តើអ្នកធ្លាប់លឺពីគម្រោង Ponzi Scheme (ផុនស៊ី) ដែរឬទេ? ប្រសិនបើធ្លាប់ ឬមិនធ្លាប់លឺទាល់តែសោះ ថ្ងៃនេះ យើងនឹងមកស្វែងយល់ពីគម្រោង Ponzi ភាពខុសគ្នារបស់វាពីគម្រោង Pyramid Scheme (ពីរ៉ាមីត) ព្រមទាំងចំណុចសម្គាល់មួយចំនួនដើម្បីជៀសវាងពីគម្រោងបែបនេះ។
អ្វីទៅជាគម្រោង Ponzi ?
គម្រោងផុនស៊ី(Ponzi ) គឺជាគម្រោងបោកប្រាស់មួយដែលធានាប្រាក់ចំណេញដល់អ្នកដាក់ប្រាក់វិនិយោគ។ ប៉ុន្តែប្រាក់ចំណេញនោះមិនមែនបានមកពីការវិនិយោគពិតប្រាកដនោះទេ គឺវាបានមកពីការយកប្រាក់អ្នកវិនិយោគថ្មីឱ្យទៅអ្នកវិនិយោគចាស់ ហើយកុហកថាជាប្រាក់ចំណេញ។ និយាយរួមទៅ គម្រោងផុនស៊ីមិនអាចដំណើរការបានទេ បើសិនជាគ្មានលំហូរនៃប្រាក់វិនិយោគពីវិនិយោគិនថ្មី។ នោះគឺដោយសារតែត្រូវយកប្រាក់ របស់អ្នកវិនិយោគថ្មីឱ្យទៅអ្នកចាស់ជាបន្តបន្ទាប់។
ដូចនេះ វិនិយោគិនកាន់តែច្រើនគម្រោងនេះគឺកាន់តែធំ ឯម្ចាស់គម្រោងអាចសំងំលួចប្រាក់យកទៅប្រើប្រាស់ជា ប្រយោជន៍ខ្លួនបានកាន់តែយូរ ឬក៏ថ្ងៃណាមួយគេអាចលួចរត់ជាមួយនឹងប្រាក់ដែលប្រមូលបានទាំងអស់ជាមិនខាន។ តាមពិតទៅគម្រោងនេះត្រូវបាន គេសង្កេតឃើញតាំងពីពាក់កណ្តាលទៅចុងទស្សវត្សរ៍ឆ្នាំ ១៨០០ ប៉ុន្តែគេទើបតែដាក់ឈ្មោះគម្រោងនេះតាមលោក Charles Ponzi ជាជនជាតិអាមេរិកដែលនៅឆ្នាំ ១៩៩០ គាត់បានប្រីប្រាស់វិធីមួយនេះ ហេីយធានាប្រាក់ចំណេញ៥០%ក្នុងរយ:ពេល៤៥ថ្ងៃ និង១០០%ក្នុងរយ:ពេល៩០ថ្ងៃអេាយអ្នកវិនិយោគលើប័ណ្ណប្រៃសណីយ៍។
ភាពខុសគ្នារវាងគម្រោងពីរ៉ាមីត(Pyramid) និងគម្រោងផុនស៊ី(Ponzi)
ចំពោះគម្រោងពីរ៉ាមីត គេទទួលបានប្រាក់ចំណេញតាមរយ:ការស្វែងរកបុគ្គលិកថ្មី ដោយតម្រូវឱ្យបុគ្គលិកថ្មីនេាះទិញផលិតផលយកទៅចែកចាយឬលក់បន្ត និងតម្រូវឱ្យពួកគេស្វែងរកបុគ្គលិកបន្ថែមទៀតដើម្បីទិញផលិតផលនិងចែកចាយតៗគ្នា។ ដូច្នេះមនុស្សម្នាក់អាចជ្រើសរើសមនុស្សជាច្រេីនធ្វេីជាកូនក្រុមបន្តៗគ្នា។ រីឯគម្រោង Ponzi វិញ គេទទួលបានប្រាក់ចំណេញតាមរយៈការដាក់ប្រាក់ពីវិនិយោគថ្មីៗជាបន្តបន្ទាប់ដូចបានលើកឡើងពីខាងដើម។
ដេីម្បីជៀសវាងពីការធ្លាក់ចូលគម្រោងPonzi នៅពេលវិនិយេាគ អ្នកអាចកត់សម្គាល់ចំណុចមួយចំនួនដូចខាងក្រោម៖
- ធានាថាការវិនិយេាគចំណេញប្រាក់ខ្ពស់ ហេីយមានហានិភ័យទាប
- ធានាថាសងប្រាក់ច្រេីន និងមានស្ថេរភាព ទោះបីទីផ្សារមានភាពរអាក់រអួល ឬធ្លាក់ចុះ
- គ្មានឯកសារវិនិយោគច្បាស់លាស់
- ម្ចាស់គម្រោងគ្មានជំនាញវិនិយោគច្បាស់លាស់
- ពេលខ្លះលើកទឹកចិត្តមិនឱ្យដកប្រាក់ដោយបញ្ឆោតថានឹងទទួលប្រាក់ចំណេញច្រើនជាងមុន បើសិនជាទុកប្រាក់បន្ត។
និយាយរួមគម្រោងPonzi ធ្វេីទ្បេីងដេីម្បីបោកប្រាស់ប្រាក់ពីអ្នកវិនិយេាគ ហេីយអ្នកអាចជៀសវាងគម្រោង មួយនេះ ឬគម្រោងបោកប្រាស់ប្រភេទផ្សេងៗទៀតបានដោយការស្រាវជ្រាវហ្មត់ចត់តាមរយៈ ឯកសារស្របច្បាប់ផ្សេងៗ និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញ។ សំខាន់បំផុតអ្នកមិនគួរទុកចិត្តលើកិច្ច ព្រមព្រៀងណាដែលស្តាប់ទៅល្អពេកនោះទេ ព្រោះវាអាចនឹងមិនមែនជាការពិតឡើយ៕
If it’s too good to be true, then it may not be true at all.
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។