មនុស្សម្នាក់ៗរមែងមានប្រភពប្រាក់ចំណូលរៀងៗផ្សេងគ្នា អាស្រ័យទៅលើប្រភេទការងារ និងកម្លាំងពលកម្មពួកគេបានចំណាយទៅលើ។ យ៉ាងណាមិញ ប្រាក់កម្រៃដែលមនុស្សម្នាក់ៗទទួលបាន អាចស្ថិតក្នុងទម្រង់ជាប្រាក់ខែ និងប្រាក់ចំណូល។ ប្រាក់ខែ និងប្រាក់ចំណូលខុសគ្នាដូចម្ដេចខ្លះទៅ? មុននឹងសិក្សាថាពាក្យទាំងពីរខុសគ្នាដូចម្ដេច យើងនឹងមកស្វែងយល់ពាក្យពីអត្ថន័យនៃពាក្យទាំងនេះជាមុនសិន៖
• ប្រាក់ខែ
ប្រាក់ខែ គឺជាទឹកប្រាក់ក្នុងចំនួនថេរមួយ ដែលយើងទទួលបានពីការធ្វើការងារទៅឱ្យអង្គភាព ក្រុមហ៊ុន ឬស្ថាប័នណាមួយ ហើយចំនួនទឹកប្រាក់ និងពេលដែលទទួលបានប្រាក់គឺត្រូវបានកំណត់ដោយមានការព្រមព្រៀងគ្នារវាងអ្នកទទួល (និយោជិត) និងអ្នកផ្ដល់ឱ្យ (និយោជក) រីឯប្រាក់ចំណូល គឺជាទឹកប្រាក់ដែលយើងទទួលបានពីប្រភពផ្សេងៗគ្នាជាច្រើនដូចជា ការងារ(ប្រាក់ខែ) អាជីវកម្ម(ប្រាក់ចំណេញ) ភាគហ៊ុន (ភាគលាភ) ជាដើមតាមរយៈការផ្លាស់ប្ដូរជាមួយកម្លាំងពលកម្ម ផលិតផល ឬសេវាកម្ម។
ដើម្បីងាយបែងចែកថាចំណូលនិងប្រាក់ខែ ខុសឬដូចគ្នា យើងនឹងលើកយកចំណុចសំខាន់មួយចំនួនដូចជា ប្រភព ការប្រែប្រួលនៃប្រាក់កម្រៃ និងកាតព្វកិច្ចពន្ធមកប្រៀបធៀបគ្នា។
‣ ប្រភព៖
ប្រាក់ខែមានប្រភពមកពីការចាយពេលវេលា ចំណេះដឹង និងជំនាញធ្វើការងារដើម្បីដោះដូរជាទឹកប្រាក់មកវិញក្នុងរយៈពេលកំណត់ណាមួយ (ជាប្រចាំខែ)។ ចំណែកឯប្រាក់ចំណូលវិញ បានមកពីប្រភពជាច្រើន ដែលក្នុងនោះក៏មានប្រាក់ខែ ក៏ជាប្រភពមួយនៃប្រាក់ចំណូលដែរ។ ក្រៅពីនេះប្រភពនៃចំណូលមានផ្សេងៗទៀតដូចជា ពីអាជីវកម្ម ការវិនិយោគ ការផ្លាស់ប្ដូរ (កម្លាំងពលកម្ម ផលិតផល សេវាកម្ម និងចំណេះដឹង)។
‣ ការប្រែប្រួលនៃប្រាក់កម្រៃ៖
ប្រាក់ខែមានការប្រែប្រួល តាមរយៈការដំឡើងឋានៈ តួនាទី ឬការលើកទឹកចិត្តជាដើម ហើយពេលវេលាដែលទទួលក៏ទៀងទាត់ ឬមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ខណៈពេលដែលប្រាក់ចំណូលវិញ អាចមានការប្រែប្រួលជាប្រចាំ (ចំណូលក្រៅពីប្រាក់ខែ) ដែលការប្រែប្រួលនោះកើតឡើងដោយផលប៉ះពាល់នានាទៅលើប្រភពចំណូលដែលយើងទទួលបាន។
‣ កាតព្វកិច្ចបង់ពន្ធ៖
អ្នកដែលទទួលបានប្រាក់ខែត្រូវបង់ពន្ធជាប្រចាំឆ្នាំក្នុងចន្លោះពី ០ ទៅ ២០ភាគរយ នៃចំនួនប្រាក់ខែដែលទទួលបាន ចំណែកឯអ្នកទទួលបានប្រាក់ចំណូលវិញមានកាព្វកិច្ចបង់ពន្ធទៅតាមប្រភេទនៃចំណូលផ្សេងៗគ្នា ដូចជាអាជីវកម្មត្រូវបង់ពន្ធលើប្រាក់ចំណេញជាដើម។
សរុបជារួមមកយើងឃើញថា ប្រាក់ខែជាប្រភពមួយនៃចំណូល ដោយយើងមិនអាចកំណត់បានថាវាមានលក្ខណៈដូចគ្នានោះឡើយ ព្រោះប្រាក់ខែគ្រាន់តែជាចំណែកមួយនៃប្រភពចំណូលតែប៉ុណ្ណោះ៕