ការទទួលខុសត្រូវលើជីវិតខ្លួនឯងមានន័យថាការរស់នៅដោយដឹងពីគោលបំណងដែលខ្លួនចង់បាន ដឹងថាត្រូវធ្វើអីដែលត្រឹមត្រូវ សម្រាប់អភិវឌ្ឍន៍ខ្លួនឯងនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកអាចចាប់ផ្ដើមធ្វើដើម្បីបង្កើនទំនួលខុសត្រូវចំពោះជីវិតខ្លួនឯង៖
១ បង្កើតទម្លាប់ល្អៗ: ទម្លាប់ប្រចាំថ្ងៃដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់អ្នក ហើយទម្រង់ទិសសម្រាប់ជីវិតអ្នកទៅថ្ងៃមុខ។ ការមានទម្លាប់ល្អនឹងនាំអ្នកទៅកាន់ជីវិតដែលរីករាយ សម្រេចជោគជ័យ តាមក្តីស្រមៃ ហើយក្នុងនោះរួមមានទម្លាប់សន្សំលុយ អានសៀវភៅ តាមដានព័ត៌មានសង្គម ហាត់ប្រាណ លេងកីឡា រៀនចំណេះជំនាញថ្មី ឬភាសាថ្មីជាដើម ។ល។
២ ចេះគិតគូវែងឆ្ងាយៈ ជាការបង្រៀនអ្នកឲ្យចេះរៀបចំការគិត មានគម្រោង ផែនការ មានចក្ខុវិស័យសម្រាប់អ្វីដែលអ្នកចង់បាន មិនថារឿងការងារ ឬកិច្ចការផ្ទាល់ខ្លួន។ យើងអាចរំពឹងថាទនឹងទួលបានផ្លែផ្កានៃការគិតគូនេះក្នុងរយៈពេល 5 ឬ 10ឆ្នាំទៅមុខទៀត។
៣ គោរពពេលវេលាៈ ជួយឲ្យជីវិតការងារ និងជីវិតផ្ទាល់ខ្លួនកាន់តែល្អប្រសើរ ព្រោះយើងបានប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធិភាព។ វាក៏ឆ្លុះបញ្ចាំងថាអ្នកជាមនុស្សម្នាក់ដែលអ្នកទំនួលខុសត្រូវខ្ពស់ និងអាចគ្រប់គ្រងពេលវេលាបានយ៉ាងល្អ។ ដោយសារពេលវេលាជាមាសប្រាក់ យើងមិនគួរខ្ជះខ្ជាយពេលចោលឥតប្រយោជន៍ឡើយ។
៤ ចេះរៀបចំទុកដាក់លុយកាក់ៈ ត្រូវដឹងថាលុយរបស់អ្នកចាយទៅលើអ្វីខ្លះ ហើយដឹងពីចំនួនលុយប៉ុន្មានសម្រាប់ការចំណាយទូទៅប្រចាំថ្ងៃ។ អ្នកត្រូវមានគម្រោងចំណូលចំណាយត្រឹមត្រូវទើបមិនធ្វើឱ្យអ្នកធ្លាក់ក្នុងបំណុលអាក្រក់ ឬមានវិបត្តិហិរញ្ញវត្ថុ។
៥ រៀបចំផែនការប្រចាំថ្ងៃ និងអនាគតៈ សម្រាប់ជាផែនទីបង្ហាញផ្លូវជីវិត ជួយឲ្យយើងដើរលើផ្លូវត្រូវ អាចសម្រេចបាននូវអ្វីដែលអ្នកចង់បាន និងអាចឆ្ពោះទៅទីនោះ។
៦ មានលុយបម្រុងសម្រាប់ពេលមានអាសន្នៈ ដូចជាការមានធានារ៉ាប់រងអាយុជីវិត ដែលជួយការពារអ្នកពីបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលមិនបានរំពឹងទុកមុន និងអាចជួយការពារពីការជំពាក់បំណុលគេ។ អ្នកក៏មិនព្រួយបារម្ភច្រើន ប្រសិនបើអ្នកស្រាប់តែបាត់បង់ការងារ ត្រូវជួសជុលផ្ទះ ឬឡាន ឬត្រូវរ៉ាប់រងលើថ្លៃពេទ្យនៅពេលធ្លាក់ខ្លួនឈឺពេលណាមួយដែលត្រូវការចំណាយច្រើន។
ការមានទំនួលខុសត្រូវលើជីវិតរបស់ខ្លួនឯង មានន័យថាយើងមានភាពជាម្ចាស់ការលើខ្លួនឯង មានការគិតគូគ្រប់ជ្រុងជ្រោយជុំវិញការរស់នៅ និងការសម្រេចចិត្តខ្លួនឯងផ្ទាល់ ដើម្បីជីវិតកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន