«ហើយគំរិះអីក៏គំរិះម៉េះ? ខំអីខំម៉េះ លុយរកបានប៉ុណ្ណា ចាយប៉ុណ្ណឹងទៅ ស្លាប់ទៅមិនបានយកលុយទៅជាមួយទេ»
«ចុះបើលុយចាយអស់ហើយ តែយើងមិនទាន់ទៅណា?»
ជាញឹកញាប់ណាស់ ពេលយើងមិនសូវជាចាយលុយ គេចេះតែបង្អាប់យើងបែបលេងសើចបែបនេះ តែការពិត ពួកគាត់គ្រាន់តែជាប្រភេទមនុស្សចាយវាយបែបសន្សំសំចៃ ចាយវាយដោយមានគម្រោងផែនការរបស់គេតែប៉ុណ្ណោះ។
មនុស្សសន្សំសំចៃ មិនមែនមនុស្សគំរិះទេ! ដោយមានលក្ខណៈខុសគ្នាដូចខាងក្រោម៖
‣ គុណតម្លៃ និងតម្លៃ៖
មនុស្សសន្សំសំចៃចាយវាយលុយកាក់ ដោយផ្ដោតលើ «គុណតម្លៃ» ជាងលើតម្លៃ ដែលរួមមាន គុណភាព អត្ថប្រយោជន៏ និង អាយុកាលផលិតផលជាដើម។ រីឯមនុស្សគំរិះ ផ្តោតសំខាន់ទៅលើផលិតផលតម្លៃទាបបំផុត តាមដែលអាចរកបាន ដោយមិនគិតពីគុណភាពផ្សេងៗរបស់ផលិតផលនោះទេ។
‣ អត្ថប្រយោជន៍ និងលុយកាក់៖
មុននឹងសម្រេចចិត្តលើអ្វីមួយ មនុស្សសន្សំសំចៃតែងតែគិតថាតើជម្រើសមួយណានឹងផ្តល់ផលចំណេញជាង មិនពិចារណាទៅលើតែទឹកប្រាក់នោះទេ។ ឧទាហរណ៍ថា គេត្រូវធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសំខាន់មួយ ស្របពេលដែលគេព្យាយាមសន្សំសំចៃលើចំណាយ គេក៏ថ្លឹងថ្លែងមើលលើសារសំខាន់និងអត្ថប្រយោជន៍ដែលនឹងទទួលបានពីការចំណាយលើការចូលរួមកិច្ចប្រជុំនេះដែរ។
ផ្ទុយមកវិញ មនុស្សគំរិះតែងតែគិតធ្វើយ៉ាងណាឲ្យមានការចាយវាយតិចបំផុត ដោយមិនគិតប្រៀបធៀបថា តើពេលវេលាដែលបានប្រើប្រាស់ និងអត្ថប្រយោជន៍ដែលនឹងទទួលមកវិញ សក្តិសមទៅតាមទឹកលុយដែលបានចំណាយដែរឬអត់នោះទេ។
‣ ផែនការចាយវាយ៖
មនុស្សសន្សំសំចៃ មិនមែនគេមិនចូលចិត្តចាយវាយនោះទេ គ្រាន់តែគេមានគម្រោងចាយវាយត្រឹមត្រូវ ទៅតាមផែនការនិងគោលដៅរបស់គេ។ គេមានផែនការចាយវាយចំពោះចំណាយចាំបាច់និងតម្រូវការ មិនមែនចេះតែចាយទៅតាមចិត្តចង់ ឬ អារម្មណ៍មួយឆាវនោះទេ។ ពួកគេព្យាយាមធានាឱ្យបានថាចំណាយនីមួយៗនឹងមិនធ្វើឲ្យប៉ះពាល់ដល់របៀបនៃការរស់នៅ (lifestyle) របស់គេ។ ដោយឡែក មនុស្សគំរិះវិញ អាចនឹងមិនបានផ្ដោតលើផែនការចាយវាយនោះឡើយ ដោយជួនកាលពួកគេអាចនឹងចាយវាយលើតម្លៃច្រើន រហូតមិនដឹងថាមួយណាជាតម្រូវការ មួយណាជាចំណង់។
ឧទាហរណ៍ថា គេមានបញ្ចុះតម្លៃលក់អីវ៉ាន់ 50% មនុស្សសន្សំសំចៃនឹងមិនចំណាយលុយកាក់ទិញអីវ៉ាន់នេះឡើយ ប្រសិនបើវាមិនមែនជាតម្រូវការ ខណៈពេលដែលមនុស្សគំរិះអាចនឹងទិញអីវ៉ាន់នោះ ទោះបីវាមិនមែនជាតម្រូវការ ព្រោះទិញទាន់គេលក់បញ្ចុះតម្លៃក្នុងតម្លៃថោក។
‣ គុណភាពនៃទំនិញ៖
មនុស្សសន្សំសំចៃផ្ដោតលើគុណភាពទំនិញជាគោល ដ្បិតគេជឿជាក់ថា ទំនិញទាំងនោះនឹងផ្ដល់ផលល្អចំពោះសុខភាព ចំណេញពេលវេលា ចំណេញលុយកាក់ (ពេលវេលានិងថ្លៃជួសជុល)។ រីឯមនុស្សគំរិះផ្ដោតលើតម្លៃជាគោល ជាហេតុដែលពេលខ្លះ សម្រេចចិត្តទិញទំនិញមានគុណភាពអន់ បន្ទាប់មកត្រូវចំណាយលុយកាក់ជួសជុលបន្ថែម ខាតពេលវេលា ឬបើជាទំនិញហូបចុក អាចប៉ះពាល់សុខភាពជាដើម។
‣ គោលដៅចាយវាយ (បច្ចុប្បន្ន និងអនាគត)៖
មនុស្សសន្សំសំចៃ ចាយវាយលុយកាក់តាមគម្រោងផែនការ និងចំគោលដៅ។ គេយល់ថា ប្រាក់ពិបាករក រីឯចំណាយភាគច្រើនរបស់គេក៏ត្រូវបានគ្រោងទុកមុន (budgeted spending) ដើម្បីឲ្យការចាយវាយប្រព្រឹត្តទៅមានប្រសិទ្ធភាព ត្រូវតាមគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ តែការចាយវាយបែបគំរិះវិញ គេច្រើនគិតត្រឹមតែតម្លៃដែលទាប មិនខ្វល់អ្វីផ្សេងនោះទេ ឲ្យតែអស់លុយតិច! លើសពីនេះ ការខំប្រឹងចំណាយតិច រិះថាំ ឬព្យាយាមមិនចាយទាល់តែសោះ ពេលខ្លះវាអាចប៉ះពាល់ទៅដល់សម្ព័ន្ធភាពជាមួយអ្នកជុំវិញខ្លួនទៅវិញ ដោយគេចវេសមិនចង់ចេញប្រាក់ពេលជួបជុំគ្នា។ល។
អ្នកអាចនឹងគិតថា មនុស្សសន្សំសំចៃ មិនងាយដកលុយចេញពីហោប៉ាវរបស់គេទេ តែតាមពិតទៅ គាត់គ្រាន់តែចាយលុយតាមខ្ទង់តែប៉ុណ្ណោះ។ ដោយឡែក យើងក៏មិនអាចចង្អុលចោទមនុស្សគំរិះ ថាជាមនុស្សមិនល្អអ្វីនោះឡើយ ដ្បិតថាពួកគេចាយវាយបែបរិះថាំពិត តែគាត់ក៏អាចមានហេតុផលរបស់គាត់ដែរ។ ទោះយ៉ាងណាក្ដី អេដមីនចង់ដាស់តឿនបន្តិចដែរថា ទោះអ្នកត្រូវចាយវាយបែបសន្សំសំចៃឬត្បិតត្បៀតប៉ុណ្ណា អ្នកគួរតែពិចារណានិងថ្លឹងថ្លែងពីគុណភាព អត្ថប្រយោជន៍ និងផលប៉ះពាល់ដទៃទៀត បន្ថែមពីលើកត្តាលុយកាក់ផង។