គុណភាពការងារ ឬ quality of work សំដៅដល់គុណតម្លៃនៃសមិទ្ធផលការងារចុងក្រោយ ដែលបុគ្គលម្នាក់ មនុស្សមួយក្រុម ឬស្ថាប័នមួយអាចប្រគល់ជូន។
ការងារមួយប្រកបដោយគុណភាពបាន កាលណាសមិទ្ធផលនោះត្រូវបានបំពេញតាមតម្រូវការគ្រប់ជ្រុងជ្រោយ ទៅតាមគោលបំណងឬលក្ខខណ្ឌនៃការងារ មានភាពត្រឹមត្រូវ ហ្មត់ចត់ បញ្ចប់បានទាន់ពេលវេលា និងអាចប្រើប្រាស់បានដោយមានប្រសិទ្ធភាព។ ក្រៅពីនេះ នៅមានកម្រិតស្តង់ដារមួយចំនួនទៀតអាស្រ័យទៅតាមប្រភេទនៃការងារនិងការរំពឹងទុកពីអ្នកប្រើប្រាស់ ដែលការងារមួយអាចពង្រឹងគុណភាពកាន់តែខ្ពស់។
ជាធម្មតា ពេលវេលាចេះតែកន្លងហួសទៅ ឬនៅពេលយើងផ្លាស់ប្ដូរការងារទៅកន្លែងថ្មី យើងពុំអាចពាំនាំសម្ភារ ឬរបស់របរពីកន្លែងចាស់ ឬអតីតកាលបានទេ។ តែអ្វីដែលយើងអាចស្ពាយបាន មានតែគុណភាពនៃការងារដែលយើងអាចបន្តបង្កើតឡើង និងកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។
ខាងក្រោមនេះជាមូលហេតុខ្លះៗដែលគុណភាពការងារនឹងជះឥទ្ធិពលវិជ្ជមានដល់អនាគតលោកអ្នក។
១. កសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្ត
ពេលស្នាដៃការងាររបស់អ្នកប្រកបដោយគុណភាព វានឹងជួយកសាងកេរ្តិ៍ឈ្មោះដល់អ្នកទាំងនៅក្នុងស្ថាប័នដែលអ្នកកំពុងតែធ្វើការ និងក្នុងវិស័យនៃអាជីពកាងាររបស់អ្នក។ ក្រៅពីនេះ អ្នកនឹងទទួលបានការផ្ដល់ទំនុកចិត្តពីនិយោជករបស់អ្នក មិត្តរួមការងារ និងអតិថិជន ឬស្ថាប័នការងារដទៃទៀតដែលអាចនឹងសហការការងារជាមួយអ្នកថ្ងៃក្រោយ។ ទាំងកេរ្តិ៍ឈ្មោះនិងការផ្ដល់ទំនុកចិត្តពីអ្នកដទៃ អ្នកអាចរំពឹងថានឹងអាចទទួលបានការណែនាំឱកាសការងារល្អៗកាន់តែច្រើននាថ្ងៃអនាគត។
២. បង្កើនប្រាក់ចំណូល
គ្រប់រាល់ស្ថាប័នការងារពេលជ្រើសរើសបុគ្គលិក ប្រាកដណាស់ថាគេនឹងពិនិត្យមើលលើបទពិសោធន៍ការងារ ឬ work portfolio ពីមុនរបស់អ្នក។ ប្រសិនបើ work portfolio របស់អ្នកពោរពេញទៅដោយស្នាដៃល្អ ពិតជាមានគុណភាព នោះអ្នកអាចនឹងទាមទារប្រាក់ចំណូលច្រើនទៅតាមទឹកដៃនិងសមត្ថភាពរបស់អ្នកដូចគ្នា។ រីឯខាងស្ថាប័នក៏មិនរួញរានឹងស្នើផ្ដល់ជូនប្រាក់ខែខ្ពស់ឲ្យអ្នកដែរ។ លើសពីនេះ អ្នកអាចនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍បន្ថែមមួយចំនួនទៀត ដូចជាប្រាក់ឧបត្ថម្ភបន្ថែម ឬរង្វាន់លើកទឹកចិត្ត។ល។
៣. អភិវឌ្ឍនភាពនៃអាជីពការងារ
ជាមួយកត្តិនាម បទពិសោធន៍ ស្នាដៃ និងទេពកោសល្យដែលអ្នកបានកសាង ហ្វឹកហាត់ និងអភិវឌ្ឍខ្លួន ទាំងអស់នេះ ពួកវានឹងជួយបើកទ្វារឱ្យអ្នកទៅរកឱកាសកាន់តែច្រើនជាងមុន ក៏ដូចជាពង្រីកសក្ដានុពលដល់ខ្លួនឯង ដូចដែលយើងបានលើកឡើងក្នុងចំណុចទីមួយ។ ឱកាសទាំងនោះសំដៅដល់ ឱកាសការងារដែលអនុញ្ញាតឱ្យអ្នកបង្កើតបទពិសោធន៍ថ្មីៗ អភិវឌ្ឍខ្លួនក្នុងវិស័យការងារនិងវិជ្ជាជីវៈ ព្រមទាំងកសាងបណ្ដុំស្នាដៃដែលកាន់តែលេចធ្លោជាងមុន។ ការអភិវឌ្ឍខ្លួនឯងផ្នែកវិជ្ជាជីវៈនេះដែរនឹងជួយត្រួសត្រាយផ្លូវជីវិតការងាររបស់អ្នកឱ្យកាន់តែប្រសើរឡើងនាថ្ងៃមុខ។
ក្នុងបរិបទសកលភាវូបនីយកម្មនេះ គុណភាពការងារពិតជាដើរតួនាទីសំខាន់ក្រៃលែងដល់ដំណើរជីវិតការងាររួមមាន ភាពរីកចម្រើនសមត្ថភាពនៃបុគ្គលម្នាក់ក្នុងការបំពេញការងារឱ្យមានប្រសិទ្ធភាព លទ្ធភាពទទួលបានប្រាក់ចំណូលខ្ពស់ជាដើម។ ការពង្រឹងគុណភាពនៃការងារមិនកំណត់ចំពោះត្រឹមតែសម្រាប់អ្នកធ្វើការប៉ុណ្ណោះទេ សូម្បីម្ចាស់អាជីវកម្មឬបុគ្គលដែលមានបំណងចង់បង្កើតអាជីវកម្ម ក៏គួរខិតខំពង្រឹងគុណភាពនៃផលិតផលឬសេវាកម្មរបស់ខ្លួនដូចគ្នា ដើម្បីរក្សាទំនាក់ទំនងអតិថិជននិង customer loyalty ព្រមទាំងកេរ្តិ៍ឈ្មោះអាជីវកម្មផងដែរ៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។