទឹមជាមួយគ្នានេះ ដើម្បីអាចគ្រប់គ្រងហិរញ្ញវត្ថុ និងដើម្បីអាចសម្រេចចិត្តឱ្យបានត្រឹមត្រូវប្រកបដោយភាពឆ្លាតវៃ វាទាមទារឱ្យអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ (Financial literacy) សិន។ អ្នកអាចទទួលបានជំនាញនេះតាមរយៈការហ្វឹកហាត់ដោយខ្លួនឯង រៀនពីបទពិសោធន៍ផ្ទាល់ខ្លួន ការអង្កេតនិងក្រេបយកចំណេះដឹងពីប្រភពដទៃ និងវិធីជាច្រើនទៀត ដែលអ្នកអាចស្វែងយល់ពីវាទៅតាមពេលវេលា។
យ៉ាងណាមិញ អ្នកក៏អាចតាមដានគេហទំព័រលើបណ្ដាញសង្គមដូចជាកាក់សេន ដែលពួកយើងតែងតែពាំនាំនូវចំណេះដឹងហិរញ្ញវត្ថុមកចែករំលែកដល់អ្នកទាំងអស់គ្នា ក្នុងគោលបំណងក្រើនរំលឹក ថ្លឹងថ្លែង ពិភាក្សា និងបង្ហាញពីមតិយោបល់របស់ពួកយើង ដើម្បីត្រិះរិះពិចារណានិងដើម្បីជាជំនួយដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុឆ្លាតវៃដល់អ្នកទាំងអស់គ្នា៕
ចុចទីនេះស្វែងយល់បន្ថែមពី: ហេតុអ្វីហិរញ្ញវត្ថុផ្ទាល់ខ្លួនសំខាន់?