ពាក្យថា «បំណុល» នរណាៗក៏រអាដែរ។ បំណុលខ្លះក៏ច្រើនលើសលស់ហើយត្រូវការរយៈពេលច្រើនឆ្នាំទើបសងអស់ ហើយបើព្យាយាមគេចវេស មិនប្រឈមមុខ មិនព្រមដោះស្រាយទេនោះ វាក៏នឹងចេះតែគរឡើងវ័ណ្ឌពេញកខ្លួនហើយ។
ទោះគេនិយាយថា «គ្មាននរណាចង់ជំពាក់គេវ័ណ្ឌកទេ!» ប៉ុន្តែហេតុអី នៅតែមានបំណុល? មើលបន្តិចមើល៍! តើមូលហេតុចម្បងអ្វីខ្លះដែលធ្វើឱ្យអ្នកធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌក?
១. ចំណូលតិច ចំណាយច្រើន
ជួនកាល មិនមែនដោយសារតែចំណូលតិច តែអាចមកពីឥរិយាបថចាយវាយលុយកាក់ទៅវិញទេ ដែលនាំឱ្យអ្នកធ្លាក់ជាប់បំណុលវ័ណ្ឌក ឬបំណុលអាក្រក់។ ចំណូលតិច ចំណាយខ្ពស់មិនត្រូវខ្ទង់ ជាហេតុអ្នកត្រូវខ្ចីបុលអ្នកដទៃដើម្បីដោះស្រាយបញ្ហា ដែលសកម្មភាពដដែលៗបន្តកើតមានរហូតដល់ជំពាក់បំណុលពីមនុស្សជុំវិញខ្លួនដោយមិនដឹងខ្លួន។ នេះហើយជាមូលហេតុដែលយើងតែងតែលើកទឹកចិត្តឱ្យគ្រប់គ្នាគួរមានគម្រោងចាយវាយលុយកាក់ឱ្យបានត្រឹមត្រូវ (Budgeting)។
២. គ្មានប្រាក់សម្រាប់គ្រាមានអាសន្ន
នៅពេលអ្នកជួបបញ្ហាត្រូវការលុយបន្ទាន់ភ្លាមៗ អ្នកនឹងត្រូវបង្ខំចិត្តខ្ចីប្រាក់ពីធនាគារ ឬចងការប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់ ធ្វើឱ្យអ្នកធ្លាក់ខ្លួនជាប់បំណុល។ “Emergency Fund” ដែលយើងតែងនិយាយជារឿយៗមកហើយពីគុណប្រយោជន៍នៃការត្រៀមវាទុក។ វានឹងអាចជួយអ្នកដោះទាល់ និងចៀសវាងការបង្ខំចិត្តទៅចងការប្រាក់ពីអ្នកដទៃក្នុងអត្រាការប្រាក់ខ្ពស់ ឬអាចជួយអ្នកដោះបំណុលវ័ណ្ឌកពេលទាល់ច្រកខ្លាំង។
Click here to read more about: Emergency Fund អាចជួយអ្វីបានខ្លះក្នុងអំឡុងពេលបិទក្រុង?
៣. ប្រើប្រាស់កម្ចីមិនចំគោលដៅ
ការប្រើលុយកម្ចីមិនចំគោលដៅ ឬទៅទិញទ្រព្យបំណុលដែលមិនអាចបង្កើនប្រាក់ចំណូលបាន នឹងធ្វើឱ្យអ្នកត្រូវរកប្រាក់ដើម្បីតែដោះបំណុល។ បច្ចេកវិទ្យាជឿនលឿន ការខ្ចីបុលក៏ងាយ តួយ៉ាងដូចជាការចាយវាយតាមរយៈក្រេឌីតកាតជាដើម។ ដ្បិតវាផ្ដល់ភាពងាយស្រួលក៏ពិតមែន តែអ្នកក៏ត្រូវចាយវាយលុយកាក់នោះឱ្យចំគោលដៅដូចគ្នាផង។ មានចំណាយខ្លះដូចជាលើរបស់របរបែបសម្ភារៈនិយម ចំណាយលើបាយក្រៅជាប្រចាំ -ល- បើអាចលះបង់ឬកាត់បន្ថយរឿងទាំងនេះជាការគួរ ខណៈអ្នកកំពុងមានបំណុល ឬប្រាក់ចំណូលនៅមានកម្រិត។
៤. លេងល្បែង
មានមនុស្សមិនតិចទេ ដែលធ្លាក់ខ្លួនជាប់បំណុលងើបមុខមិនរួចដោយសារតែល្បែង ហើយនៅតែមិនបោះបង់គំនិតចង់បានលុយដោយងាយៗ ឬក្លាយជាអ្នកមានក្នុងពេលតែមួយយប់ ជំនួសឱ្យ “អ្នកអាចក្រមួយជីវិតដោយសារតែល្បែង”។ សូមចងចាំថា ឱ្យតែល្បែងស៊ីសងគឺតែងវិនាស មិនថាល្បែងនោះស្ថិតក្នុងទម្រង់រូបភាពណាក៏ដោយ។
កំពុងមានបំណុលវ័ណ្ឌក តើគួរធ្វើអីខ្លះ?
ប្រសិនបើអ្នកកំពុងមានបំណុលវ័ណ្ឌក រឿងដំបូងគឺប្រឈមមុខជាមួយបំណុល បង្កើតកញ្ចប់ថវិកា និងគ្រប់គ្រងលំហូរសាច់ប្រាក់ បង្កើនប្រភពចំណូល ដោះស្រាយបំណុល និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ឬអ្នកដែលអាចទុកចិត្តបាន។ សូមដោះស្រាយបំណុលនោះឱ្យបានឆាប់កាន់តែល្អ។ បើយោងទៅតាមលោក Dave Ramsey បាននិយាយថា «អ្នកទាំងអស់គ្នាមានដឹងទេថា បំណុលនឹងប្លន់យកបច្ចុប្បន្នភាពរបស់អ្នក ហើយបំណុលក៏លួចយកអនាគតអ្នកដូចគ្នា» ប្រសិនបើអ្នកមិនខ្វាយខ្វល់៕