ជាការពិតណាស់ ការវិនិយោគគឺតែងតែមានជួបហានិភ័យផ្សេងៗទៅតាមប្រភេទនៃឧបករណ៍វិនិយោគដែលអ្នកកំពុងវិនិយោគ។ ភាគហ៊ុនត្រូវបានគេចាត់ទុកថា ជាការវិនិយោគដែលមានហានិភ័យខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងប័ណ្ណបំណុល ឬអចលនទ្រព្យ ។ អញ្ចឺងថ្ងៃនេះ យើងនឹងមកពិភាក្សាថា តើភាគហ៊ុនមានហានិភ័យយ៉ាងដូចម្តេចខ្លះ។
១. ការឡើងចុះមិនទៀងទាត់រយ:ពេលខ្លីនៃតម្លៃភាគហ៊ុន (Volatility)
តម្លៃភាគហ៊ុនគឺអាចមានបម្រែបម្រួលដោយកត្តាជាច្រើន ដែលក្នុងនោះយើងសង្កេតឃើញថា កត្តាមនោសញ្ចេតនា (Sentimental Factor) ជាកត្តាដែលធ្វើឱ្យតម្លៃឡើងចុះច្រើនជាងគេ ដោយសារការទិញលក់តាមគ្នា តាមការភ័យខ្លាច ឬភាពលោភលន់របស់អ្នកជួញដូរក្នុងផ្សារហ៊ុន។ កត្តានេះ ធ្វើឱ្យតម្លៃហ៊ុនមានការប្រែប្រួល ដោយសារតែបរិមាណតម្រូវការនិងការផ្គត់ផ្គង់ ដែលអ្នកជាវិនិយោគម្នាក់ត្រូវយល់ដឺង និងធ្វើការតាមដានទីផ្សារឲ្យបានញឹកញាប់។
យ៉ាងណាមិញ បើយើងក្រឡេកមើលមកក្នុងប្រទេសកម្ពុជាយើងវិញ តម្លៃភាគហ៊ុនក្នុងផ្សារហ៊ុន កំណត់ឱ្យឡើងចុះត្រឺមតែ ១០%បុ៉ណ្ណោះ ដែលវាអាចបន្ថយហានិភ័យបានមួយកម្រិតដែរ។
២. ឥទ្ធិពលនៃស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពក្នុងប្រទេស
ខុសពីប័ណ្ណបំណុល ភាគហ៊ុនអាចទទួលរងឥទ្ធិពលគួរសមពីស្ថានភាពក្នុងប្រទេស ពោលគឺនៅពេលមានបញ្ហាផ្សេងៗដូចជាបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ វាធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពក្រុមហ៊ុនក្នុងស្រុក ឬដោយភាពភ័យខ្លាចរបស់អ្នកវិនិយោគផងដែរ។
ជាក់ស្តែង ដោយសារជំងឺកូវីត១៩ ក្នុងដើមឆ្នាំនេះ តម្លៃនៃភាគហ៊ុនក្នុងនិងក្រៅស្រុកសឹងតែទាំងអស់បានធ្លាក់ចុះ ដែលបណ្តាលឱ្យអ្នកវិនិយោគមានការព្រួយបារម្ភ។ ប៉ុន្តែ វាអាចជាឱកាសល្អទៅវិញទេសម្រាប់អ្នកដែលចូលចិត្តប្រឈមនឹងហានិភ័យព្រោះគេអាចទិញភាគហ៊ុនបានក្នុងតម្លៃថោក។
៣. ការចែកភាគលាភ
ភាគហ៊ុនអាចនឹងមិនត្រូវបានចែកតាមពេលកំណត់ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ ឬមានបញ្ហាសន្ទនីយភាព(កង្វះសាច់ប្រាក់) ។ វាក៏ជាបញ្ហាប្រឈមរបស់វិនិយោគិនដែលគួរគិតគូរមើលស្ថានភាពក្រុមហ៊ុនមុននឹងសម្រេចចិត្តទិញភាគហ៊ុនពីក្រុមហ៊ុននោះ ព្រោះថាការគ្រប់គ្រងក្រុមហ៊ុន រមែងមានចន្លោះប្រហោងលើផ្នែកប្រតិបត្តិ និងយុទ្ធសាស្រ្តអាជីវកម្មក្នុងក្រុមហ៊ុនផ្ទាល់ ដែលអាចធ្វើឲ្យក្រុមហ៊ុនគ្មានប្រាក់ចំណេញត្រូវចែក។
៤. មិនមានការធានាលើការសងដើមត្រលប់ទៅវិញ (No Return Guarantee)
ការទិញនិងកាន់កាប់ភាគហ៊ុន គឺមានន័យថាយើងជាមា្ចស់ក្រុមហ៊ុន ដូច្នេះនៅពេលក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុដែលអាចឈានដល់ការក្ស័យធននោះ ក្នុងនាមជាម្ចាស់ហ៊ុនក៏អាចនឹងមិនទទួលបានប្រាក់ដើមត្រឡប់មកវិញដែរ។ បើតាមច្បាប់សហគ្រាសពាណិជ្ជកម្ម នៅពេលប្រកាសក្ស័យធន ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិក្រុមហ៊ុនទាំងអស់ត្រូវបានចាត់ចែងសងនូវប្រាក់បៀវត្សរ៍ដល់បុគ្គលិក ការចំណាយផ្សេងៗក្នុងពេលប្រកាស បន្ទាប់មកត្រូវសងទៅម្ចាស់បណ្ណបំណុល រួចជាចុងក្រោយទើបត្រូវបានចែកឲ្យម្ចាស់ភាគហ៊ុនតាមចំណែកហ៊ុនរបស់ពួកគេ។ ដូចនេះយើងឃើញថា វាមានហានិភ័យខ្ពស់ដែលអ្នកមិនអាចទទួលបានប្រាក់ដើមត្រឡប់មកវិញ ដ្បិតថាម្ចាស់ភាគហ៊ុន មានន័យថារួមចំណេញ និងរួមខាត។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលបានអនុញាត្តិឲ្យបោះផ្សាយភាគហ៊ុនក្នុងប្រទេសយើង គឺត្រូវបានវាយតម្លៃអំពី ស្ថានភាព និងកម្រិតនៃការលូតលាស់ក្រុមហ៊ុនយ៉ាងយកចិត្តទុកដាក់ពី ក្រុមហ៊ុនមូលប័ត្រកម្ពុជា (CSX) ដើម្បីជួយកាត់បន្ថយបញ្ហានេះផងដែរ។
ដូច្នេះហើយ ទើបក្នុងនាមអ្នកជាម្ចាស់ភាគហ៊ុន គួរតាមដាន និងយល់ដឹងឱ្យច្បាស់ពីក្រុមហ៊ុនដែលខ្លួនកំពុងវិនិយោគ ចៀសវាងខាតបង់នាពេលអនាគត។ ម្យ៉ាងវិញទៀត វាក៏ទាមទារឱ្យអ្នកមានចិត្តនឹងនរ ហ៊ានប្រឈមមុខជាមួយហានិភ័យ ក៏ដូចជាចំណេះដឹងក្នុងការប៉ាន់ស្មានភាគហ៊ុនឱ្យបានល្អ ព្រោះថា ហានិភ័យខ្ពស់ ចំណេញក៏ច្រើនទៅតាមនោះដែរ៕