ប័ណ្ណធានារ៉ាប់រង សំដៅទៅលើកិច្ចសន្យាដែលតំណាងថា អ្នកដែលទិញប័ណ្ណធានារ៉ាប់រងត្រូវបង់ប្រាក់តាមថេរវេលាមួយជាក់លាក់ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ហើយនៅពេលមានគ្រោះថ្នាក់អ្វីមួយដែលបានចែងនៅក្នុងកិច្ចសន្យានោះ អ្នកទិញនឹងទទួលបានសំណងនៃការខាតបង់ពីក្រុមហ៊ុនធានារ៉ាប់រងនោះវិញ។
ហេតុអ្វីគួរមានធានារ៉ាប់រង?
ប័ណ្ណធានារ៉ាប់រងនឹងជួយការពារខ្លួនអ្នកពីហានិភ័យជាយថាហេតុដូចជាអគ្គិភ័យ ជំងឺ គ្រោះទឹកជំនន់ គ្រោះថ្នាក់ចរាចរណ៍ ឬចោរកម្មជាដើម។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលអ្នកគួរតែគិតគូរពីប័ណ្ណធានារ៉ាបរង៖
១. អ្នកមិនមានស្ថេរភាពហិរញ្ញវត្ថុ
ជាធម្មតា ស្ថានភាពហិរញ្ញវត្ថុរមែងមានស្ថានភាពខុសគ្នាពីមនុស្សទៅមនុស្សម្នាក់ទៀត អញ្ចឹងតម្រូវការក៏អាចនឹងខុសៗគ្នាទៅតាមនោះដែរ។ ប្រសិនបើអ្នកកំពុងមានសេរីភាពហិរញ្ញវត្ថុហើយ ដោយមិនភ័យព្រួយពីហានិភ័យណាមួយដែលកើតឡើងនោះ ប័ណ្ណធានារ៉ាបរងអាចនឹងមិនសំខាន់ចំពោះអ្នកឡើង។ ប៉ុន្តែប្រសិនបើ អ្នកអាចនឹងជួបផលលំបាកធ្ងន់ធ្ងរក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុកើតឡើងនោះ អ្នកគួរពិចារណាលើធានារ៉ាបរងនេះ។
២. ការពារពីការបាត់បង់ធ្ងន់ធ្ងរ
ប័ណ្ណធានារ៉ាប់រងនឹងជួយអ្នកពីការបាត់បង់ធ្ងន់ធ្ងរ ក្នុងករណីអ្នកជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ ឧទាហរណ៍ថា អ្នកបានទិញនូវប័ណ្ណធានារ៉ាបរងផ្ទះ ប៉ុន្តែជាអកុសលអ្នកជួបនឹងគ្រោះអគ្គិភ័យ។ អញ្ចឹង! ប្រសិនបើអ្នកបានទិញធានារ៉ាបរងនោះ វានឹងជួយស្រោចស្រង់អ្នកពីការបាត់បង់ធ្ងន់ធ្ងន់ ដោយក្រុមហ៊ុននឹងមានសំណងផ្ដល់ជូននូវចំនួនទឹកប្រាក់ទៅតាមលក្ខខណ្ឌ និងគោលការណ៍របស់ប័ណ្ណធានារ៉ាបរងនោះ។
៣. អ្នកគឺជាមនុស្សដែលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារ
សូមចងចាំថា គ្រោះហានិភ័យអាចកើតបានគ្រប់ពេលវេលា ដូច្នេះអ្នកគួរត្រៀមខ្លួនសម្រាប់ហានិភ័យដែលអាចកើតឡើងនោះ។ ឧទាហរណ៍ថា អ្នកជាមនុស្សដែលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារទាំងមូល ប៉ុន្តែជាអកុសលអ្នកជួបគ្រោះថ្នាក់ ដោយធ្លាក់ខ្លួនពិការភាព ឬដល់បាត់បង់ជីវិត ធានារ៉ាបរងអាចនឹងជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់គ្រួសាររបស់អ្នក ពីហានិភ័យហិរញ្ញវត្ថុបាន។
៤. គម្រោងផែនការគ្រួសារក្នុងរយៈពេលវែង
ប័ណ្ណធានារ៉ាបរងក៏អាចចាត់ទុកថា វាជាផែនការគម្រោងកញ្ចប់ប្រាក់អ្នកក្នុងរយៈពេលវែងដែរ។ ឧទាហរណ៍ថា កំពុងមានកូនអាយុ ៦ឆ្នាំ។ ដោយអ្នកចង់គិតគូរពីអនាគតកូនរបស់អ្នក អ្នកអាចគិតគូរពិចារណាលើប័ណ្ណធានារ៉ាបរងក្នុងរយៈពេលណាមួយ ហើយអ្នកក៏នឹងប្រាកដចិត្តថា ១៥ ឬ២០ឆ្នាំក្រោយ ពួកគេមានប្រាក់សម្រាប់បន្តទៅថ្នាក់ឧត្ដមសិក្សា។
យ៉ាងណាមិញ មុននឹងអ្នកសម្រេចចិត្តជ្រើសរើសទិញយកប័ណ្ណធានារ៉ាប់រងណាមួយនោះ សូមយកចិត្តទុកដាក់អានពីគោលការណ៍ លក្ខខណ្ឌ ក៏ដូចជាសំណងទឹកប្រាក់ក្រុមហ៊ុនឱ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហានៅថ្ងៃក្រោយ។
ដូចដែលបានរៀបរាប់ចំណុច ៤ ខាងលើនេះ ប្រសិនបើអ្នកមានបំណង ឬកំពុងស្ថិតក្នុងស្ថានការណ៍ដែលបានរៀបរាប់ អ្នកគួរគិតគូរពីប័ណ្ណធានារ៉ាបរងទាំងនេះបាន។ ការគិតគូរពីអនាគត មិនមែនត្រឹមតែជួយអ្នក តែអ្នកក៏បានជួយដល់មនុស្សជាទីស្រឡាញ់របស់អ្នកដូចគ្នា៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ពេលចាស់ទៅគួរមានអ្វីខ្លះក្នុងខ្លួន?