អ្នកធ្លាប់ផ្ទេរកម្មសិទ្ធឬសិទ្ធិកាន់កាប់អចលនទ្រព្យ ប្រហែលស្គាល់ច្បាស់ពីពន្ធប្រថាប់ត្រានេះហើយ។ តែពន្ធនេះមិនមែនគិតតែទៅលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យតែមួយមុខប៉ុណ្ណោះទេ។
ពន្ធប្រថាប់ត្រា ឬ Registration tax ជាពន្ធមួយប្រភេទដែលត្រូវបានប្រមូលចំពោះ៖
• ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលរួមមាន ដី អាគារ និងសំណង់ផ្សេងៗ
• ការដាក់អចលនទ្រព្យជាភាគហ៊ុនក្នុងក្រុមហ៊ុន
• ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទ
• ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
• កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើថវិការដ្ឋ
• លិខិតមានលក្ខណៈគតិយុត្តិ រួមមានលិខិតស្ដីពីការបង្កើតក្រុមហ៊ុន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការបិទក្រុមហ៊ុន។
តើអ្នកណាមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា?
តាមច្បាប់សារពើពន្ធ អ្នកដែលមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា គឺ”អ្នកទទួល”កម្មសិទ្ធិឬសិទ្ធិកាន់កាប់។ ប៉ុន្តែអ្នកទទួល និងអ្នកផ្ទេរ អាចពិភាក្សាឬចរចាគ្នាបានថាអ្នកណានឹងបង់ពន្ធនេះ។ យ៉ាងណាមិញ អ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់នឹងត្រូវរ៉ាប់រងការផាកពិន័យ បើក្នុងករណីបង់ពន្ធយឺតយ៉ាវ។
អត្រាកំណត់ពន្ធប្រថាប់ត្រា៖
• ៤% ចំពោះ អចលនទ្រព្យ មធ្យោបាយដឹកជញ្ជូនឬយានជំនិះ ការដាក់ទុនក្រុមហ៊ុន
• ០.១% ចំពោះ កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើថវិកាជាតិ ការផ្ទេរចំណែកភាគហ៊ុនណាមួយ ឬទាំងស្រុងរបស់ក្រុមហ៊ុន
• ១លានរៀល ចំពោះ លិខិតមានលក្ខណៈគតិយុត្តិគ្រប់ទម្រង់
កំណត់ចំណាំ៖
១. លិខិតមានលក្ខណៈគតិយុត្តិ លិខិតឬឯកសារស្របច្បាប់ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។
២. “ការផ្ទេរកម្មសិទ្ធ” សំដៅលើការផ្ទេរសិទ្ធអចលនទ្រព្យ ដែល “បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធសម្គាល់អចលនទ្រព្យ”។
៣. “ការផ្ទេរសិទ្ធិកាន់កាប់” សំដៅលើការផ្ទេរសិទ្ធិអចលនទ្រព្យ ដែល “មិនទាន់បានចុះបញ្ជី មិនមានប័ណ្ណកម្មសិទ្ធសម្គាល់អចលនទ្រព្យ”។
៤. មូលដ្ឋានគិតពន្ធប្រថាប់ត្រាលើ៖
ក. អចលនទ្រព្យ៖ កំណត់យកតាមតម្លៃទីផ្សារនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ មិនមែនតម្លៃលក់ទេ
ខ. មធ្យោបាយដឹកជញ្ជូននិងយានជំនិះ៖ កំណត់តម្លៃទៅតាមប្រភេទកម្លាំងម៉ាស៊ីន និង ឆ្នាំផលិតនៃមធ្យោបាយដឹកជញ្ជូនឬយានជំនិះនោះ
ឧទាហរណ៍ ការផ្ទេរសិទ្ធិ រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០១០ ដែលមានទំហំស៊ីឡាំង ១៥០០ CC ដល់ ២០០០CC ត្រូវបានកំណត់មូលដ្ឋានគិតពន្ធត្រឹម ១២លានរៀល = ១២ ០០០ ០០០ x ៤% = ៤៨០០០០រៀល ដូចនេះ អ្នកទទួលកម្មសិទ្ធិ រថយន្តនេះ ត្រូវបង់ពន្ធប្រថាប់ត្រា ៤៨០០០០រៀល៕
ព័ត៌មានដកស្រង់ចេញពី៖ ប្រកាសស្ដីពីការប្រមូលពន្ធប្រថាប់ត្រា៕