គម្រោងយុទ្ធសាស្ត្រកំណត់គោលដៅតាមបែប S M A R T Goal Strategy គឺជាយុទ្ធសាស្ត្រមួយដែលមានប្រសិទ្ធភាពក្នុងការសម្រេចបានគោលដៅរបស់អ្នក។ យុទ្ធសាស្ត្រនេះអាចអនុវត្តបានទាំងចំពោះគោលដៅជីវិត គោលដៅហិរញ្ញវត្ថុ គោលដៅផែនការការងារ និងគោលដៅអាជីវកម្មទៀតផង។
ចំពោះ SMART Goal Strategy ត្រូវការ 5ចំណុចគឺ៖
S: Specific (ភាពច្បាស់លាស់): បានន័យថា គោលដៅដែលអ្នកចង់កំណត់គួរតែច្បាស់លាស់ កុំទូលំទូលាយពេក។
•ឧទាហរណ៍៖ គោលដៅរបស់អ្នកគឺចង់សន្សំលុយ។ បែបនេះវាទូលំទូលាយ គ្មានភាពច្បាស់លាស់ទេ។ ដើម្បីឱ្យគោលដៅច្បាស់លាស់ អ្នកអាចកំណត់ថា អ្នកត្រូវសន្សំលុយឲ្យបានចំនួន $100 ក្នុងខែនេះ។ សន្សំឱ្យបាន $100 នេះគឺជា Specific Goal របស់អ្នកហើយ។
M: Measurable (អាចកំណត់ ឬវាស់វែងបាន): អ្នកអាចដាក់កម្រិតកំណត់ណាមួយ ដែលអាចវាស់វែងបានថាអ្នកអាចសម្រេចបានគោលដៅនោះដោយប្រសិទ្ធភាព។
•ឧទាហរណ៍(បន្ត)៖ អ្នកត្រូវសន្សំឱ្យបាន $100 ក្នុងរយៈពេល 1ខែ ឬ 4សប្ដាហ៍។ ពោលគឺ អ្នកនឹងអាចវាស់វែងបានក្នុងរយៈពេល 1ខែនេះ ថាតើអ្នកសម្រេចបានតាមគោលដៅដែរឬទេ។
A: Attainable (អាចសម្រេចបាន): ដើម្បីសម្រេចគោលដៅបាន លុះត្រាតែអ្នកឧស្សាហ៍តាមដានដំណើរការគម្រោង និងមានសកម្មភាពចូលរួម។
•ឧទាហរណ៍(បន្ត)៖ អ្នកគួរតាមដាន និងត្រូវប្រាកដថា អ្នកពិតជាបានសន្សំ ដោយពុំមានការអាក់ខាន ទៅតាមការកំណត់គោលដៅពិតប្រាកដមែន។
R: Realistic (ជាក់ស្ដែង): គម្រោងដែលអ្នកបានដៅកំណត់នោះក៏គួរតែអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់អ្នកដូចគ្នា។
•ឧទាហរណ៍ថា អ្នកបានកំណត់សន្សំឱ្យបាន $100 ក្នុងមួយខែ ប៉ុន្តែចំណូលរបស់អ្នកមួយខែត្រឹមតែ $120។ នោះគោលដៅរបស់អ្នកមិនសមស្របទៅនឹងតថភាពជាក់ស្ដែងរបស់អ្នកទេ ព្រោះវាទាមទារហួសពីលទ្ធភាពដែលអ្នកអាចធ្វើបាន។
T: Time-based (មានកាលបរិច្ឆេទកំណត់): គោលដៅ SMART ត្រូវតែកំណត់ពេលវេលាដែលមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់។ ចៀសជាងចេះតែបណ្ដោយតាមពេលវេលា
ពុំមានគោលដៅ ឬកាលបរិច្ឆេទច្បាស់លាស់ នោះគោលដៅគ្មានប្រសិទ្ធភាព។
សម្រាប់អ្នកទាំងអស់គ្នាដែលមានគម្រោងចង់សម្រេចបានគោលដៅហិរញ្ញវត្ថុ ឬផែនការអ្វីមួយនោះ អាចចាប់ផ្តើមសាកល្បងអនុវត្តគម្រោងតាមយុទ្ធសាស្ត្រ SMART Goal Strategy បាន៕
Click here to read more bout: