ការរកសុីចងការប្រាក់ក្រៅប្រព័ន្ធសំដៅលើអ្នកចងការឬឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធធនាគារ។ មានពលរដ្ឋជាច្រេីនដែលនិយមខ្ចីលុយពីអ្នករកសុីចងការប្រាក់ទាំងនោះជាងខ្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ្បិតកម្ចីពីអ្នករកស៊ីចងការប្រាក់មិនត្រូវការឯកសារ ឬការដាក់ទ្រព្យបញ្ចាំឡេីយ។ ទោះបីជាយ៉ាងណា បេីអ្នកចង់ខ្ចីប្រាក់ពីអ្នករកសុីចងការក្រៅប្រព័ន្ធទាំងនោះ អ្នកគួរគិតពីបញ្ហាទាំងនេះ៖
១. អត្រាការប្រាក់
អត្រាការប្រាក់របស់អ្នករកសុីចងការក្រៅប្រព័ន្ធគ្មានស្តង់ដារឡេីយ ហេីយអត្រាការប្រាក់អាចថ្លៃកប់ពពក។ ការប្រាក់អាចនៅចន្លោះពី៥%ទៅ១០% ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអត្រាការប្រាក់ត្រឹម ១%ទៅ២.៥% ប៉ុណ្ណោះ។ ហេតុនេះអ្នកអាចមានហានិភ័យជាប់នឹងបំណុលវ័ណ្ឌក គ្មានលទ្ធភាពបង់ការប្រាក់ ហើយអាចនឹងត្រូវលក់ទ្រព្យសម្បត្តិដេីម្បីសងបំណុល។ អញ្ចឹងហើយអ្នកគួរត្រួតពិនិត្យ និងពិចារណាលេីអត្រាការប្រាក់សិនថាអ្នកនឹងអាចមានលទ្ធភាពសងតាមកាលកំណត់រឺទេ។
២.ខ្ចីបានរហ័ស តែសងក៏រហ័សដូចគ្នា
ទោះបីជាអ្នកអាចខ្ចីប្រាក់បានរហ័ស ហេីយមិនមានទាមទារឯកសារច្រេីនក៏ពិតមែន តែរយៈពេលដែលអ្នកត្រូវសងវិញក៏ឆាប់រហ័សដូចគ្នា។ បេីមិនដូច្នោះ អត្រាការប្រាក់អាចកេីនឡេីង រឺប្រាក់ដែលត្រូវសងនឹងឡេីងជាលំដាប់ ដ្បិតអ្នករកសុីទាំងនោះដាក់លក្ខខណ្ឌតាមតែមាត់ ដោយភាគច្រើនមិនមានកិច្ចសន្យាលាយលក្ខអក្សរត្រឹមត្រូវទេ។ ម៉្យាងទៀត កាលណាអ្នកគ្មានលទ្ធភាពសងទាន់ពេល អ្នកអាចប្រឈមនឹងវិវាទផ្សេងៗជាមួយអ្នករកសុីទាំងនោះផង។
៣.ពិបាកនឹងសង
ដោយសារអ្នករកសុីចងការប្រាក់ខ្លះ តម្រូវអោយអ្នកសងប្រាក់ជាប្រចាំខែ ឯអ្នកខ្លះទៀតអោយសងរាល់សប្តាហ៍ អញ្ចឹងអត្រាការប្រាក់អាចកេីនឡេីងរៀងរាល់សប្តាហ៍ទៅតាមលក្ខខណ្ឌរបស់ពួកគេ។ ជួនកាល ការគណនាអត្រាការប្រាក់មានភាពច្របូកច្របល់ គ្មានស្តង់ដារ ដែលអាចអោយអ្នកខ្ចីមានការភាន់ច្រឡំ និងចាញ់បោកគេជាដេីម។
៤. បញ្ហាផ្លូវច្បាប់
ការរកសុីចងការប្រាក់ក្រៅប្រព័ន្ធគឺជាអំពើខុសច្បាប់ ដោយហេតុថាបុគ្គលទាំងនោះមិនទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាប្រាក់កម្ចីស្របច្បាប់នោះទេ។ ហេតុនេះ ប្រសិនបើអ្នកជួបនឹងវិវាទ ឬបញ្ហាឆបោកផ្សេងៗ អ្នកអាចប្រឈមនឹងការខាតបង់ផ្សេងៗ និងពិបាកក្នុងការដោះស្រាយតាមផ្លូវច្បាប់។
ដូចនេះ មុនសម្រេចចិត្តខ្ចីលុយពីអ្នករកសុីចងការប្រាក់ក្រៅប្រព័ន្ធ អ្នកគួរគិតពីកត្តាដូចបានរៀបរាប់ខាងលេីឲ្យបានច្បាស់លាស់ ចៀសវាងជួបប្រទះនឹងហានិភ័យផ្សេងៗ។ ប៉ុន្តែដើម្បីសុវត្ថិភាពជាចម្បង អ្នកគួរខ្ចីលុយពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ និងមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។
សូមបញ្ជាក់ថា អត្ថបទនេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងដាស់តឿន និងអប់រំដល់មិត្តអ្នកអានទាំងអស់ ដើម្បីគិតពិចារណាមុនសម្រេចចិត្តពាក់ព័ន្ធនឹងការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាមុនពេលស្នើកម្ចីឥណទាន ដោយមិនមានបំណងវាយប្រហារលើអ្នកណាម្នាក់ឡើយ៕
Click here to read more about: វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក