«ធ្វើម្ហូបខ្លួនឯង ជួយសន្សំបានមែនអ្ហ៎??»
តម្លៃម្ហូបតាមអាហារដ្ឋានភាគច្រើនថ្លៃទ្វេមួយជាពីរ បើប្រៀបធៀបនឹងម្ហូបធ្វើខ្លួនឯង ដោយសារគេបូកបញ្ចូលទាំងថ្លៃគ្រឿងទេស ពន្ធ បុគ្គលិក និងថ្លៃផ្សេងៗទៀតដែលអ្នកមិនដឹង។ ហេតុនេះហើយ ទើបយើងគិតថាការផ្លាស់ប្តូរទម្លាប់កុម្ម៉ង់អាហារស្រាប់ពីក្រៅ ទៅជាការចម្អិនម្ហូបដោយខ្លួនឯងអាចជួយយើងសន្សំសំចៃជាងញ៊ាំម្ហូបស្រាប់។
តើវាពិតជាចំណេញមែនអត់? ហើយចំណេញដោយរបៀបណាខ្លះ?
ឥលូវយើងមកមើលចំណាយទូទៅត្រួសៗ បើយើងចម្អិនអាហារញ៊ាំដោយខ្លួនឯង (ចំណាយសម្រាប់មនុស្សម្នាក់ក្នុងមួយខែ)៖
ពេលធ្វើម្ហូបញ៊ាំខ្លួនឯងម្ដងៗ យើងអាចត្រូវកាត់ចំណាយដូចជា សាច់ គ្រឿងទេស បន្លែ អង្ករ ហ្គាស ជាដើម។
សន្មតថា ពេលឡើងផ្សារម្ដង ត្រូវចំណាយជាមធ្យម 80,000៛ ទៅ 90,000៛ ហើយអាចញ៊ាំបានមួយអាទិត្យ។ ដោយផ្អែកតាមតម្លៃទីផ្សារ ប្រាក់ 80,000៛ អ្នកអាចទិញបាន
• «សាច់ជ្រូកសាច់សុទ្ធ កន្លះគីឡូ» 20,000៛
• «សាច់គោ កន្លះគីឡូ» 22,000៛
• «ត្រីរ៉ស់ កន្លះគីឡូ» 6,500៛
• «មាន់កន្លះគីឡូ» 9,000៛
• នៅសល់ 22,500៛ អ្នកអាចចំណាយលើអង្ករ គ្រឿងទេស បន្លែ ប្រេងឆា ពងទា និងហ្គាសជាដើម។
អញ្ចឹង បើយើងធ្វើម្ហូបដោយខ្លួនឯង យើងចំណាយប្រហែល 11,500៛ ក្នុងមួយថ្ងៃ (អាហារពីរពេល ថ្ងៃត្រង់ និងល្ងាច) ឬ 6,000៛ សម្រាប់អាហារមួយពេល (បង្គត់ឡើង)។ ដោយឡែក បើយើងហូបអាហារកុម្ម៉ង់ស្រាប់ យើងត្រូវចំណាយយ៉ាងហោចណាស់ក៏ពី 7,000៛ ទៅ 12,000៛ ដែរសម្រាប់អាហារមួយពេល។
អ៊ីចឹង! បើបៀបធៀបជាមួយការហូបចុកនៅខាងក្រៅ អ្នកអាចចំណេញហោចណាស់ក៏ 1,000៛ ទៅ 2,000៛ ដែរក្នុងមួយថ្ងៃ ឬពី 30,000៛ ទៅ 60,000៛ ក្នុងមួយខែ សម្រាប់អាហារមួយពេល។ នេះក្នុងករណីបើម្ហូបក្រៅអ្នកមួយពេលតែ 7,000៛ ចុះបើម្ហូបនៅក្រៅអស់ច្រើនជាងនេះ?
★ បញ្ជាក់៖ តួលេខខាងលើគ្រាន់ជាការសន្មតផ្អែកលើតម្លៃទីផ្សារ និងបរិមាណតម្រូវការប្រហាក់ប្រហែលជាមធ្យមប៉ុណ្ណោះ ដោយវាអាចខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត តាមតម្រូវការបុគ្គលនិងរបបអាហាររៀងខ្លួនផ្សេងៗគ្នាដែរ។
តើការធ្វើម្ហូបខ្លួនឯងពិតជាជួយសន្សំសំចៃសម្រាប់គ្រប់គ្នាមែនឬ?
បើគិតម្ដងទៀត ពេលធ្វើម្ហូបម្ដងៗត្រូវចាយពេលច្រើន រាប់ចាប់ពីពេលដើរផ្សារ ពេលចម្អិនអាហារ និងពេលញ៊ាំអាហាររួច (ម៉ោងពេលលាងចាន)។ អ្នកខ្លះចំណាយពេលយ៉ាងហោចណាស់ ១ ទៅ ២ ម៉ោង ដើម្បីធ្វើម្ហូប ឯអ្នកខ្លះ បើនៅមើលពីរបៀបធ្វើម្ហូបសិនទៀត អាចចាយរហូតដល់ ៣ ទៅ ៤ ម៉ោង (ក្នុងមួយថ្ងៃ ទាំងបីពេល)។
បើយើងជាអ្នកធ្វើការផង មានការងារក្រៅបន្ថែមផង (side hustle) ហើយប្រាក់កម្រៃពីការងារក្រៅម៉ោងដែលអ្នកទទួលបាន មានតម្លៃច្រើនជាងពេលវេលាដែលអ្នកត្រូវចាយលើការចម្អិនអាហារ នោះបានន័យថា អ្នកអាចនឹងខាតបង់ឱកាសដែលអាចរកចំណូលទាំងនោះ (opportunity cost) ដោយចំណាយពេលរកចំណូលទៅចាយលើការធ្វើម្ហូប។
យើងគិតទាំងអស់គ្នាមើល៍ថា វាអាចនឹងចំណេញជាងទិញអាហារស្រាប់មែន តែវានឹងចំណេញទៀតដែរឬទេ បើអត្រាចំណេញពីការធ្វើម្ហូបខ្លួនឯង តិចជាងអត្រាចំណូលដែលអ្នករកបានពីការងារបន្ថែមនោះ?
គុណសម្បត្តិនៃការចម្អិនអាហារខ្លួនឯង៖
- យើងអាចប្រាកដចិត្តថា ម្ហូបយើងធ្វើមានអនាម័យ និងល្អសម្រាប់សុខភាព
- ជួយឱ្យយើងចេះសន្សំសំចៃបាន (បើញ៊ាំច្រើនពេល ច្រើនថ្ងៃ)
- ចំពោះអ្នករស់នៅជាមួយគ្រួសារ បានចំណេញទាំងលុយកាក់ បានទាំងបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ (ចំណាយពេលធ្វើម្ហូបជាមួយម៉ាក់ បងប្អូន ។ល។)
- វិវត្តជំនាញធ្វើម្ហូប និងចេះធ្វើមុខម្ហូបថ្មីៗ
តាមពិតទៅ ការធ្វើម្ហូបខ្លួនឯងមិនមែនសុទ្ធតែស័ក្តិសមនឹងគ្រប់គ្នាទាំងអស់នោះទេ។ វាក៏អាស្រ័យលើកត្តារស់នៅ ពេលវេលា តម្លៃនិងឱកាសដែលត្រូវបោះបង់ (opportunity cost) និងទម្លាប់ហូបចុករបស់យើងរៀងខ្លួន ជាដើម។ អេដមីនលើកឡើងពីប្រធានបទនេះ គ្រាន់ចង់វិភាគពីចំណេញនិងកំហាតពីសកម្មភាពប្រចាំថ្ងៃរបស់យើងរាល់គ្នាប៉ុណ្ណោះ។
© 2021 – 2022 KAKCENT
រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។