នៅក្នុងស្ថាប័ន ឬអង្គភាពមួយ អ្នកគ្រប់គ្រងមានភារកិច្ច និងតួនាទីច្រើនជាងយើងគិតទៅទៀត។ អ្នកគ្រប់គ្រងដើរតួសំខាន់ណាស់ក្នុងការជម្រុញឲ្យការងារដើរទៅមុខដោយរលូន។
យោងតាមទ្រឹស្ដីលោក Mintzberg តួនាទីនៃការគ្រប់គ្រងចែកចេញជា ៣ ចង្កោមធំៗ ហើយបែកខ្ញែកជា ១០ តួនាទីបន្តទៀត។
តោះមកឈ្វេងយល់ឱ្យបានលម្អិតជាមួយអេដមីនទាំងអស់គ្នា។
តួនាទីអន្តរបុគ្គល
តួនាទីនេះចែកចេញជា ៣ បន្ទាប់ទៀតដូចជា:
អ្នកតំណាង (Figurehead): ជាបុគ្គលគំរូ និងលើកទឹកចិត្តដល់ក្រុម និងប្រធានតំណាងក្នុងកិច្ចការងារធំៗ និងប្រជុំផ្សេងៗ ។
អ្នកដឹកនាំ (Leader): មើលការខុសត្រូវភារកិច្ចរបស់កូនក្រុមនីមួយៗ ដើម្បីឲ្យសម្រេចទៅតាមគោលដៅរបស់ក្រុមហ៊ុនឬស្ថាប័ន។
អ្នកទំនាក់ទំនង (Liaison): ត្រូ វរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងអ្នករួមការងារ ព្រមទាំងពង្រីកបណ្ដាញខាងក្រៅជាមួយ និងដៃគូសំខាន់ៗផងដែរ។
គ្រប់គ្រងព័ត៌មាន
អ្នកគ្រប់គ្រងនីមួយៗជាប្រភពទទួល ចម្រាញ់ និងផ្សព្វផ្សាយពត៌មាន ដើម្បីចែកចាយដល់កូនក្រុម និងកន្លែងធ្វើការ។
អ្នកសង្កេត (Monitor): តាមដាន និងប្រមូលព័ត៌មាន ដែលមានឥទ្ធិពលលើស្ថាប័ន ដូចជាបច្ចុប្បន្នភាពទីផ្សារ និន្នាការសង្គម សេដ្ឋកិច្ចអន្តរជាតិ ព្រមទាំងព័ត៌មានអំពីដៃគូប្រជែងផងដែរ។
អ្នកផ្សព្វផ្សាយ (Disseminator): ចែករំលែកព័ត៌មានសំខាន់ៗ ទាំងនោះទៅកាន់និយោជិត កូនក្រុម និងថ្នាក់លើជាដើម។
អ្នកនាំពាក្យ (Spokesperson): រាយការណ៍នូវវឌ្ឍនភាពការងារ គោលដៅ និងគោលនយោបាយថ្មីៗ ចំពោះដៃគូសហការ និងភាគីពាក់ព័ន្ធខាងក្រៅជាដើម។
សម្រេចចិត្ត
ព័ត៌មានដែលទទួលបាន នឹងជួយឱ្យអ្នកគ្រប់គ្រងយកមកវិនិច័្ឆយ និងត្រួតពិនិត្យ ដើម្បីជាកាតាលីករដល់ការសម្រេចចិត្ត។
សហគ្រិន (Entrepreneur): អ្នកគ្រប់គ្រងត្រូវដោះស្រាយបញ្ហាការងារជាប្រចាំ ចាត់ទុកបញ្ហាជាឱកាស រិះរកគំនិតច្នៃប្រឌិត ដើម្បីឱ្យស្ថាប័នមានភាពរីកចម្រើន។
អ្នកដោះស្រាយបញ្ហា (Disturbance handler): តួនាទីនេះគឺសំដៅលើការដោះស្រាយវិវាទជម្លោះកើតឡើងនៅក្នុងកន្លែងធ្វើការ ឬបញ្ហាពីកត្តាខាងក្រៅដែលប៉ះពាល់ដល់ការងារផងដែរ។
អ្នកបែងចែកធនធាន (Resource allocator): អ្នកគ្រប់គ្រងត្រូវចាត់ចែងបុគ្គលិក បែងចែកធនធានហិរញ្ញវត្ថុ កញ្ចប់ថវិកា សម្ភារៈ ពេលវេលា ដើម្បីបំពេញការងារដោយរលូន។
អ្នកចរចា (Negotiator): អ្នកគ្រប់គ្រងអាចនឹងប្រឡូកក្នុងការពិភាក្សាផ្ទាល់ជាមួយក្រុម ផ្នែកផ្សេងៗ ឬដៃគូ លើស្ថានភាពការងារ បុគ្គលចរចាតម្លើងប្រាក់ខែ។ល៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន