ចំណេញពីភាគហ៊ុន(ភាគលាភ) គឺជាអីទៅ?
បើតាមនិយមន័យ ភាគហ៊ុន(ភាគលាភ) គឺសំដៅទៅលើបំណែកប្រាក់ដែលបានពីផលចំណេញរបស់ក្រុមហ៊ុន និង ត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាល ចែកទៅឱ្យម្ចាស់ហ៊ុន។ ជាទូទៅ ភាគលាភត្រូវបានចែកតាមឆ្នាំ ឬតាមត្រីមាស និងចែកតាមចំនួនហ៊ុនដែលមាន គុណនឹងតម្លៃភាគលាភក្នុងមួយហ៊ុន។
ឧទាហរណ៍ថា អ្នកបានទិញហ៊ុនចំនួន 100 ក្នុងក្រុមហ៊ុនមួយ ហើយគេប្រកាសចែកឱ្យ ៥០កាក់ក្នុង១ហ៊ុន ដូច្នេះក្នុងរយៈពេល១ឆ្នាំ អ្នកនឹងទទួលបានប្រាក់ភាគលាភសរុប ៥០ដុល្លារ។
វិធីនេះគឺជាការបង្កើតចំណូលអកម្មរបស់អ្នកវិនិយោគ ដោយការចំណាយប្រាក់ទិញភាគហ៊ុនទុក និងទទួលបានត្រឡប់មកវិញនូវចំណូលថេរជារៀងរាល់រដូវកាល។
➥ភាគលាភមាន២ប្រភេទ គឺភាគលាភជាប្រាក់សុទ្ធ (Cash Dividend) ដែលគេចែកជាលុយ (ដូចឧទាហរណ៍ខាងលើ) និងភាគលាភជាចំនួនភាគហ៊ុន (Scrip Dividend) ដែលក្រុមហ៊ុនផ្ដល់អាទិភាពដល់ម្ចាស់ហ៊ុនដោយយកភាគលាភជាភាគហ៊ុនជំនួសឲ្យប្រាក់សុទ្ធវិញ។
ឧទាហរណ៍ថា បើអ្នកកាន់ភាគហ៊ុន២០ អ្នកនឹងបានទទួលភាគហ៊ុន១ដោយឥតគិតថ្លៃ ដូច្នេះបើអ្នកមាន ១០០ហ៊ុនក្នុងដៃ អ្នកនឹងទទួលបាន៥ទៀត ជាភាគលាភ។
ករណីនេះអាចបង្ហាញជាសញ្ញាថា ក្រុមហ៊ុនកំពុងចង់រក្សាសាច់ប្រាក់ទុកសម្រាប់គម្រោងវិនិយោគថ្មីៗ ឬយើងអាចធ្វើការទស្សន៍ទាយថាក្រុមហ៊ុនអាចនឹងជួបប្រទះនូវការខ្វះខាតប្រាក់សុទ្ធដើម្បីវិនិយោគអ្វីមួយក្នុងរដូវកាលចែកភាគហ៊ុននោះ។
ឬប្រសិនបើ ក្រុមហ៊ុនគ្មានប្រាក់ចំណេញ ឬខាតក្នុងរដូវកាលណាមួយ ក្រុមហ៊ុននឹងមិនអាចចែកភាគលាភបាននោះទេ។ ដូច្នេះម្ចាស់ភាគហ៊ុននឹងត្រូវបានពន្យារការបង់ភាគលាភទៅរដូវកាលក្រោយ ឬ អាចនឹងចែកឲ្យនូវភាគលាភជាចំនួនភាគហ៊ុនជំនួសវិញ។ ការចែកភាគលាភ ដើរតួយ៉ាងសំខាន់នៅក្នុងការបង្ហាញទៅកាន់ម្ចាស់ហ៊ុនពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រមទាំងជាកត្តាដែលធ្វើឲ្យតម្លៃហ៊ុនប្រែប្រួលផងដែរ។
យ៉ាងណាមិញ តម្លៃភាគលាភ អាចនឹងត្រូវប្រែប្រួលទៅតាមស្ថានភាពហិរញ្ញវត្ថុ ពោលគឺផលចំណេញចុងក្រោយ (Net profit) របស់ក្រុមហ៊ុនក្នុងមួយឆ្នាំៗ។ មួយវិញទៀត ក្រុមហ៊ុនអាចនឹងរក្សាទុកផលចំណេញ (retained earnings)មួយចំណែក សម្រាប់ពង្រីកការវិនិយោគក្នុងក្រុមហ៊ុន មុនពេលធ្វើការសម្រេចចែកភាគលាភ៕