ថារកការងារធ្វើក្រៅប្រទេសចុះ ត្រូវការមេខ្យល់ ព្រោះមិនសូវមានព័ត៌មានគ្រប់គ្រាន់។ ចុះគ្រាន់តែចង់ផ្ញើលុយវិញក៏ត្រូវការមេខ្យល់ដែរ?
ពាក្យថាមេខ្យល់ខាងលើនេះមិនត្រឹមតែសំដៅដល់អ្នករត់ការធ្វើចំណាកស្រុកប៉ុណ្ណោះទេ តែក្នុងន័យនេះចង់សំដៅទៅដល់បុគ្គលទាំងឡាយណាក្រៅពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ដែលទទួលការផ្ញើសាច់ប្រាក់ពីបុគ្គលម្នាក់ទៅឱ្យបុគ្គលម្នាក់ទៀតនៅកន្លែងពីរផ្សេងគ្នា។
សម័យមុន ដោយសារតែកង្វះមធ្យោបាយ ទើបគេជ្រើសរើសផ្ញើប្រាក់តាមមេខ្យល់។ តែដល់សម័យនេះហើយ គួរបន្តប្រើប្រាស់មធ្យោបាយបែបប្រពៃណីមួយនេះទៀតអត់?
យល់ល្អ កុំអនុវត្តបែបនេះទៀតអី! ហេតុអី?
❌ ចំណាយច្រើន
ថ្លៃសេវាចំពោះការផ្ញើប្រាក់ក្នុងស្រុកអាស្រ័យទៅតាមមាត់មេខ្យល់កំណត់ និងចំនួនទឹកប្រាក់។ ប្រសិនបើផ្ញើតាមមេខ្យល់តែម្នាក់ អ្នកអស់ថ្លៃសេវាតែម្ដង ឬចំពោះតែម្នាក់។ តែបើមេខ្យល់ដែលអ្នកផ្ញើផ្ទាល់ត្រូវផ្ញើឆ្លងបន្តដូចបានលើកឡើងខាងលើ ថ្លៃសេវានឹងកាន់តែខ្ពស់។
❌ ចំណាយពេលយូរ
ដោយមេខ្យល់ត្រូវចំណាយពេលធ្វើដំណើរយូរ កាលជំនាន់មុន ការផ្ញើលុយក្នុងស្រុកតាមមេខ្យល់ត្រូវចំណាយពេលយ៉ាងហោចណាស់ ១ទៅ២ថ្ងៃ ទើបមកដល់ដៃអ្នកទទួល។ ប្រសិនបើផ្ញើឆ្លងប្រទេសវិញ ត្រូវចំណាយពេលរហូតដល់ទៅរាប់សប្ដាហ៍ ឬដល់រាប់ខែឯណោះ។
❌ អសុវត្ថិភាព
ការផ្ញើលុយតាមមេខ្យល់ ទោះតាមរយៈអ្នកស្គាល់គ្នា មីងជិតខាង ឬពូរត់តាក់ស៊ីក្ដី ឱកាសដែលលុយអាចត្រូវបាត់បង់ ខូចខាត ឬត្រូវបានគេបោក ឬលុយមកដល់អ្នកទទួលមិនគ្រប់ចំនួន នៅតែមានខ្ពស់។
❌ គ្មានការធានាច្បាស់លាស់
ការផ្ញើប្រាក់តាមមេខ្យល់គ្មានក្រដាសស្នាមបញ្ជាក់ថាពួកគាត់ពិតជាបានទទួលលុយបញ្ញើមែននោះទេ។ ហេតុនេះ វាពិបាកក្នុងការតាមដាន និងមិនអាចធានាថាលុយពិតជាបានមកដល់ដៃអ្នកទទួលពិត ឬអត់។
ជំនួសឱ្យការផ្ញើប្រាក់បែបបុរាណចាស់គំរិលនេះ យើងអាចងាកមកប្រើមធ្យោបាយផ្ញើប្រាក់បែបទាន់សម័យវិញ។ មិនថាបញ្ញើក្នុងប្រទេស ឬឆ្លងប្រទេស ការផ្ញើប្រាក់តាមរយៈសេវារបស់ស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារវេរលុយមានអាជ្ញាបណ្ណត្រឹមត្រូវ ដែលអាចធានាបានទាំងសុវត្ថិភាពខ្ពស់ មានភាពងាយស្រួល ព្រមទាំងមានថ្លៃសេវាសមរម្យ។ មធ្យោបាយផ្ញើប្រាក់តាមស្ថាប័នហិរញ្ញវត្ថុអាច
ធានាបាននូវគុណប្រយោជន៍ជាច្រើនដូចខាងក្រោម៖
✅ ថ្លៃសេវាកម្មសមរម្យទៅតាមតម្លៃលើទីផ្សារ
នៅក្នុងទីផ្សារសេរី ស្ថាប័នហិរញ្ញវត្ថុតែងតែពិនិត្យជាប្រចាំលើការកំណត់ថ្លៃសេវាកម្មរបស់ពួកគេលើទីផ្សារ ដើម្បីរក្សាភាពប្រកួតប្រជែង និងទាក់ទាញអតិថិជនមកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ដូច្នេះ អ្នកប្រើប្រាស់អាចមានទំនុកចិត្តបានថាសេវាផ្ញើប្រាក់មានតម្លៃសមរម្យ គ្មានការបន្លំ ឬកេងប្រវ័ញ្ចហួសហេតុឡើយ។
✅ ប្រតិបត្តិការមានភាពសាមញ្ញ និងឆាប់រហ័ស
ជាទូទៅ ស្ថាប័នហិរញ្ញវត្ថុដែលទទួលផ្ញើប្រាក់ តែងមានសាខា ឬដៃគូសហការច្រើនកន្លែង ទាំងក្នុងប្រទេស និងក្រៅប្រទេស។ គួបផ្សំនឹងប្រព័ន្ធប្រតិបត្តិការជឿនលឿន និងមានភាពច្បាស់លាស់ ធ្វើឲ្យដំណើរការផ្ទេរប្រាក់តាមស្ថាប័នហិរញ្ញវត្ថុមានភាពសាមញ្ញ ឆាប់រហ័ស និងផ្ដល់ភាពងាយស្រួលដល់អតិថិជន។
✅ ធានាសុវត្ថិភាព និងមានការបញ្ជាក់ត្រឹមត្រូវ
ការប្រើប្រាស់សេវាកម្មនៅតាមស្ថាប័នហិរញ្ញវត្ថុតែងតម្រូវឲ្យអ្នកផ្ញើប្រាក់បំពេញបែបបទ ឬព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៅតាមលក្ខខណ្ឌរបស់ស្ថាប័ន ដើម្បីជាការបញ្ជាក់ ក៏ដូចជាធានាដល់សុវតិ្ថភាពនៃប្រាក់បញ្ញើ។ ចំណែកឯអ្នកទទួលត្រូវបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនសិនមុនដកប្រាក់ រួមជាមួយនឹងព័ត៌មានមួយចំនួនទៀតដូចជា ចំនួនទឹកប្រាក់ លេខទូរស័ព្ទ ឬលេខគណនី និងលេខសម្ងាត់ជាដើម។ បន្ថែមពីលើនេះ ស្ថាប័នហិរញ្ញវត្ថុនោះនឹងចេញលិខិតបញ្ជាក់ផងដែរ តួយ៉ាងដូចជាវិក្កយបត្រ ដែលមានហត្ថលេខាបញ្ជាក់។
✅ ផ្ដល់ទំនុកចិត្តខ្ពស់ដល់អតិថិជន
រាល់ស្ថាប័នហិរញ្ញវត្ថុនៅប្រទេសកម្ពុជាត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់រដ្ឋ និងក្របខ័ណ្ឌរបស់ធនាគារជាតិ នៃកម្ពុជាជាមុនសិន ទើបមានសិទ្ធិអាចដំណើរការអាជីវកម្មរបស់ខ្លួនបាន រួមទាំងត្រូវមានការត្រួតពិនិត្យប្រព័ន្ធផ្ទៃក្នុងជាអចិន្រ្តៃយ៍ និងប្រចាំគ្រា។ ដូច្នេះ ស្ថាប័នហិរញ្ញវត្ថុទាំងនេះនឹងមាននីតិវិធីដោះស្រាយរាល់បណ្តឹង ឬជម្លោះជូនអតិថិជនដោយត្រឹមត្រូវ និងច្បាស់លាស់ ប្រសិនបើមានករណីបាត់បង់ណាមួយកើតមានឡើងក្នុងកំឡុងពេលធ្វើប្រតិបត្តិការរបស់អតិថិជន។
ជាមួយគ្នានេះ ប្រសិនបើលោកអ្នកកំពុងស្វែងរកការផ្ញើប្រាក់ទៅក្រៅប្រទេសដែលមានទាំងសុវត្ថិភាពខ្ពស់ សេវារហ័ស និងតម្លៃសមរម្យ លោកអ្នកអាចប្រើប្រាស់សេវាផ្ទេរប្រាក់អន្តជាតិរបស់ ធនាគារ អ៊ូរី បាន។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន ធនាគារ អ៊ូរី ក៏កំពុងមានការផ្ដល់ជូនពិសេសសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិដោយឥតគិតកម្រៃសេវារហូត ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ទៀតផង។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការរបស់ធនាគារ អ៊ូរី នៅទីនេះ Woori Bank Cambodia
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន