មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាអង្គការអន្តរជាតិដែល លើកតម្កើងការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក រក្សាស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងជំរុញការជួញដូរអន្តរជាតិ ព្រមទាំងកាត់បន្ថយភាពក្រីក្រ។
មូលនិធិរូបិយវត្ថុអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង Bretton Woods ក្នុងគោលបំណងជំរុញដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនៃរូបិយប័ណ្ណដែលអាចប្តូរបាន (convertible currencies) ក្នុងអត្រាប្តូរប្រាក់ថេរមួយ (fixed exchange rates) ក្នុងចំណោមប្រទេសដែលជាសមាជិក។ បន្ទាប់ពីប្រព័ន្ធ Bretton Woods ដួលរលំក្នុងឆ្នាំ ១៩៧០ មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើតប្រព័ន្ធរូបិយប័ណ្ណថ្មីមួយទៀតគឺ អត្រាប្តូរប្រាក់អណ្តែត (floating exchange rate) ដែលតម្លៃនៃរូបិយប័ណ្ណនឹងប្រែប្រួលអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការនៃរូបិយប័ណ្ណនោះ។ បច្ចុប្បន្ន IMF មានសមាជិក ១៩០ ប្រទេសជុំវិញពិភពលោក។
ដើម្បីសម្រួលដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសដែលជាសមាជិក IMF មានតួនាទីសំខាន់ៗ ៣ ដូចជា៖
- ត្រួតពិនិត្យ (Surveillance)៖ IMF ប្រមូលទិន្នន័យជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម សេដ្ឋកិច្ចជាតិ និងអន្តរជាតិ ហើយផ្តល់នូវការព្យាករណ៍ដល់ប្រទេសដែលជាសមាជិក។ IMF ផ្តល់យោបល់ដល់រាជរដ្ឋាភិបាលរបស់ប្រទេសដែលមានបញ្ហាសេដ្ឋកិច្ច ដើម្បីកែប្រែគោលនយោបាយសេដ្ឋកិច្ច និងអភិវឌ្ឍរហូតដល់មានស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស។
- ពង្រឹងសមត្ថភាព (Capacity Building)៖ IMF ធ្វើការជាមួយរាជរដ្ឋាភិបាលរបស់ប្រទេសដែលជាសមាជិក ដោយការផ្តល់នូវជំនួយការផ្នែកបច្ចេកទេស ការហាត់ការ និងផ្តល់ដំបូន្មានលើគោលនយោបាយសេដ្ឋកិច្ច ព្រមទាំងបង្ហាត់មន្ត្រីជាតិរបស់ប្រទេសនោះឱ្យចេះប្រមូលទិន្នន័យ និងវិភាគទិន្នន័យ ដើម្បីធ្វើជារបាយការណ៍សម្រាប់ជាប្រយោជន៍ដល់ការសង្កេតពីសេដ្ឋកិច្ចជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត IMF ក៏ជួយប្រទេសដែលជួបបញ្ហាសេដ្ឋកិច្ចក្នុងការរៀបចំ គ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ប្រទេស កែប្រែប្រព័ន្ធធនាគារ និងច្បាប់ផ្សេងៗ (Legal Framework) សម្រួលដល់ការវិភាគ ការព្យាករណ៍ ការធ្វើរបាយការណ៍នៃសេដ្ឋកិច្ច និងពង្រឹងគោលការណ៍ពន្ធ(tax policy)។
- ផ្តល់កម្ចី (Lending)៖ IMF ផ្តល់កម្ចីដល់ប្រទេសដែលកំពុងជួបបញ្ហាសេដ្ឋកិច្ចដើម្បីបញ្ចៀសពីវិបត្តិសេដ្ឋកិច្ច។
នៅពេលគ្មានស្ថាប័នណាមួយព្រមផ្តល់កម្ចីដល់ប្រទេសដែលមានបញ្ហា ពួកគេតែងតែទៅរក IMF ព្រោះ IMF ផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបជាងគេ ហើយមិនយកការប្រាក់ពីប្រទេសក្រីក្រ។ កម្ចីនេះអាចផ្តល់ឱកាសដល់ប្រទេសទាំងនោះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ហើយកែប្រែគោលការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។ ជំនួយរបស់ IMF ក៏បានទាក់ទាញវិនិយោគិន និងធនាគារត្រឡប់មកវិនិយោគក្នុងប្រទេសផងដែរ។
សរុបសេចក្តីមក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសសមាជិកដែលមានវិបត្តិហិរញ្ញវត្ថុ ការផ្តល់ជំនួយបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការណែនាំអំពីគោលនយោបាយ និងការឃ្លាំមើលសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ៕