កន្លងមក យើងតែងតែពិភាក្សាពីរឿងបង្កើតចំណូលអកម្មបន្ថែម ក្រៅពីប្រាក់ចំណូលចម្បង ប៉ុន្តែយើងតែងតែគិតតែពីរកប្រភពចំណូលបន្ថែម ចុះមានដែលធ្លាប់សួរខ្លួនឯងដែរឬទេថា "ពេញចិត្តជាមួយប្រាក់ខែរាល់ថ្ងៃហ្នឹងអត់?"។ អ្នកទាំងអស់គ្នា មានដឹងអត់ថា តាមពិតទៅ យើងម្នាក់ៗសុទ្ធអាចបង្កើនប្រាក់ចំណូលរបស់ខ្លួននៅកន្លែងការងារ តាមរយៈការអភិវឌ្ឍខ្លួន ការខិតខំប្រឹងប្រែងធ្វើការ និងពង្រឹងលើសមត្ថភាពការងាររបស់អ្នក។
គ្រាន់តែពង្រឹងសមត្ថភាព អាចបង្កើនប្រាក់ចំណូលបានមែនឬ? បុគ្គលិកដែលមានស្នាដៃល្អ បទពិសោធន៍ការងារល្អ ការងារក្នុងក្រុមមានភាពរលូន ភាពច្បាស់លាស់ក្នុងការងារ រមែងទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុន ឬស្ថាប័នរបស់អ្នក។
ចំណុចមួយចំនួននៅខាងក្រោមនេះ ដែលអ្នកគួរតែផ្ដោតសំខាន់ជាចម្បង ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់៖
• អភិវឌ្ឍសមត្ថភាពខ្លួន៖
ក្នុងនាមជាបុគ្គលិកម្នាក់ ការអភិវឌ្ឍជំនាញរបស់ខ្លួនពិតជាសំខាន់ណាស់ មិនមែនដើម្បីតែប្រាក់ចំណូលបន្ថែមមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ការងារតទៅមុខ។ ក្រៅតែពីជំនាញរបស់ខ្លួន អ្នកក៏ត្រូវរៀនពីមិត្តរួមការងាររបស់អ្នកនៅកន្លែងធ្វើការ ដើម្បីទទួលបានចំណេះដឹង និងគំនិតថ្មីៗ ដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងស្ថាប័នរបស់អ្នក ក្រៅពីជំនាញរបស់ខ្លួនដែរ។
សូមចងចាំថា នៅពេលអ្នកបើកចិត្តពិភាក្សាជាមួយថ្នាក់ដឹកនាំពីរឿងប្រាក់ចំណូលរបស់អ្នក ពួកគេរមែងផ្ដោតលើសមត្ថភាពការងារ សមិទ្ធផលដែលអ្នកសម្រេចបានសម្រាប់ក្រុមហ៊ុន និងឥរិយាបថធ្វើការងាររបស់អ្នកផងដែរ។
• មានទម្លាប់និងអត្តចរិតល្អ៖
ទម្លាប់មានភាពម៉ឹងម៉ាត់ ម៉ត់ចត់នឹងការងារដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាទម្លាប់មួយដែលមិនគួររំលងដាច់ខាត។ ក្នុងវិស័យការងារ បុគ្គលិកដែលយកចិត្តទុកដាក់នឹងការងាររបស់ខ្លួន រមែងត្រូវបានស្ថាប័នកត់សម្គាល់ទុក ដ្បិតស្ថាប័នរមែងចង់រក្សាទុកបុគ្គលិកបែបនេះច្រើនតាមរយៈការលើកទឹកចិត្តនៅកន្លែងការងារ។ ក្រៅតែពីមានទម្លាប់ល្អនេះ ក្នុងនាមជាបុគ្គលិកក៏គួរមានឥរិយាបថល្អក្នុងក្រុមហ៊ុន មានភាពជាអ្នកដឹកនាំ និងក៏ជាបុគ្គលិកម្នាក់ដែលអាចជួយផ្ដល់មតិយោបល់ដល់មិត្តរួមការងារក្នុងស្ថាប័នដូចគ្នា។
• ស្វែងយល់ពីកន្លែងការងារ និងមុខជំនាញអ្នកឱ្យបានស៊ីជម្រៅ៖
ការទទួលបានប្រាក់ចំណូលទាបមិនសក្តិសមនឹងសមត្ថភាពរបស់ខ្លួន វាគឺជាបញ្ហាដែលអ្នកគួរពិចារណា ប៉ុន្តែការដែលរំពឹងទទួលបានប្រាក់ចំណូលខ្ពស់ ខណៈពេលដែលសមត្ថភាពការងារអ្នកនៅមានកម្រិត វាក៏ជាបញ្ហាដែលអ្នកគួរពិចារណាដូចគ្នា។ ដូចនេះ គួរស្វែងយល់ពីប្រភេទការងាររបស់អ្នកកំពុងធ្វើ ថាតើសមត្ថភាពរបស់អ្នកពិតជាបានផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុន ដែលសក្តិសមនឹងប្រាក់ចំណូលដែលអ្នកចង់បានទេ? តើកន្លែងការងារអ្នកពិតជាត្រូវការសមត្ថភាព ជំនាញ ឬជំនាញរបស់អ្នកពុំបានផ្ដល់អត្ថប្រយោជន៍អ្វីសោះដល់កន្លែងធ្វើការ?
• បើកចិត្តពិភាក្សាជាមួយថ្នាក់ដឹកនាំពីប្រាក់ចំណូលប្រចាំខែរបស់អ្នក៖
នៅពេលដែលអ្នកមានជំនឿចិត្តថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដែលគួរតែទទួលបានការដំឡើងប្រាក់ខែ អ្នកគួរតែទៅចរចាជាមួយថ្នាក់លើអ្នក ឬជាមួយផ្នែកណាមួយដែលមានទំនួលខុសត្រូវដើម្បីពិភាក្សាពីរឿងប្រាក់ចំណូលរបស់អ្នក។ អ្នកអាចបង្ហាញអំពីសមត្ថភាពដែលអ្នកមាន គោលដៅឆន្ទៈរបស់អ្នកជាមួយក្រុមហ៊ុន (Planning KPI) សមិទ្ធផលការងារកន្លងមក(Work Performance) និងផលចំណេញក្រុមហ៊ុនដែលអ្នកបានចូលរួមចំណែក (Benefits)។
យ៉ាងណាមិញ អ្នកក៏គួរត្រៀមចិត្តទទួលយកការបដិសេធណាមួយ ប្រសិនបើករណីនោះកើតឡើងមែន ហើយអ្នកគួរយកហេតុផលដែលខាងថ្នាក់លើរបស់អ្នកមកពិចារណាឡើងវិញដោយខ្លួនឯងម្ដងទៀតថា តើវាសមហេតុផលឬទេ ឬសំណើរនិងសមត្ថភាពការងាររបស់អ្នកមិនទាន់ល្អនៅឡើយឬយ៉ាងណា?
ទោះយ៉ាងណាក៏ដោយ ប្រាក់ចំណូលដ្បិតថាសំខាន់សម្រាប់អាជីពការងារ តែអ្នកក៏ត្រូវការមានសមត្ថភាព និងចំណេះជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវអ្វីដែលចង់បាននោះ។ ក្រៅតែពីប្រាក់ចំណូល អ្នកក៏ត្រូវផ្ដោតសំខាន់លើមនសិការការងារ តម្លៃការងារ និងមានឥរិយាបថល្អក្នុងស្ថាប័នការងារផងដែរ៕