បើពិនិត្យមើលប្រវត្តិសាស្រ្ដពីឆ្នាំ1990, 2000 និង 2008 ដែលវិបត្តិសេដ្ឋកិច្ចកើតឡើង១ឆ្នាំក្រោយពេល តម្លៃប្រេងកើនឡើងទ្វេ។ កំណើនតម្លៃប្រេងនាពេលបច្ចុប្បន្នទំនងជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលបញ្ជាក់ថា ពិភពលោកទំនងជានឹងជួបវិបត្តិសេដ្ឋកិច្ចម្ដងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើស្ថានភាពសេដ្ឋកិច្ចមិនទៀងទាត់បែបនេះ គួរបន្តការវិនិយោគទៀតអត់?
យើងនៅតែអាចបន្តការវិនិយោគដដែល គ្រាន់តែយើងត្រូវប្រុងប្រយ័ត្ន និងគួរយល់ដឹងចំណុចមួយចំនួននៃការវិនិយោគទាំងអស់។
1 អចលនទ្រព្យ
ការវិនិយោគក្នុងវិស័យអចលនទ្រព្យមានលទ្ធភាពផ្ដល់ប្រាក់ចំណេញច្រើនបើធៀបនឹងទុនវិនិយោគ។ ប៉ុន្តែក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ស្ថានភាពសេដ្ឋកិច្ចមិនល្អអាចញ៉ាំងឱ្យម្ចាស់អចលនទ្រព្យលក់មិនចេញ ដោយសារតម្រូវការថយចុះ ឬលក់ខាតដោយសារធ្លាក់តម្លៃ។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអាចជួយដល់អ្នកវិនិយោគ ក្នុវិស័យអចលនទ្រព្យពេលសេដ្ឋកិច្ចធ្លាក់ចុះ៖
🔹 សិក្សាទីតាំងសក្ដានុពល (ឧទាហរណ៍៖ អាចមានគម្រោងអភិវឌ្ឍនាពេលអនាគត)
🔹 ពិនិត្យលទ្ធភាពដាក់ជួល ទោះតម្លៃជួលមិនខ្ពស់ក្ដី ក៏បានជាប្រភពចំណូលដែរ
🔹 ផ្ដោតលើរយៈពេលវែង អាចពី 5-10 ឆ្នាំ
2 រូបិយប័ណ្ណគ្រីបតូ
ថ្វីត្បិតថារូបិយប័ណ្ណគ្រីបតូគ្មានរូបរាង ប៉ុន្តែនៅតែរងឥទ្ធិពលនៃសេដ្ឋកិច្ចឡើងចុះដដែល ព្រោះនេះជាពេលវេលាដែលអ្នកវិនិយោគចាប់ផ្ដើមប្រុងប្រយ័ត្ន ហើយអាចនឹងមិនសូវមានទំនុកចិត្តក្នុងការវិនិយោគលើរូបិយប័័ណ្ណគ្រីបតូ។ ហេតុនេះ មានកត្តាមួយចំនួនដែលអ្នកវិនិយោគគួរយល់ដឹង និងប្រុងប្រយ័ត្ន៖
🔹 ស្ថានភាពតម្លៃរូបិយប័ណ្ណគ្រីបតូនឹងបន្តធ្លាក់ចុះបន្តទៀត
🔹 គប្បីវិនិយោគលើរូបិយប័ណ្ណគ្រីបតូផ្សេងៗគ្នាជាជាងវិនិយោគលើប្រភេទតែមួយ
🔹 ពេលវេលានេះអាចជាពេលវេលាល្អដើម្បីចូលប្រឡូកក្នុងវិស័យគ្រីបតូ ប៉ុន្តែត្រូវអំណត់រង់ចាំរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញទើបអាចមានឱកាសទទួលបានផលចំណេញពីការវិនិយោគ
3 ប័ណ្ណបំណុល និងភាគហ៊ុន
ពេលសេដ្ឋកិច្ចធ្លាក់ចុះ គេច្រើនព្រួយបារម្ភពីភាពរង្គោះរង្គើនៃផ្សារហ៊ុនដូចគ្នា។ ផ្ទុយទៅវិញ ទោះជា ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ មានវិស័យមួយចំនួននៅតែមានដំណើរការដដែល។ ហេតុនេះ អ្នកអាច៖
🔹 វិនិយោគលើភាគហ៊ុនដែលពាក់ព័ន្ធនឹងវិស័យសុខភាព ទឹក ភ្លើង និងសម្ភារប្រើប្រាស់ចាំបាច់ក្នុងផ្ទះជាដើម។ល។
🔹 កុំវិនិយោគទៅលើក្រុមហ៊ុនតែមួយ ពោលគឺគប្បីវិនិយោគតាមបែបពិពិធកម្មផលបត្រ (សូមស្វែងយល់បន្ថែមតាមតំណភ្ជាប់ https://www.kakcent.com/diversification-portfolio/)
🔹 ប្រកាន់យកស្មារតីវិនិយោគរយៈពេលវែង មិនមែនទាមទារលក់យកចំណេញឆាប់នោះទេ។
4 មាស
បើអ្នកនៅមិនទាន់ទុកចិត្តលើការវិនិយោគ៣ប្រភេទខាងលើនៅឡើយទេនោះ អ្នកអាចពិចារណាវិនិយោគទៅលើមាសវិញ។ ដោយសារបរិមាណរបស់មាសនៅលើផែនដីមានកំណត់ មិនអាចបោះពុម្ពបានដូចក្រដាសប្រាក់ ធ្វើឱ្យរូបិយវត្ថុមួយនេះមានលំនឹងតម្លៃ និងមិនសូវរងឥទ្ធិពលពីការឡើងចុះនៃសេដ្ឋកិច្ចនោះទេ។ មាសជាវត្ថុធាតុដើម (commodity) ដែលមានតម្រូវការពាសពេញពិភពលោក ហេតុនេះ វិបត្តិសេដ្ឋកិច្ចដែលជះឥទ្ធិពលខ្លាំងនៅក្នុងបណ្ដាប្រទេសមហាអំណាច មិនសូវជះឥទ្ធិពលខ្លាំងលើ តម្រូវការ និងតម្លៃមាសទូទាំងពិភពលោកនោះទេ។ បន្ថែមលើនេះ តម្លៃមាសប្រែប្រួលច្រាស់គ្នានឹងតម្លៃប្រាក់ដុល្លារអាមេរិច ហើយតម្លៃហ៊ុនមាសមានទំនោរនឹងកើនឡើង ខណៈដែលតម្លៃប្រាក់ដុល្លារធ្លាក់ចុះក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត មាសជារូបិយវត្ថុដែលងាយស្រួល នឹងបម្លែងជាលុយបានលឿន បើធៀបនឹងការវិនិយោគផ្សេងៗទៀត។
សរុបមកវិញ អ្នកនៅតែអាចពិចារណាបន្តការវិនិយោគរបស់អ្នកដដែល ប៉ុន្តែអ្នកត្រូវក្ដោបក្ដាប់ព័ត៌មានដែលត្រឹមត្រូវ និងគ្រប់គ្រាន់ និងមានយុទ្ធសាស្ត្រត្រឹមត្រូវទៅតាមប្រភេទដែលអ្នកជ្រើសរើសវិនិយោគ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន