ពេលឃើញគេផុសរូបលើបណ្ដាញសង្គម ទិញឡានថ្មី ឡើងផ្ទះថ្មី ពាក់មាសពាក់ពេជ្រធំៗ ឬដើរលេងក្រៅប្រទេស ពិតជាគួរឱ្យច្រណែនណាស់មែនទេ? ធ្វើម៉េចបានជីវិតគេសំណាង និងហ៊ឺហាម្ល៉េះហ្ន៎?
ប៉ុន្តែមានធ្លាប់ឆ្ងល់ទេថា តើគេរកលុយបានពីណាមកទិញរបស់របរហ៊ឹកហ៊ាក់យ៉ាងនេះ?
តែបើសួរខ្លួនឯងវិញថា ចុះយើងចាំបាច់ខ្វល់ធ្វើអី? គេបានលុយមកពីណាជារឿងរបស់គេតើ? ដូចជាអត់មានទាក់ទងជាមួយយើងទេ។
ចម្លើយសម្រាប់ការចោទសួរខ្លួនឯងនេះ អាចមានប្រយោជន៍ចំពោះយើងដូចខាងក្រោម៖
- ឱ្យចេះស្វែងយល់ពីភាពពិតក្នុងបណ្ដាញសង្គម និងក្នុងសង្គមជាក់ស្ដែង
- ឱ្យយើងចេះប្រុងប្រយ័ត្នមុនខ្ចីលុយគេ និង មុនឱ្យលុយគេខ្ចី
- ចេះរៀបចំផែនការចំណាយរបស់ខ្លួនឯង (ឧ. ផ្ដោតលើចំណាយចាំបាច់ ចៀសជាងចំណង់ និងការបង្អួត)
- ចេះផ្ដោតសំខាន់លើខ្លួនឯង រៀនរីករាយជាមួយស្ថានភាព និងអ្វីដែលខ្លួនឯងមាន
ត្រឡប់មកសំណួររបស់យើងវិញ តើគេចាយវាយហ៊ឺហានោះ គេពិតជាមានបានធូរធារមែន ឬគ្រាន់តែជាការសម្ដែងទេ?
តាមពិតទៅ ទ្រព្យសម្បត្តិដែលយើងឃើញថាឡូយឆាយទាំងនោះមិនប្រាកដថា សុទ្ធតែបានមកដោយទ្រព្យឬលុយផ្ទាល់ខ្លួនរបស់គេសុទ្ធសាតនោះទេ។ ពេលខ្លះនៅពីក្រោយភាពហ៊ឺហានោះ មាននូវបំណុលធនាគារ ឬជំពាក់ក្រុមគ្រួសារ គ្រាន់តែខុសគ្នាត្រង់ថា អ្នកខ្លះពិតជាបានខ្ចីលុយគេមកពង្រីក ឬបង្វិលក្នុងរបររកស៊ី ឯអ្នកខ្លះទៀតខ្ចីលុយគេមកក្នុងគោលបំណងចាយវាយ ទិញផ្ទះទិញឡានឱ្យបានត្រឹមឡូយឆាយប៉ុណ្ណោះ។
មនុស្សអាចចាយវាយឡូយឆាយ ហើយបង្អួតឱ្យគេឃើញដោយមូលហេតុខុសៗគ្នាគឺ៖
១. ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការគោរពពីអ្នកជុំវិញខ្លួន
ពេលដែលមនុស្សម្នាក់យល់ថាតម្លៃរបស់គេស្ថិតនៅលើទ្រព្យ សម្ភារប្រណីតៗដែលគេមាន គេនឹងហ៊ានចំណាយលុយឱ្យតែបានសម្ភារថ្លៃៗ ម៉ាកល្បីៗទាំងនោះមកកាន់ក្នុងដៃ ក្នុងគោលបំណងចង់ឱ្យអ្នកដទៃសរសើរ សាទរ និងផ្ដល់ចំណាប់អារម្មណ៍លើគេ។ តែជាក់ស្ដែងទៅ មិនប្រាកដថាមហាជនគ្រប់រូប សុទ្ធតែគោរពឱ្យតម្លៃមនុស្សដោយសារតែទ្រព្យសម្បត្តិទាំងនោះទេ។ ដ្បិតថាមានមនុស្សមួយចំនួនធំទៀតដែរ ដែលផ្ដោតការឱ្យតម្លៃ គោរពស្រលាញ់ទៅលើអត្តចរិតបុគ្គលទៅវិញទេ។
២. ចាយបំបាត់ទុក្ខ
មូលហេតុមួយទៀតគឺអាចជាទម្លាប់ចាយវាយបំបាត់ស្ត្រេស។ ពេលខ្លះមិនសប្បាយចិត្ត ក៏ដើរផ្សារទិញឥវ៉ាន់ រួចផុស story មួយឱ្យអស់កង្វល់។ តែការធ្វើបែបនេះមិនបានធានាថាជួយដោះស្រាយបញ្ហាដែលបង្កឱ្យអ្នកមិនសប្បាយចិត្តនោះទេ ផ្ទុយទៅវិញ វាអាចញ៊ាំងឱ្យអ្នកងាយជួបវិបត្តិហិរញ្ញវត្ថុ ឬកើតទុក្ខលើសដើមដោយសារការចាយវាយតាមអារម្មណ៍ មិនបានគិតគូរដល់ថ្ងៃក្រោយ។
៣. រងឥទ្ធិពលពីអ្នកជុំវិញខ្លួន
ពេលឃើញមិត្តភក្ដិ ឬអ្នកជិតដិតណាម្នាក់ ប្ដូរទូរស័ព្ទថ្មី ប្រើកាបូបម៉ាកប្រេនៗមានតម្លៃថ្លៃ ឬឬប្ដូរឡានថ្មី ក៏មានអារម្មណ៍ថាគួរតែ ដល់ពេលត្រូវប្ដូរថ្មីដែរហើយ កុំឱ្យមើលទៅអន់ពេក។ ប៉ុន្តែបើអ្នកផ្ដោតលើការបំពេញតាមតម្រូវការផ្ទាល់ខ្លួន គោរពតាមផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនបានត្រឹមត្រូវ ហើយយល់ពីស្ថានភាពជាក់ស្ដែងរបស់ខ្លួន និងអ្នកនៅជុំវិញខ្លួន អ្នកអាចនឹងចៀសផុតពីការកើតមាននូវអារម្មណ៍ប្រកួតប្រជែង ដេញតាមសម្ភារនិយមដូចគេនោះទេ។
ហេតុនេះ រាល់លើក ពេលដែលឃើញអ្នកជុំវិញខ្លួនប្រើប្រាស់របស់ថ្លៃៗ ចាយវាយហ៊ឺហា បង្អួតបង្ហាញតាមបណ្ដាញសង្គម ចូរកុំភ្លើតភ្លើនភ្លេចខ្លួនខំរត់តាមគេ ព្រោះថាមនុស្សយើងម្នាក់ៗកំពុងដើរលើផ្លូវជីវិតរៀងៗខ្លួន។ អ្វីដែលគេជ្រើសរើសនឹងធ្វើ មិនប្រាកដថាយើងគួរតែយកលំនាំតាមគ្រប់ជំហាននោះទេ។ ប៉ុន្តែគួរជំនួសដោយការស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ដូចជាដំណើរជីវិតបុគ្គលឱ្យកាន់តែប្រសើរ៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។