ការដោះស្រាយបំណុល និងសន្សំប្រាក់សុទ្ធសឹងតែសំខាន់ ប៉ុន្តែវាក៏អាស្រ័យទៅតាមស្ថានភាពហិរញ្ញវត្ថុផ្ទាល់របស់មនុស្សម្នាក់ៗ ជាពិសេសនៅពេលពួកគាត់ចង់សន្សំប្រាក់គ្រាមានអាសន្ន ប្រាក់ចូលនិវត្តន៍ ឬសន្សំប្រាក់សម្រាប់គោលដៅវិនិយោគណាមួយ ស្របពេលដែលគាត់កំពុងមានបំណុលនោះ តើគាត់គួរជ្រើសរើសយកមួយណាមុន?
☛ អញ្ចឹង! យើងទៅដឹងទាំងអស់គ្នា ថាតើគួរសងមុន ចាំសន្សំតាមក្រោយ ឬសងបំណុលតាមក្រោយ តែត្រូវសន្សំមុនសិន?
សន្សំមុន សងបំណុលតាមក្រោយ
វាអាស្រ័យទៅលើប្រាក់ចំណូល អត្រាការប្រាក់ និងប្រភេទកម្ចីដែលអ្នកកំពុងមាន។ ឧទាហរណ៍ថា អ្នកមានចំណូលជាមធ្យម $300 ក្នុងមួយខែ ដោយបន្ទាប់ពីទូទាត់ថ្លៃចំណាយចាំបាច់ទូទៅ អ្នកនៅសល់ $200។ ស្របពេលនោះដែរ អ្នកកំពុងមានកម្ចីធនាគារប្រភេទឥណទានបុគ្គល (Personal Loan) ចំនួន $1,000 ដែលមានអត្រាការប្រាក់ 10%ក្នុងមួយឆ្នាំ។ អ្នកតម្រូវឱ្យសងត្រឡប់ជារៀងរាល់ខែជាមធ្យមចំនួន $91។ ប៉ុន្តែអ្នកចង់សន្សំប្រាក់សម្រាប់គ្រាមានអាសន្នសិន ដូចនេះអ្នកបានដាក់ស្នើសុំ និងទទួលបានការអនុញ្ញាតិពីខាងធនាគារ ដោយបង់តែការប្រាក់សុទ្ធទៅធនាគារដែលជាធម្យមចំនួន $10ក្នុងមួយខែ។
ដូចនេះអ្នកសល់ $190 សម្រាប់សន្សំប្រាក់គ្រាមានអាសន្ន ឬគោលដៅហិរញ្ញវត្ថុណាមួយ ដោយមួយឆ្នាំក្រោយមក អ្នកអាចនឹងនៅសល់ប្រាក់ $190 x 12ខែ = $2,280 ដែលចំនួនទឹកប្រាក់នេះ គឺសម្រាប់ប្រាក់គ្រាមានអាសន្ន ឬយកទៅវិនិយោគនោះឯង។
យើងឃើញថា បើអ្នកសន្សំមុនសងបំណុល អ្នកបានខាតការប្រាក់ទៅធនាគារចំនួន $8.33 x 12ខែ= 100$ ឬ ចំនួន $200 បើសរុបទាំងឆ្នាំបន្ទាប់នៅពេលអ្នកចាប់ផ្ដើមសងទាំងដើម និងការប្រាក់ទៅធនាគារវិញ។ អត្រាការប្រាក់បែបនេះ អាចឱ្យអ្នកសន្សំមុនសងបំណុលបានហើយ។
បញ្ជាក់៖ ចំនួនទឹកប្រាក់ $190 នេះ គ្រាន់តែជាឧទាហរណ៍តួរលេខដែលអ្នកគិតចង់សន្សំតែប៉ុណ្ណោះ។
សងបំណុលមុន សឹមសន្សំតាមក្រោយ
សន្មត់ថាអ្នកកំពុងមានកម្ចីពីអ្នកចង់ការប្រាក់ ជាមួយអត្រាការប្រាក់ 10% ក្នុងមួយខែ។ ប្រសិនបើយើងទុកចោលបំណុលមួយនេះ រួចបង់តែការប្រាក់ អ្នកនឹងឃើញថាក្នុងរយៈពេល 1ឆ្នាំក្រោយ អ្នកនឹងខាតបង់ការប្រាក់អស់ $1,200 ជាមួយប្រាក់ដើមគឺនៅដដែល។ ដូចនេះ អ្នកគួរចាំបាច់សងបំណុលនេះ ឱ្យកាន់តែលឿន កាន់តែល្អ ដ្បិតថាបើអ្នកទុកកាន់តែយូរ អ្នកកាន់តែមានហានិភ័យខាតបង់កាន់តែខ្ពស់ផងដែរ។
យ៉ាងណាមិញ បើទោះបីជាអ្នកកំពុងមានបំណុលជាមួយអត្រាការប្រាក់ខ្ពស់ក្ដី អ្នកគួរចាំបាច់មានប្រាក់សន្សំគ្រាមានអាសន្នបន្តិចបន្តួចដែរ ដ្បិតថា អ្នកអាចនឹងត្រូវការប្រាក់មួយចំនួនដូចជាថ្លៃសុខភាព ថ្លៃជួសជុលយានយន្ត ថ្លៃចំណាយផ្សេងៗ ដែលក្រៅពីចំណាយចាំបាច់ ចៀសវាងមានភាពលំបាកនៅពេលមានគ្រាអាសន្ន៕