កាលពីមុន យើងបានដឹងមកហើយពីឈ្មួញកណ្តាលភាគហ៊ុន។ ថ្ងៃនេះអេដមីននិយាយពីផ្នែកអចលនទ្រព្យវិញម្តង គឺភ្នាក់ងារអចលនទ្រព្យ និងឈ្មួញកណ្តាលអចលនទ្រព្យ។ តស់ មកឈ្វេងយល់ទាំងអស់គ្នា។
- ភ្នាក់ងារអចលនទ្រព្យ (real estate agent)៖ ជាបុគ្គលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការជួយទិញ និងលក់អចលនទ្រព្យឱ្យអតិថិជន ហើយទទួលកម្រៃតាមរយៈកម្រៃជើងសារ (commission)។ មុននឹងក្លាយជាភ្នាក់ងារអចលនទ្រព្យ ពួកគេត្រូវឆ្លងកាត់ការសិក្សា ការហាត់ការ និងការប្រឡងផ្សេងៗដែលអាស្រ័យទៅតាមប្រទេសនីមួយៗ។ បន្ទាប់ពីពួកគេទទួលបានអាជ្ញាប័ណ្ណហើយ ពួកគេត្រូវស្វែងរកការងារតាមក្រុមហ៊ុនទិញ-លក់អចលនទ្រព្យ។ ភ្នាក់ងារអចនទ្រព្យត្រូវបានបែងចែកចេញជា ៤ ផ្នែកគឺ៖
- ភ្នាក់ងារទិញ (Buyer’s agent)៖ ធ្វើការជាមួយអតិថិជន ដោយរកអចលនទ្រព្យដែលអតិថិជនចង់បាន និងសម្រួលដល់ការទិញ។ ពួកគេនឹងទទួលបានប្រាក់ចំណូលពីកម្រៃជើងសារពាក់កណ្តាលនៃកម្រៃជើងសារដែលពួកគេទទួលបាន បន្ទាប់ពីក្រុមហ៊ុនរបស់ពួកគេបានកាត់កង។
- ភ្នាក់ងារចុះបញ្ជី (Listing agent)៖ ធ្វើការជាមួយអតិថិជនក្នុងការដាក់លក់អចលនទ្រព្យក្នុងតម្លៃណាមួយ។ ពួកគេទទួលបានកម្រៃជើងសារប្រហាក់ប្រហែលនឹងភ្នាក់ងារទិញផងដែរ បន្ទាប់ពីក្រុមហ៊ុនបានកាត់កង។
- ភ្នាក់ងារទិញ-លក់ (Dual or transactional agent)៖ ជាភ្នាក់ងារទិញផង និងភ្នាក់ងារចុះបញ្ជីផង។ ក្រុមហ៊ុនរបស់ពួកគេនឹងទទួលបានកម្រៃជើងសារ ១០០% នៃកម្រៃជើងសារដែលបានចរចារ ហើយពួកគេនឹងទទួលបានកម្រៃជើងសារអាស្រ័យដោយកិច្ចព្រមព្រៀងដែលបានធ្វើជាមួយក្រុមហ៊ុន។
- ភ្នាក់ងារណែនាំ (Referral agent)៖ ជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និងភ្នាក់ងារលក់-ទិញអចលនទ្រព្យណាដែលមានអចលនទ្រព្យត្រូវតាមតម្រូវការរបស់អតិថិជន។ ពួកគេទទួលបានមួយផ្នែកនៃកម្រៃជើងសារជាថ្នូលនឹងការណែនាំរបស់ពួកគេ។
- ឈ្មួញកណ្តាលអចលនទ្រព្យ (real estate brokers)៖ មានការងារដូចភ្នាក់ងារអចលនទ្រព្យដែរ តែពួកគេអាចធ្វើការតែឯង ឬអាចបើកក្រុមហ៊ុនផ្ទាល់ខ្លួន។ ពួកគេរកប្រាក់ពីកម្រៃជើងសារនៃអចលនទ្រព្យដែលទិញ-លក់ដោយផ្ទាល់ និងកម្រៃជើងសាររបស់ភ្នាក់ងារអចលនទ្រព្យដែលពួកគេជួល។ ដើម្បីក្លាយជាឈ្មួញកណ្តាលបាន លុះត្រាតែពួកគេធ្លាប់មានបទពិសោធន៍ជាភ្នាក់ងារអចលនទ្រព្យ ហើយបានបន្តការសិក្សា សម្រាប់ការប្រឡងផ្សេងៗដើម្បីទទួលបានអាជ្ញាប័ណ្ណឈ្មួញកណ្តាលដែលរដ្ឋបានតម្រូវ។ ឈ្មួញកណ្តាលអចនទ្រព្យមានចំណេះដឹងស៊ីជម្រៅជាងភ្នាក់ងារអចលនទ្រព្យ។ ឈ្មួញកណ្តាលអចលនទ្រព្យបែងចែកជា ៣៖
- Principal broker ៖ ជាតំណាងនៃក្រុមហ៊ុន ហើយពួកគេមើលការខុសត្រូវលើភ្នាក់ងារអចលនទ្រព្យ រៀបចំផែនការលក់ និងកម្រៃជើងសារដែលភ្នាក់ងារអចលនទ្រព្យរកបានជាដើម។
- Managing broker ៖ មើលការខុសត្រូវក្នុងដំណើរការក្រុមហ៊ុន ធ្វើរបាយការណ៍ឱ្យ principal broker ជ្រើសរើស និង បង្វឹកភ្នាក់ងារអចលនទ្រព្យ រៀបចំកាលវិភាគការងារ និងគ្រប់គ្រងបុគ្គលិករដ្ឋបាល។
- Associate broker ៖ ពួកគេធ្វើការនៅក្រោមការណែនាំរបស់ managing broker តែពួកគេមិនបង្វឹក ឬផ្តល់យោបល់អ្វីដល់ភ្នាក់ងារអចលនទ្រព្យឡើយ។ Associate broker ជាអ្នករៀបចំឯកសារកិច្ចសន្យា ជួយ Principal broker ក្នុងការមើលការខុសត្រូវភ្នាក់ងារអចលនទ្រព្យជាដើម។
ទាំងឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យសុទ្ធតែមានកិច្ចការទិញ-លក់អចលនទ្រព្យណាមួយឱ្យអតិថិជន។ក្នុងការជ្រើសរវាងឈ្មួញកណ្តាល និងភ្នាក់ងារអចលនទ្រព្យ អ្នកគួរតែ៖
- សួរនាំពីបទពិសោធរបស់ពួកគេ
- ស្វែងយល់ពីការធ្វើទីផ្សារទិញ-លក់អចលនទ្រព្យរបស់ពួកគេ
- សួរពីភាគរយនៃកម្រៃជើងសារដែលពួកគេនឹងយក
- សួរនាំ និងកំណត់មធ្យោបាយទំនាក់ទំនង ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក៕