តាមការបង្កើតគម្រោងចាយវាយផ្ទាល់ខ្លួន យើងនឹងឃើញច្បាស់ពីប្រភពចំណូល និងចំណាយទាំងឡាយដែលយើងមានប្រចាំខែ ថាយើងអាចចាយប៉ុន្មាន សន្សំប៉ុន្មាន ឬត្រូវរកចំណូលឱ្យបានយ៉ាងតិចប៉ុន្មាន។ ផ្ដើមចេញពីនេះ យើងនឹងអាចលៃតម្រូវបន្តទៀតថា អ្វីគួរចាយ អ្វីគួរផ្អាកសិនឬកាត់បន្ថយ ដើម្បីទុកប្រាក់នោះសន្សំសម្រាប់គោលដៅផ្សេងៗ។
ដូចយើងនិយាយកាលថ្ងៃមុនអ៊ីចឹង មនុស្សសន្សំសំចៃគេចាយវាយក្បិតក្បៀត ដោយមានផែនការច្បាស់លាស់ មិនមែនដឹងតែចាយរិះថាំគ្រប់ពេលដូចមនុស្សគំរិះទេ! ហេតុនេះហើយ ថ្ងៃនេះយើងនឹងមកមើលថា តើមនុស្សសន្សំសំចៃគេរៀបផែនការចាយលុយរបៀបម៉េចខ្លះ?
១. រៀនផ្លាស់ប្ដូរការគិតរបស់អ្នក
ដើម្បីអាចរៀបផែនការចាយលុយតាមបែបមនុស្សសន្សំសំចៃ យើងក៏គប្បីរៀនប្រកាន់ខ្ជាប់នូវផ្នត់គំនិតបែបសន្សំសំចៃដែរ។ ពាក្យថា “សន្សំសំចៃ” ច្រើនតែធ្វើឱ្យយើងគិតដល់ពាក្យថា “ក្បិតក្បៀត” ហើយវាអាចនឹងធ្វើឱ្យយើងមានអារម្មណ៍អវិជ្ជមាន ឬមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាក្រីក្រ ឬវេទនាខ្លាំងណាស់ រហូតត្រូវក្បិតក្បៀតនេះនោះរហូត។
ផ្ទុយទៅវិញ យើងគួរបង្វែរការគិតមកជា៖ “ការសន្សំសំចៃ ឬចាយវាយដោយក្បិតក្បៀតនូវប្រាក់កាស មួយកាក់ មួយសេន ដែលយើងរកបានដោយលំបាក មានតែជួយឱ្យយើងខិតកាន់តែជិតទៅរកគោលដៅហិរញ្ញវត្ថុរបស់យើងប៉ុណ្ណោះ។” ពោលឱ្យខ្លី “ក្បិតក្បៀតសន្សំសំចៃ មានអីមិនល្អ!” មែនអត់?'
២. កំណត់គោលដៅហិរញ្ញវត្ថុ
យើងចាំបាច់ត្រូវមានគោលដៅហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងសន្សំរបស់យើងមានប្រសិទ្ធភាព។ បើមិនដូច្នោះទេ យើងនឹងអាចវង្វេងផ្លូវក្នុងដំណើរគ្រប់គ្រងលុយខ្លួនឯងនេះ ឬចេះតែមានលេសនេះលេសនោះ ហើយត្រឡប់មកសួរខ្លួនឯងវិញដដែលៗថា “មិនដឹងសន្សំធ្វើអី?”។
ការកំណត់គោលដៅច្បាស់លាស់នឹងជួយរំលឹកពីទិសដៅដែលអ្នកចង់ទៅ ហើយរក្សាកម្លាំងចិត្តឱ្យបន្តទៅមុខរហូត។ គោលដៅហិរញ្ញវត្ថុជាក់លាក់អាចមានដូចជា គោលដៅសន្សំសម្រាប់ដំណើរកំសាន្ដនៅអឺរ៉ុប សន្សំដើម្បីទិញផ្ទះថ្មី២ឆ្នាំក្រោយ សន្សំ ការសិក្សារបស់កូន សន្សំសម្រាប់អាពាហ៍ពិពាហ៍ សន្សំទុកសម្រាប់ពេលចូលនិវត្តន៍ ឬដកទុកសម្រាប់ emergency fund ជាដើម។
៣. កំណត់ចំណូលសរុបប្រចាំខែ
ឥលូវយើងអាចចាប់ផ្ដើមកត់ត្រាចូលតារាងចំណូលចំណាយហើយ! មិនថាតែចំណាយ ចំណូលដែលអ្នកមានទាំងប៉ុន្មានក៏ត្រូវកត់ចំណាំឱ្យច្បាស់លាស់ដែរ។ ប្រភពចំណូលសរុបដែលអ្នករំពឹងនឹងទទួលបានក្នុងមួយខែអាចមានដូចជា៖
- ចំណូលសកម្ម៖ ប្រាក់ខែឬប្រាក់បៀរវត្ស៍ (ក្រោយកាត់ពន្ធរួច)
- ចំណូលសកម្ម៖ រួមមានផលចំណេញពីការវិនិយោគ ។ល។
- ចំណូលបន្ថែម៖ ពីការងារក្រៅម៉ោង ឬ freelance work ជាដើម។
ការដឹងពីប្រភពនិងចំនួនចំណូលច្បាស់លាស់គឺដើម្បីអាចថ្លឹងថ្លែងជាមួយចំណាយឱ្យសមាមាត្រទៅនឹងចំណូល និងមិនឱ្យយើងចាយហួសមាឌ។
៤. កត់រាយចំណាយសរុបប្រចាំខែ
បន្ទាប់មក ចាប់ផ្ដើមកត់ត្រាចូលបញ្ជីចំណាយ ដោយចំណាយសរុបប្រចាំខែរួមមាន៖
- ចំណាយថេរ៖ តួយ៉ាង ថ្លៃឈ្នួលផ្ទះ ថ្លៃអ៊ីនធើណេត បង់ធានារ៉ាប់រង ថ្លៃបង់សាលាកូន ។ល។
- ចំណាយអថេរ៖ ថ្លៃទឹកភ្លើង ថ្លៃសាំង ចំណាយលើម្ហូបអាហារ ។ល។
- ចំណាយបន្ទាប់បន្សំផ្សេងៗ៖ ការកំសាន្ដ សេវាសុខភាព ។ល។
ក្រៅពីនេះ លុយដែលត្រូវបង់រំលស់ ឬបង់សងធនាគារក៏ត្រូវកត់ចូលដែរ។ ចំពោះចំណាយដែលមានវិកយប័ត្រ អ្នកអាចប្រើវិកយប័ត្រក្នុងអំឡុង៣ខែចុងក្រោយដើម្បីជាជំនួយក្នុងការប៉ាន់ស្មានចំណាយទុកក្នុងគម្រោងចាយវាយខែថ្មី។
៥. ទូទាត់ចំណូលនិងចំណាយប្រចាំខែក្នុងតារាងតែមួយ
ក្រោយពេលទូទាត់ចំណូលនឹងចំណាយសរុបប្រចាំខែហើយ បើតួលេខចំណូលធំជាងចំណាយ បានន័យថាយើងមានលទ្ធភាពអាចប្រើប្រាក់ដែលនៅសល់នោះសម្រាប់គោលដៅផ្សេងៗរបស់យើង។ តែបើចំណាយច្រើនជាងចំណូល មានន័យថាអ្នកចាយជ្រុលដៃហើយ! ដូច្នេះត្រូវរកខ្ទង់ចំណាយណាខ្លះដែលអ្នកអាចលៃតម្រូវឡើងវិញបាន ពិសេសគឺចំណាយអថេរឬចំណាយបន្ទាប់បន្សំមិនសូវជាចាំបាច់ដទៃទៀតនោះ ដោយផ្ដោតលើគោលការណ៍អាទិភាព «តម្រូវការ ធំជាងចំណង់» ឬក៏អ្នកត្រូវរកវិធីបង្កើតប្រាក់ចំណូលបន្ថែមទើបអាចទ្រទ្រង់ចំណាយរួច។
អ្នកចាំបាច់ត្រូវផ្ទៀងផ្ទាត់តារាងចំណូលចំណាយរបស់អ្នកជារៀងរាល់ខែ ដើម្បីតាមដានទម្លាប់ចាយវាយរបស់ខ្លួន ហើយធ្វើយ៉ាងណាបង្កើនប្រាក់ចំណូល និងកាត់បន្ថយចំណាយកាន់តែច្រើនតាមដែលអាចធ្វើបានក្នុងលក្ខខណ្ឌនិងហេតុផលសមរម្យ តែមិនមែនគំរិះ។
ដើម្បីបង្កើតតារាងឬបញ្ជីចំណូលចំណាយ អ្នកអាចប្រើ spreadsheet ក៏បាន ឬប្រើកម្មវិធីទូរសព្ទកាន់តែប្រសើរ។ តែសម្រាប់អ្នកទើបតែចាប់ផ្ដើមដំបូង ហើយចូលចិត្តកត់ត្រាដោយផ្ទាល់ដៃ អេដមីនមានគំរូតារាងចំណូលចំណាយសម្រាប់ឱ្យអ្នកទាំងអស់គ្នាអាចរៀនអនុវត្តគម្រោងចាយវាយបែបមនុស្សសន្សំសំចៃបានផងដែរ។ សូមស្វែងរកគំរូនៅក្នុងប្រអប់ comment ខាងក្រោម! មានប្រសិទ្ធភាពយ៉ាងណា ចាំប្រាប់អេដមីនវិញផងណា៎!
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។