ស្ថានភាពកូវីដនៅប្រទេសកម្ពុជានាពេលនេះ ហាក់មិនទាន់ល្អប្រសើរនៅឡើយ ដោយតំបន់ខ្លះនៅតែបន្តបិទរាំងខ្ទប់ ដែលជាក្ដីបារម្ភដល់បញ្ហាដល់ប្រជាជាតិទាំងមូល។ ទោះជាយ៉ាងណាក្នុងអំឡុងពេល និងក្រោយពេលកូវីដចប់ទៅ អ្នកគួររៀបហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចម្ដេចខ្លះ?
ក្នុងអំឡុងពេលកូវីដ
- រៀបចំគម្រោងចំណាយជាតួលេខ៖ ចំណាយដែលអាចកាត់បន្ថយរួមមានថ្លៃធ្វើដំណើរ ថ្លៃចេញទៅក្រៅ សម្ភារមិនចាំបាច់ (សម្ភាៈទូទៅ សម្លៀកបំពាក់...)។ ចំណាយចាំបាច់មានម្ហូបអាហារ ទឹកភ្លើង កាតទូរសព្ទ និងថ្លៃផ្ទះ ដែលអ្នកត្រូវបូកសរុបថាក្នុងមួយអាទិត្យអ្នកចំណាយប៉ុន្មាន ហើយក្នុងមួយខែអ្នកត្រូវការប្រាក់ចំនួនប៉ុន្មានដើម្បីទប់ទល់នឹងចំណាយនេះ។
- នៅផ្ទះ ឈ្នះកូវីដ៖ ការជួបជុំក្រៅត្រូវតែផ្ដាច់ពេលនេះ មិនថាការជួបជុំហូបចុកជាមួយអ្នកជិតខាង ទទួលទានស្រាបៀ ឬកម្មវិធីជប់លៀងណាមួយ ចៀសវាងចម្លងជំងឺ និងចាយវាយលុយកាក់ច្រើន។
- ដាច់ខាតកុំទាន់អាលកុំទិញទ្រព្យបំណុល៖ ក្នុងអំឡុងពេលនេះប្រាក់ពិតជាសំខាន់ ប្រសិនបើអ្នកចង់ទិញទ្រព្យបំណុលតាមរយៈការបង់រម្លស់ដោយគ្មានអត្រាការប្រាក់ក្ដី វាមិនមែនជាជម្រើសល្អនាពេលនេះឡើយ។
- ចៀសវាងបន្ថែមបំណុលថ្មី៖ ប្រសិនបើមិនចាំបាច់ សុំកុំបន្ថែមបំណុលថ្មី ជាពិសេសបំណុលដែលមានអត្រាការប្រាក់ខ្ពស់ពីអ្នកចងការ ដ្បិតថាបំណុលនេះនឹងអាចឱ្យអ្នកធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌក។
- ស្នើសុំ ឬពន្យាពេលចំណាយមួយចំនួន៖ ស្នើសុំទៅកាន់ម្ចាស់ផ្ទះជួយកាត់បន្ថយតម្លៃផ្ទះ ទោះតិចក្ដីច្រើនក្ដីក៏បាន។ ប្រសិនបើអ្នកមានលេងតុងទីន ស្នើសុំសមាជិកក្នុងក្រុមទាំងអស់ ឱ្យផ្អាកប្រមូលលុយសិនតាមរយៈការព្រមព្រៀងណាមួយ។
- រកការងារដែលអ្នកបង្កើតចំណូល៖ បច្ចុប្បន្នការងារមួយចំនួនដូចជាអ្នកបញ្ចូលឯកសារ អ្នកសរសេរអត្ថបទ អ្នកឌីហ្សាញ គ្រូបង្រៀន សុទ្ធតែអាចពីផ្ទះបាន។
- បង្កើនចំណេះដឹង៖ មិនថាចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចំណេះដឹងផ្សេងៗតាមរយៈហ្វេសប៊ុកផេក ឬអ្នកអាចចូលរួមជាសមាជិក Clubhouse ក៏បាន។
- កុំភ្លេចមើលថែសុខភាពផ្លូវកាយនិងផ្លូវចិត្ត៖ សុខភាពហិរញ្ញវត្ថុពិតជាសំខាន់ តែសុខភាពផ្លូវចិត្តនិងកាយក៏សំខាន់ដូចគ្នា។ ហាត់ប្រាណឱ្យបានទៀងទាត់ បន្តរក្សាគម្លាត លាងដៃនិងអាកុង ប្រសិនបើព័ត៌មានណាធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ គួរចៀសវាងតាមដាន។
ក្រោយចប់កូវីដ
- រៀបចំស្ថានភាពហិរញ្ញវត្ថុឡើងវិញ៖ ចំណាយក្នុងអំឡុងពេលបិទខ្ទប់នឹងត្រូវត្រឡប់មកវិញដូចជាថ្លៃធ្វើដំណើរ ចំណាយផ្សេងៗនៅខាងក្រៅ ដំណើរកម្សាន្ត ទឹកភ្លើង ផ្ទះ ធនាគារ បំណុល និងចំណាយផ្សេងៗ។ រៀបចំវាចូលតារាងមួយ បូកសរុបចំណាយប្រចាំថ្ងៃ ប្រចាំអាទិត្យ ដើម្បីគ្រប់គ្រងការចាយវាយឱ្យមានខ្ទង់។
- ដោះស្រាយបំណុល៖ បូកសរុបបំណុលដែលអ្នកអាចមានក្នុងអំឡុងពេលបិទខ្ទប់ ទូទាត់បំណុលទាំងនោះជាដំណាក់កាល តាមរយៈអត្រាការប្រាក់តិច ឬច្រើន។
- ពិភាក្សាចចារជាមួយធនាគារ (ប្រសិនបើអ្នកមានបង់រម្លស់ផ្ទះ)៖ តើខាងធនាគារមានរយៈពេលប៉ុន្មាន លើកលែងការបង់រម្លស់នេះ ឬមានការផាកពិន័យអ្វីខ្លះសម្រាប់ការបង់យឺតយ៉ាវ។
- បង្កើនប្រភពចំណូល៖ បង្កើតប្រភពចំណូលលើសពីមួយ បង្កើតចំណូលអសកម្ម (Passive Income) ការងារក្រៅម៉ោង ការងារជា Freelancer បើកដំណើរការអាជីវកម្មតូចមួយលើអនឡាញ ឬទីតាំងផ្ទាល់។
- ពិចារណាចំពោះកម្ចី៖ មុននឹងសម្រេចចិត្តទទួលយកកម្ចី មិនថាពីធនាគារ ឬអ្នកចងការប្រាក់ សូមសិក្សាលើលទ្ធភាព អត្រាការប្រាក់ គម្រោងកម្ចីច្បាស់លាស់ថាយកលុយនោះទៅអ្វី ចៀសវាងជាប់បំណុលកាន់តែច្រើន។
- បង្កើតកញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន (Emergency Fund)៖ បង្កើតកញ្ចប់នេះរបស់អ្នកឡើងវិញ ដើម្បីការពារពីហានិភ័យផ្សេងៗទៀត ដ្បិតថាការបិទរាំងខ្ទប់នេះជាមេរៀនមួយដែលយើងអាចរៀនពីវាបាន។
- រៀបចំផែនការហិរញ្ញវត្ថុ៖ រៀបចំផែនការហិរញ្ញវត្ថុរយៈពេលខ្លីអាចរួមមាន ប្រភពចំណូលបច្ចុប្បន្ន ចំណាយចាំបាច់ ចំណូលបន្ថែម និងចំណាយផ្សេងៗទៀត ដែលត្រូវចាយវាយក្នុងរយៈពេលមួយអាទិត្យ មួយខែ ៣ខែ។ ផែនការហិរញ្ញវត្ថុពេលវែង សំដៅដល់ការវិនិយោគមិនថាវាភាគហ៊ុន ប័ណ្ណបំណុល អាជីវកម្ម ឬលើវិស័យអចលនទ្រព្យ។
ដ្បិតថាក្នុងអំឡុងពេលកូវីដនេះ ទាំងសេដ្ឋកិច្ចជាតិ និងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកសុទ្ធតែប៉ះពាល់ ប៉ុន្តែយើងជឿជាក់ថា អ្វីៗនឹងត្រឡប់ប្រសើរឡើងវិញជាមិនខាន ដូចដែលយើងធ្លាប់ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ២០០៨ ដូច្នោះដែរ។ ចូលរួមរក្សាគម្លាត អនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលទាំងអស់គ្នា៕