ការរៀបចំទុកដាក់លុយកាក់ពេលចូលរៀនសាកលវិទ្យាល័យ អាចចាត់ទុកបានថាជាជំហានដំបូងនៃការចាប់ផ្ដើមរស់នៅជីវិតឯករាជ្យផ្នែកហិរញ្ញវត្ថុ។ ថ្ងៃនេះ កាក់សេននឹងលើកយក៣ចំនុចសំខាន់ៗទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលមិត្តៗនិស្សិតអាចយកទៅអនុវត្តបានដូចខាងក្រោម៖
១. ត្រៀមថវិកាសម្រាប់ចំណាយធំៗ និងចាំបាច់
តួយ៉ាង ថ្លៃសាលាជាចំណែកដ៏ធំមួយនៃចំណាយសរុបរបស់សិស្សនិស្សិត។ វាពិតជាប្រសើរ ប្រសិនបើអ្នកបានទទួលអាហារូបករណ៍ ឬការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុពីអាណាព្យាបាលទៅលើការសិក្សា ព្រោះវានឹងជួយបានមួយភាគធំនៃចំណាយសរុបរបស់អ្នក។ តែដោយសារមិនមែនគ្រប់គ្នាសុទ្ធសឹងតែទទួលបានអត្ថប្រយោជន៍នេះទេ ដូចនេះនិស្សិតគួរត្រៀមថវិកាមួយផ្នែកសម្រាប់បង់ថ្លៃសាលាជាមុនសិន។
បន្ទាប់មក សឹមគួរគិតពីតម្រូវការសំខាន់ផ្សេងទៀតដែលអាចមានដូចជា កុំព្យូទ័រ ឬសម្ភារចាំបាច់សម្រាប់ការសិក្សាមុខជំនាញរបស់អ្នក។ ហើយនៅមានចំណាយចាំបាច់ផ្សេងទៀតដូចជា ថ្លៃទឹកភ្លើង ថ្លៃបង់ផ្ទះជួល (ចំពោះអ្នកត្រូវរស់នៅដោយខ្លួនឯង) និងថ្លៃធ្វើដំណើរប្រចាំថ្ងៃទៀតសោត ដែលអ្នកត្រូវបម្រុងទុក។
ការត្រៀមទុកមួយឡែកនូវថវិកាសម្រាប់ចំណាយធំៗនិងចាំបាច់ទាំងនេះនឺងផ្ដល់ភាពងាយស្រួលក្នុងការលៃតម្រូវសម្រាប់ចំណាយតូចតាចដទៃទៀត។
២. មានកំណត់ត្រាចំណូលចំណាយ
ចំណាយធំៗ អាចងាយស្រួលចំណាំបានថាចាយលើអ្វី ហើយអស់ប៉ុន្មាន។ តែសម្រាប់ចំណាយតូចតាចប្រចាំថ្ងៃអាចនឹងពិបាកគ្រប់គ្រង បើមិនបានកត់ចំណាំ។ ការបង្កើតកំណត់ត្រាចំណូលចំណាយនឹងជួយអោយងាយស្រួលក្នុងការតាមដានមើលសកម្មភាពចំណាយជាប្រចាំរបស់អ្នក។ ម្យ៉ាងទៀត អ្នកនឹងអាចសម្រេចថាគួរនិងមិនគួរចាយលើអ្វី និងចំណាយណាដែលអាចកាត់បន្ថយបាន។ លើសពីនេះ អ្នកអាចលៃលករវាងលុយដែលអ្នកត្រូវចាយ និងលុយដែលអាចសន្សំបាន ដើម្បីទុកពេលចាំបាច់ណាមួយ និងសម្រាប់ពេលដើរលេងជួបជុំមិត្តភក្តិផ្សេងៗ។
ទន្ទឹមនឹងនេះ អ្នកគួរកំណត់កម្រិតចំណាយលើការចាយវាយទាំងនេះទៅតាមលទ្ធភាពដែលអ្នកមាន។ ឧទាហរណ៍ថា ក្នុង១ខែ អ្នកអាចចាយយ៉ាងច្រើនបំផុតប៉ុន្មានទៅលើការដើរលេង មើលកុន ជួបជុំមិត្តភក្តិ និងពេលទៅធ្វើកិច្ចការសាលានៅហាងកាហ្វេជាដើម ដើម្បីចៀសវាងការចាយវាយខ្ជះខ្ជាយ។ រឺវិធីមួយទៀត អ្នកអាចប្រមូលវិក្កយប័ត្រចំណាយទាំងនោះទុកដើម្បីផ្ទៀងផ្ទាត់និងថ្លឹងថ្លែងចំណាយសរុបប្រចាំខែរឺប្រចាំសប្ដាហ៍ក៏បាន។
៣. រកប្រាក់ចំណូលបន្ថែម
ការផ្ដោតស្មារតីទៅលើការសិក្សាគឺជារឿងល្អហើយ តែបើអាចឆ្លៀតលៃលកពេលទៅរកចំណូលបន្ថែមក៏កាន់តែល្អ ព្រោះក្រៅពីរកចំណូលបន្ថែម អ្នកក៏បានទទួលបទពិសោធន៍ការងារ ក៏ដូចជាពង្រឹងសមត្ថភាពខ្លួនទៀតផង។ អ្នកអាចទាញប្រយោជន៍ពីhobbyរបស់អ្នក ឬប្រើជំនាញផ្សេងៗ បើអ្នកមានដូចជា ថតរូប គូររូប ឬសរសេរអត្ថបទ ដែលបច្ចុប្បន្នជាការងារកំពុងពេញនិយមនិងមានតម្រូវការច្រើនទៀតផង។ ក្រៅពីនេះ អ្នកក៏អាចរកការងារក្រៅម៉ោងផ្សេងទៀតតាមរយៈគេហទំព័រ
ស្វែងរកការងារដូចជា bongthom.com និង camhr.com ឬការងារ freelance តាមគេហទំព័រ Upwork, Fiverr ឬ Freelancer.com ជាដើម។
ជាមួយប្រភពប្រាក់ចំណូលទាំងនេះ មិត្តនិស្សិតនឹងមានលទ្ធភាពផ្គត់ផ្គង់បន្ថែមលើការចាយវាយបានដោយខ្លួនឯង ទោះបីតិចតួចឬច្រើនក្ដី វានឹងបង្រៀនអ្នកអោយចេះគិតគូរពីហិរញ្ញវត្ថុផ្ទាល់ខ្លួនបានមួយជំហានដែរ។
ហេតុនេះហើយ កាក់សេនសង្ឃឹមថា មិត្តៗនិស្សិតនឹងយកចំណុចសំខាន់ៗខាងលើទៅអនុវត្ត រួមទាំងរៀនគ្រប់គ្រងលុយកាក់របស់ខ្លួន ដើម្បីបង្កើតទម្លាប់ល្អ និងហ្វឹកហាត់លើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំងបច្ចុប្បន្ន និងពេលអនាគត៕
Click here to read more about: ភាពខុសគ្នារវាងពេលរៀនវិទ្យាល័យនិងពេលរៀនសកល