យើងដឹងហើយថា តុងទីន ហាក់ដូចជាវិធីសន្សំលុយមួយបែបសម្រាប់អ្នកចង់សន្សំលុយជាប្រចាំខែ ដោយមានអ្នកប្រមូលលុយម្នាក់ (មេតុងទីន) ដើរប្រមូលលុយ ទៅតាមទំហំសាច់ប្រាក់អ្នកបង់ (ក្បាលតុងទីន)។ ជារៀងរាល់ខែ មេតុងទីន នឹងកំណត់ថ្ងៃដេញការប្រាក់។ បើនរណាហ៊ានឱ្យការប្រាក់ថ្លៃជាងគេ ម្នាក់នោះនឹងទទួលបានប្រាក់សរុបឬដេញបានតុងទីននោះ ឯអ្នកលេងផ្សេងៗត្រូវបង់ចំនួនទឹកប្រាក់ដែលបានកាត់ការប្រាក់ចេញ។
លេងតុងទីន និងសន្សំលុយនៅធនាគារខុសគ្នាយ៉ាងម៉េចខ្លះ?
- ការប្រាក់
- បើលេងតុងទីន អ្នកនឹងត្រូវខាតបង់ការប្រាក់ពេលអ្នកដេញយក
- បើសន្សំលុយនៅធនាគារ អ្នកនឹងចំណេញការប្រាក់មកវិញ
- ពេលត្រូវការលុយបន្ទាន់
- បើដាក់លុយនៅធនាគារ អ្នកអាចដកយកមកពេលណាក៏បាន (លើកលែងគណនីបញ្ញើមានកាលកំណត់)
- ប៉ុន្តែបើលេងតុងទីន អ្នកត្រូវរងចាំដល់ពេលវេលាគេដេញថ្លៃការប្រាក់សិន ទើបអ្នកអាចដេញយកលុយមកប្រើតាមតម្រូវការ ហើយទាល់តែអ្នកហ៊ានដេញឱ្យការប្រាក់ខ្ពស់ជាងគេទៀតទើបបាន
- សុវត្ថិភាព
- ការសន្សំប្រាក់នៅធនាគារផ្ដល់ទំនុកចិត្តដល់អ្នកពីការបាត់បង់
- ប៉ុន្តែបើអ្នកលេងតុងទីន អ្នកអាចប្រឈមនឹងហានិភ័យខ្លាចមេរត់ ឬកូនរត់ចោល លែងបង់ប្រាក់ជាដើម។ ជាពិសេស បើនិយាយដល់ផ្នែកច្បាប់ តុងទីនហាក់មិនទាន់មានច្បាប់ណាមួយទុកការពារអ្នកលេងនោះឡើយ។
ក្រៅពីនេះ នៅមានគុណសម្បត្តិ និងគុណវិបត្តិអីផ្សេងទៀត?
ក. «ការលេងតុងទីន»
គុណសម្បត្តិ
១. មេតុងទីនខ្ចីលុយដោយមិនបង់ការប្រាក់៖ ប្រសិនបើអ្នកជាមេតុងទីន អ្នកនឹងទទួលបានប្រាក់ដុំមួយនៅដើមខែ ដោយមិនចាំបាច់ខាតបង់ការប្រាក់ដូចទៅខ្ចីលុយពីធនាគារ។ ឧទាហរណ៍៖ លេង ១២នាក់ (ទាំងមេ) ដោយមួយក្បាល $100 នោះបានន័យថា មេតុងទីននឹងទទួលបានប្រាក់សរុប $1,100 ដោយគ្រាន់តែបង់ $100 ប្រចាំខែទៅឱ្យកូនៗដែលដេញបន្ទាប់។
២. តុងទីនប្រៀបដូចជា Emergency Fund៖ អ្នកលេងអាចប្រមូលលុយសរុបនៃចំនួនខែដែលគេលេងបាន តាមរយៈគេដេញថ្លៃ (ដេញការប្រាក់)។ ឧទាហរណ៍ថា អ្នកទើបតែបង់បាន 1ខែ ស្រាប់តែអ្នកខ្វះលុយបន្ទាន់ អ្នកចង់ដេញយកលុយសរុប ដោយដាក់អត្រាការប្រាក់ 50%។ បើអ្នកដេញបានអត្រាការប្រាក់ខ្ពស់ជាងគេ អ្នកនឹងទទួលបានលុយនោះយកមកប្រើជា emergency fund តាមតម្រូវការបាន។ ប៉ុន្តែអ្នកបានតែ $600 ( $500 + $100 តុងទីនមេដែលងាប់)។
គុណវិបត្តិតុងទីន
១. អ្នកលេងធ្វើស៊ីមេតុងទីន៖ បើអ្នកជាមេ ក្រៅពីកាតព្វកិច្ចដើរប្រមូលលុយ ចាត់ចែងពេលវេលាដេញការប្រាក់ហើយ អ្នកមានតួនាទីធំមួយទៀត គឺរ៉ាប់រងលើទំនួលខុសត្រូវបង់ជំនួស ប្រសិនបើអ្នកលេងណាម្នាក់ដេញហើយ រត់ចោល លែងបង់ប្រាក់ប្រចាំខែទៀត។
២. មេតុងទីន Boom៖ មេតុងទីនអាចនឹងរត់ចោលអ្នកតាំងពីខែដំបូង ឬក្នុងអំឡុងពេលណាមួយដែលតុងទីនមិនទាន់ចប់ ហើយអ្នកនឹងបាត់បង់លុយនោះទាំងស្រុង ឬពុំដូច្នោះទេ ដោយសារតែកូនៗធ្វើស៊ីមេច្រើនពេក (ដេញហើយរត់លែងបង់ ដោយមេត្រូវរ៉ាប់រងជំនួស)។ ខុសប្លែកពីធនាគារ លុយអ្នកនឹងមានសុវត្ថិភាព អ្នកនឹងមិនដេកភ័យព្រួយរឿងខ្លាចមេរត់ កូនរត់នោះឡើយ។
ចុចទីនេះ: លេងតុងទីនអាចប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនឬទេ?
ខ. «ការសន្សំលុយនៅធនាគារ»
គុណសម្បត្តិ
១. សុវត្ថិភាព និងផលចំណេញ៖ ការដាក់លុយនៅធនាគារផ្ដល់ទំនុកចិត្តដល់អ្នកថា លុយអ្នកនឹងមិនបាត់បង់ទៅនរណាម្នាក់ ហើយអ្នកអាចទទួលបានអត្រាការប្រាក់ទៀតផង។
២. មិនមានសម្ពាធផ្លូវចិត្ត៖ អ្នកអាចសន្សំលុយនោះតាមទំហំទឹកប្រាក់ដែលអ្នកមានលទ្ធភាពដាក់តម្កល់ទុក ដែលមិនមានកំណត់ថ្ងៃត្រូវទៅដាក់សន្សំអ្វីនោះឡើយ។
គុណវិបត្តិ
១. អ្នកមិនអាចដកលុយដុំមកចាយវាយ៖ បានន័យថា ប្រសិនបើអ្នកសន្សំលុយបានប៉ុនណា អ្នកមានលទ្ធភាពដកបានតែចំនួនលុយក្នុងគណនីប៉ុណ្ណោះ។
២. ច្បាស់អត់ថាសល់លុយ បើសន្សំជាមួយធនាគារ? ៖ ដោយហេតុថា ងាយស្រួលដកយកមកចាយ មិនមានសម្ពាធត្រូវបង់ប្រចាំខែ វាអាចដែរថា អ្នកនឹងមិនសល់លុយកាក់សន្សំទេ។ មែនទែនទៅ ការសន្សំលុយតាមតុងទីនមានចំណុចល្អម្យ៉ាង គឺទម្លាប់សន្សំលុយប្រចាំខែ។ រីឯធនាគារ វាអាស្រ័យលើអ្នកថា ចង់បន្ថែមលុយទៅគណនីសន្សំទៀតឬអត់?
យ៉ាងណាក៏ដោយ អេដមីនសូមផ្ដាំផ្ញើបន្តិច! មុននឹងសម្រេចចិត្តយកលុយទៅលេងតុងទីនក្ដី ឬយកទៅសន្សំនៅធនាគារយកការប្រាក់ក្ដី សូមថ្លឹងថ្លែងមើលចំណុចល្អ និងផលអវិជ្ជមានរបស់ជម្រើសនីមួយៗឲ្យបានល្អិតល្អន់ និងឲ្យស័ក្ដិសមទៅនឹងស្ថានភាពហិរញ្ញវត្ថុអ្នករាល់គ្នា។ លុយពិបាករកណាស់។ ដូច្នេះ សូមកុំប្រថុយយកលុយទៅធ្វើអ្វីមួយដោយជឿរឿងគេប្រាប់ផ្ដេសផ្ដាស ឬតាមអំពើចិត្ត មិនឆ្លងកាត់ការសិក្សា ពិចារណាច្បាស់លាស់ ចៀសវាងស្ដាយក្រោយទៅថ្ងៃមុខ៕