ចាយសិន ចាំស្អែកចាំសន្សំ” ឃ្លានេះហើយទើបគម្រោងសន្សំចេះតែ fail រហូត។ ជួនណា ខំតាំងចិត្តយ៉ាងមុតមាំថាស្អែកសន្សំ តែចៃដន្យអី មិត្តភក្តិឆាតហៅទៅហាងកាហ្វេ។ ហាងកាហ្វេមិនស្កប់ ទៅប៊ូហ្វេមួយតង់ទៀត អត់ទាន់ឆ្អែតថែមតែគុជមួយកែវទៀត ភ្លេចខ្លួនដាច់លុយ អត់បានទាំងសន្សំ ហើយទៅជាចូលដើមវិញ។ តែបើមានគម្រោងចង់ទៅដើរលេង ឬចង់បានអ្វីមួយ សុខចិត្តដាច់បាយឱ្យតែបានសន្សំ។
ប៉ុន្តែបើយើងប្ដូរទម្លាប់ទៅជាសន្សំមុននឹងចាយ យើងនឹងមិនចាំបាច់ពិបាកខ្លួនដូចនោះទេ ហើយនៅមានហេតុផលច្រើនទៀតដែលយើងគួរតែគិតនិងគូររឿងសន្សំមុន។
១. ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុឱ្យកាន់តែលឿន
តើអ្នកមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនអ្វីខ្លះ?
កាក់សេនជឿថា ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុទាំងនោះ វាទាមទារវិធីច្រើនយ៉ាង ដែលការសន្សំលុយគឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀត។ ឬ ការសន្សំនេះអែងដែលជាគោលដៅហិរញ្ញវត្ថុមួយរបស់អ្នក យ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លីដែរ។ ទោះយ៉ាងណា បើបានទុកលុយសន្សំមុននឹងចាយ យើងនឹងប្រាកដថាបានដើរមួយជំហានហើយ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់យើង។
២. គ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឱ្យនៅក្នុងកណ្ដាប់ដៃ
នៅពេលដែលយើងចេះសន្សំពីមួយកាក់មួយសេនហើយ យើងនឹងចាប់ផ្ដើមចេះគ្រប់គ្រងលំហូរសាច់ប្រាក់។ យើងនឹងដឹងពីខ្ទង់ចំណូលចំណាយ លែងហ៊ានចាយលើសចំណូល ហើយយើងនឹងអាចផ្លាស់ប្ដូរទម្លាប់បានច្រើន។ និយាយរួមទៅ បើបានសន្សំមុនហើយ យើងនឹងដឹងថានៅសល់ប៉ុន្មានដែលអាចចាយបាន ហើយត្រូវរកចំណូលបន្ថែមឬទេ។ ទាំងនេះគឺដើម្បីគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឱ្យមានលំនឹង និងក្នុងកម្រិតមួយមានសុវត្ថិភាព។
៣. ត្រៀមកញ្ចប់លុយសម្រាប់ចំណាយមិនបានរំពឹងទុក
ក្នុងតារាងចំណាយរបស់អ្នក មានបម្រុងទុកសម្រាប់បញ្ហាដែលមិនបានរំពឺងទុកឬទេ? បញ្ហាដែលយើងត្រូវការលុយទៅដោះស្រាយ តែបើមិនមានលុយសន្សំនៅសល់ទេ អាចនឹងទាល់ច្រក ហើយនេះជាហេតុផលមួយទៀតដែលអ្នកគួរតែត្រៀមកញ្ចប់លុយសម្រាប់ចំណាយលើបញ្ហាទាំងនោះ ដែលយើងសំដៅដល់ចំណាយពេលត្រូវជួសជុលការខូចខាតផ្សេងៗដូចជាផ្ទះសំបែង ទូរសព្ទ ម៉ូតូ ឡានជាដើម។
៤. លុយសន្សំអាចយកទៅបង្កើតលុយបន្ថែម
បើមិនដឹងថាសន្សំដើម្បីអីឬអត់មាន motivation សន្សំ ហោចណាស់គួរគិតថា លុយដែលសន្សំបានហើយ អាចយកទៅសន្សំនៅធនាគារដើម្បីយកការប្រាក់ ឬយកទៅវិនិយោគឬរកស៊ីក៏បាន ដើម្បីបង្កើតលុយថែមទៀត។
៥. ដើម្បីសម្រេចបានជីវិតដែលឯករាជ្យ
បង្កើតទម្លាប់សន្សំ រស់នៅបែបឯករាជ្យ កុំឱ្យអ្នកដទៃលំបាកដោយសារខ្លួន។ កុំដល់ចុងខែ ទើបនឹកស្ដាយស្រណោះថា “បើចាយចេះសន្សំ សល់លុយចុងខែបាត់”។ ឥលូវគឺបាត់មែន បាត់អស់ហើយលុយ ឯទម្លាប់អាងមីកំប៉ុង ខ្ចីមិត្តភក្តិ ឬអាងសុំពីគ្រួសារពេលដាច់លុយ បញ្ជាក់ថាយើងមិនទាន់រស់នៅដោយឯករាជ្យភាពនៅឡើយទេ។ ហេតុនេះ ទើបយើងគួរគប្បីបង្កើតទម្លាប់សន្សំមុននឹងចំណាយ។
យ៉ាងណាក្ដី ដើម្បីឱ្យការសន្សំអ្នកមានប្រសិទ្ធិភាពខ្ពស់ អ្នកគួរគប្បីមានផែនការសន្សំឱ្យបានត្រឹមត្រូវ ដោយកាក់សេនក៏ធ្លាប់ណែនាំពីវិធីសាស្ត្រសន្សំឱ្យមានប្រសិទ្ធិភាពដែរ។