ព្យ៉ាស់(Piastre) គឺជារូបិយប័ណ្ណបរទេសរបស់បារាំងត្រូវបានបោះពុម្ពនៅអំឡុងឆ្នាំ ១៨៧៨ ដែលក្រដាសប្រាក់ព្យ៉ាស់នេះត្រូវបានបោះពុម្ពដោយធនាគារឥណ្ឌូចិន ហើយនៅពេលនោះ វាត្រូវបានគេដាក់ចរាចរឱ្យប្រើប្រាស់បីប្រទេសរួមគ្នាដែលមានដូចជា កម្ពុជា ឡាវ និងវៀតណាម។
បើតាមសំណេរប្រវត្តិសាស្ត្រនៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានលើកឡើងថា ក្រដាសប្រាក់ព្យ៉ាស់ត្រូវបានបោះពុម្ពចំនួន ២ លើក ដោយនៅលើកទី១ គឺពីឆ្នាំ ១៨៧៥ ដល់ ឆ្នាំ១៩៣៩ ដែលវាមានលក្ខណៈសម្បត្តិទៅខាងប៉ែកអឺរ៉ុបច្រើន។ រីឯការបោះពុម្ពលើកទី២វិញ គឺពីឆ្នាំ១៩៣៩ ដល់ ឆ្នាំ១៩៤៥ ទើបមានលក្ខណៈបែបអាស៊ីច្រើន ដ្បិតថានៅលើក្រដាសប្រាក់ទាំងនោះ គេមានដាក់បង្ហាញរូបពីវប្បធម៌របស់កម្ពុជា ឡាវ និងវៀតណាម។
ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើងវិញ ក្រដាសប្រាក់ព្យ៉ាស់បានក្លាយជារូបិយវត្ថុដើរតួយ៉ាងសំខាន់ក្នុងការទូទាត់ប្រាក់ សន្សំ និងកំណត់តម្លៃទំនិញ សេវាកម្មនានា ក្នុងអំឡុងពេលនោះ។ តែយ៉ាងណាមិញ អាយុកាលរបស់ក្រដាសប្រាក់ព្យ៉ាស់ក្នុងប្រទេសកម្ពុជាក៏ត្រូវបានបញ្ចប់នៅឆ្នាំ ១៩៥៤ បន្ទាប់ពីអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្ដម សីហនុ ទាមទារបានឯករាជ្យយកមកវិញ ហើយវាក៏ជាពេលមួយដែលធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤។ ចាប់ពីពេលនោះមក ក្រដាសប្រាក់រៀលខ្មែរក៏ចាប់ផ្ដើមមានវត្តមានឡើង៕
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)