ផ្ទាំងផ្សាយពាណិជ្ជកម្មបែប Pop-up គឺជាគឺជាទម្រង់នៃការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើណែត នៅលើវេបសាយដែលលោតឡើងនៅពេលអ្នកកំពុងប្រើប្រាស់អ៊ីនធើណែត ខណៈពេលអ្នកកំពុងចូលមើលវេបសាយណាមួយជាដើម។ វាត្រូវបានគេស្គាល់ជាការផ្សាយពាណិជ្ជកម្មដែលគួរឱ្យធុញទ្រាន់ ។
ហេតុអ្វីបានជាផ្ទាំងផ្សាយពាណិជ្ជកម្មបែប Pop-up មិនត្រូវបានគេចូលចិត្ត?
ផ្ទាំងផ្សាយពាណិជ្ជកម្មបែប Pop-up មិនត្រូវបានគេចូលចិត្តច្រើនដោយសារវាបង្អាក់ការប្រើប្រាស់ ដោយលោតចេញនូវផ្ទាំងផ្សាយពាណិជ្ជកម្មយ៉ាងធំនៅពេលដែលអ្នកប្រើប្រាស់កំពុងចូលប្រើវេបសាយនៅលើប្រព័ន្ធអ៊ីនធើណែត។
ការផ្សាយពាណិជ្ជកម្មបែប Pop-up នេះ បង្ខំឱ្យអ្នកប្រើប្រាស់
ត្រូវមើលការផ្សាយពាណិជ្ជកម្មនោះ ដូចគ្នាទៅនឹងការផ្សាយពាណិជ្ជកម្មតាម YouTube និងពាណិជ្ជកម្មតាមទូរទស្សន៍ជាដើម។ ការប្រើផ្ទាំងផ្សាយពាណិជ្ជកម្មបែប Pop-up អាចនឹងមានផលវិបត្តិច្រើន ប្រសិនបើមិនសិក្សាឲ្យច្បាស់លាស់។
តើផ្ទាំងផ្សាយពាណិជ្ជកម្មបែប Pop-up ផ្តល់ផលប៉ះពាល់អ្វីខ្លះ?
១. ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងវេបសាយដែលបានផ្សាយយពាណិជ្ជកម្មបែប Pop-up
២. មិនមែនជាដំណោះស្រាយក្នុងការផ្សព្វផ្សាយរយៈពេលវែងនោះទេ
៣. វានឹងមិនមានប្រយោជន៍នោះទេ ប្រសិនបើអ្នកប្រើប្រាស់ចេះប្រើកម្មវិធីបិទ Pop-up ads
៤. វាគឺជាការផ្សាយពាណិជ្ជកម្មដែលត្រូវបានគេមិនពេញចិត្តច្រើនបំផុត
ចំណែកឯលោក Ethan Zuckerman ដែលជាអ្នកបង្កើតការផ្សាយពាណិជ្ជកម្មបែប pop-up នៅលើគេហទំព័រ Tripod.com ក្នុងឆ្នាំ ១៩៩៧ ក៏បានផ្ញើសារសុំទោសនៅលើប្រព័ន្ធអ៊ីនធើណែតទាក់ទងពីការផ្សាយពាណិជ្ជកម្មបែប pop-up ផងដែរ។
ទោះបីជាការផ្សាយពាណិជ្ជកម្មបែប Pop-up មិនត្រូវបានគេចូលចិត្តច្រើនយ៉ាងណាក៏ដោយ ក៏វានៅតែមាននៅលើវេបសាយ ព្រោះវាជាគន្លឺះក្នុងការផ្សាយពាណិជ្ជកម្ម គ្រាន់តែវាអាចនឹងផ្តល់ភាពរំខានច្រើនដល់អ្នកប្រើប្រាស់ ប្រសិនបើការផ្សាយពាណិជ្ជកម្មទាំងនោះមិនពាក់ព័ន្ធ ឬទាក់ទាញអ្នកប្រើប្រាស់៕