ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មានន័យថាការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននោះមានត្រឹមកម្រិតណាមួយ។ ពួកគេមិនទទួលខុសត្រូវចំពោះការខាតបង់នៃអាជីវកម្មណាមួយដែលលើសពីចំនួនទឹកប្រាក់ឬតម្លៃភាគហ៊ុនដែលពួកគេមាននៅក្នុងក្រុមហ៊ុននោះទេ។ ឧទាហរណ៍ថា ក្រុមហ៊ុនត្រូវក្ស័យធន នោះម្ចាស់ភាគហ៊ុននឹងខាតបង់ត្រឹមតែទ្រព្យសម្បត្តិដែលគេបានដាក់ទុនក្នុងអាជីវកម្មនោះប៉ុណ្ណោះ (សំដៅលើភាគហ៊ុន)។ ប្រសិនបើក្រុមហ៊ុនឬអាជីវកម្មមានបំណុលត្រូវសង នោះម្ចាស់បំណុលគ្មានសិទ្ធិរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួននៃម្ចាស់ភាគហ៊ុនឡើយ។
ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត(Public Limited Company ឬកាត់ថា Plc) គឺជាប្រភេទក្រុមហ៊ុន ឬសហគ្រាសដែលគ្រប់គ្រងដោយក្រុមមនុស្សច្រើន ឬបណ្ដុំម្ចាស់ភាគហ៊ុនដែលមានលក្ខណៈ “បើកចំហជាសារធារណៈ”។
ជាក់ស្ដែងក្នុងប្រទេសកម្ពុជាយើង ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ Plc អាចដាក់លក់ភាគហ៊ុនរបស់ខ្លួនជាសារធារណៈបាននៅលើទីផ្សារមូលបត្រកម្ពុជា ឬ CSX។ (អាចចូលទៅមេីលបន្ថែមអំពីទីផ្សារមូលបត្រកម្ពុជា ឬ CSX ៖ Cambodia Securities Exchange – CSX
រីឯក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Limited Company ឬកាត់ថា Ltd) គឺខុសគ្នាត្រង់ថា វាគ្រប់គ្រងដោយ “ក្រុមបុគ្គល ឬក្រុមឯកជន” ដែលក្រុមហ៊ុននេះកំណត់ចំនួនសមាជិកភាគហ៊ុនមិនឱ្យលើសពី៣០ ហើយជាពិសេសភាគហ៊ុនរបស់ពួកគេមិនត្រូវបានបញ្ចេញឱ្យដាក់លក់ជាសារធារណៈបានឡើយ។
យើងឃើញថា ក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មជាសាធារណៈ ឬជាមួយមហាជន គឺមានលទ្ធភាពទទួលបានដើមទុន (ពីអ្នកវិនិយោគ) ច្រើនជាងក្រុមហ៊ុនប្រភេទឯកជន ដោយសារតែគម្រោងធំៗរបស់ពួកគេ។ ប៉ុន្ដែនេះក៏ ជាចំនុចដែលជាគុណវិបត្តិរបស់វាផងដែរ ដោយសារតែគ្រប់យ៉ាងត្រូវបានដឹងឮជាសារធារណៈ។ ខុសគ្នាពី ក្រុមហ៊ុនឯកជនដែលព័ត៌មាន ឬទិន្នន័យទាំងឡាយស្ថិតក្នុងការគ្រប់គ្រងដោយក្រុមបុគ្គល៕