ការនិយាយលេង និងសួរសំណួរពីនេះពីនោះទៅកាន់មនុស្សដែលយើងស្គាល់ ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់ពីគ្នាទៅវិញទៅមក ជារឿងធម្មតា និងជា ផ្នែកមួយនៃការប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែទន្ទឹមនឹងនោះ មានសំណួរមួយចំនួនដែលយើងមិនគួរសួរនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់ឯកជនភាពរបស់គេ
ថ្ងៃនេះយើងនឹងលើកយកសំណួរចំនួន៥ ដែលអ្នកទាំងអស់គ្នាមិនគួរសួរ និង ហេតុផលដែលគេហាមមិនឲ្យសួរសំណួរទាំងនេះ។
១ ធ្វើការបានប្រាក់ខែប៉ុន្មាន?
“តើរាល់ថ្ងៃធ្វើការបានប្រាក់ខែប៉ុន្មាន?”ជាសំណួរដែលពេញនិយមរបស់ចាស់ៗសួរទៅកាន់កូនក្មួយ។ ទោះបីជាពួក គាត់គ្រាន់តែមានបំណងល្អ ឬគ្រាន់តែសួរដោយសារងឿងឆ្ងល់ តែប៉ុណ្ណោះ ក៏នេះជាសំណួរមួយដែលគួរចៀសវាងបំផុត។ ប្រាក់ខែ ឬប្រាក់ចំណូលជាប្រធានបទមួយដែលប៉ះពាល់ដល់ឯកជនភាពបំផុត។ វាហាក់ដូចជា ការវាយតម្លៃគេ ការប្រៀបធៀប តាមរយៈលទ្ធភាពរកប្រាក់ចំណូលរបស់គេ។
២ ពេលណារៀបការ
ឯសំណួរនេះវិញជាសំណួរសួររបៀបការចំអន់គ្នាជាពិសេសចំពោះមនុស្សពេញ វ័យដល់អាយុរៀបការបាន។ ប្រសិនបើអ្នកសួរទៅកាន់ស្រ្តីឬបុរសដែលនៅលីវ នឹងធ្វើឲ្យគេមានអារម្មណ៍មិនល្អថាខ្លួនឯងមិនទាន់រកដៃគូបាន ឬអាចជាសម្ពាធ ដល់ពួកគាត់ថាត្រូវតែរៀបការនៅអាយុណាមួយជាក់លាក់។ អ្នកមិនដឹងនោះទេថាគេមិនទាន់រៀបការដោយសារមិនទាន់រកបានដៃគូដែលសមប្រកប ឬ ក៏អាពាហ៍ពិពាហ៍ មិនស្ថិតក្នុងផែនការជីវិតរបស់គេ។
ប្រសិនបើសំណួរនេះត្រូវបានសួរទៅកាន់គូសង្សារវិញ អ្នកមិនដឹងនោះទេថា ពួកគេមិនទាន់រៀបការដោយសារមិនទាន់ត្រៀមខ្លួនរួចរាល់ មិនទាន់មានលទ្ធភាព មានបញ្ហាគ្រួសារផ្សេងៗ ឬមិនជឿលើការរៀបការតែម្តង។
៣ ពេលណាយកកូន
សំណួរនេះជារឿយៗត្រូវបានគេចោទសួរទៅលើគូស្វាមីភរិយាដែល រៀបការយូរហើយមិនទាន់មានកូន ពីព្រោះការយកកូននៅតែត្រូវ បានគេចាត់ទុកជាទូទៅថាជាជំហាន បន្ទាប់ក្នុងការរៀបអាពាហ៍ពិពាហ៍។ គូស្វាមីភរិយាខ្លះមិនទាន់ចង់យកកូន ឬមួយចំនួនទៀតមិនគិតចង់មានកូនតែម្តង ដែលនេះជាការយល់ឃើញផ្ទាល់ខ្លួន។
គូស្វាមីភរិយាខ្លះសម្រេចចំំណាយពេលវេលាទៅលើ ការងារ ឬ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេសិន។ អ្នកមួយចំនួនទៀតចង់យកកូន ប៉ុន្តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ (បញ្ហាហិរញ្ញវត្ថុ) ដោយសារ ការមានកូនត្រូវការចំណាយច្រើនដូចជាការសម្រាល ថ្លៃអាហារ និង ថ្លៃសាលារៀនជាដើម។ ប្រសិនបើអ្នកចោទសំណួរនេះទៅលើ អ្នកដែលព្យាយាមយកកូនតែមិនទទួលជោគជ័យវិញនោះ អ្នកនឹងធ្វើឲ្យពួកគេនឹងឃើញដល់ការចងចាំមិនល្អ និង មានអារម្មណ៍មិនល្អពេលលឺសំណួរអ្នកប៉ុណ្ណោះ។ ស្រ្តី ឬ បុរសមួយចំនួនមានអាចមានកូនបាននោះទេ ដោយសារកត្តាសុខភាពផងដែរ។
៤ ពេលណាទិញផ្ទះ និងទ្បានថ្មី
ផ្ទះ និងទ្បានជាតម្រូវការ ប៉ុន្តែវាក៏ជាទ្រព្យដ៏ពេញនិយមមួយ សម្រាប់វាស់វែង ពីឋានៈសង្គម ឬភាពជោគជ័យរបស់បុគ្គលផងដែរ។ មិនគួរសំណួរនេះពី ព្រោះវាឆ្លុះបញ្ចាំងថាផ្ទះ ឬទ្បានដែលគេមានរាល់ថ្ងៃនេះមិន ល្អគ្រប់គ្រាន់តាមការយល់ឃើញរបស់អ្នក។ អ្នកដែលត្រូវបានគេចោទសួរអាច នឹងសន្សំប្រាក់យ៉ាងលំបាកទើប ទិញបានផ្ទះ ឬទ្បានមួយ វាជាកម្លាំងញើសឈាម និងជាវត្ថុដ៏មានតម្លៃទោះថ្មី ឬ ចាស់ក៏ដោយ។ ក្រៅពីនេះ គេអាចមានគោលដៅហិរញ្ញវត្ថុផ្សេង ដូចជាសន្សំប្រាក់ទុកទិញផ្ទះ ពង្រីកមុខរបររកសុី ឬ ធ្វើការវិនិយោគផ្សេងៗជាដើម។
៥ សល់លុយប៉ុន្មានហើយ?
ការសួរសំណួរបែបនេះមិនខុសពីការចង់ដឹង និងវាយតម្លៃអ្នកដែលយើងសួរតាម រយៈទ្រព្យសម្បត្តិរបស់គេនោះទេ។ វាក៏អាចឆ្លុះបញ្ចាំងពីរបៀបចាយវាយ ខ្ជះខ្ជាយ សន្សំ ឬភាពវ័យឆ្លាតក្នុងការវិនិយោគរបស់មនុស្សម្នាក់ៗ។ ការចង់ដឹងពីសំណួរ មួយនេះពិតជាមនុស្សជីកឬសគល់ដទៃគេពិតមែន។ មនុស្សម្នាក់ៗមានគោល ដៅជីវិតខុសៗគ្នា មិនប្រាកដថាភាពជោគជ័យរបស់គេត្រូវតែវាស់វែង ដោយភាពជោគជ័យផ្នែកហិរញ្ញវត្ថុតែមួយមុខនោះទេ។ ក្រៅពីនេះការរាប់មិត្ត ឬ មនុស្សណាមួយមិនមែនចេះតែសួរគេអីញ្ចឹងអីការរាប់អានមិនសំដៅ ឬមេីលទ្រព្យ
ធនអ្នកដទៃនោះទេ។